​រដ្ឋាភិបាល​ចេញអនុក្រឹត្យ​កែ​ប្រែតំបន់​ការពារ​ប្រាសាទ​ព្រះវិហារ​ ​ទៅជា​«តំបន់​ការពារ​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​»

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ទិដ្ឋភាព​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​។​  ​រូបភាព​៖​ ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​

 

​រដ្ឋាភិបាល​ ​បាន​ចេញ​អនុក្រឹត្យ​ក​ែប្រែ​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​ ​ទៅ​ជា​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ចំនួន​ពីរ​ ​ដើម្បី​ការពារ​សោភណភាព​ធម្មជាតិ​ ​រក្សា​លំនឹង​បរិស្ថាន​ ​និង​កាត់​បន្ថយ​ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ​។​

​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​និង​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​ស​ប្ដាហ៍​មុន​បាន​ឱ្យ​ដឹង​ថា​ ​ត្រូវ​បាន​កែប្រែ​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​ ​ទៅជា​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​ ​ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ​ ​និង​ខេត្ត​ឧត្តរមានជ័យ​។​

​ការ​កែប្រែ​តំបន់​ការពារ​ទេសភាព​ខាងលើ​នេះ​ ​គឺ​កែ​ពី​ផ្ទៃដី​ទំហំ​ ​៥​ ​០​០​០​ (​ប្រាំ​ពាន់​)​ហិកតា​ ​ទៅ​ផ្ទៃដី​ទំហំ​៤៧ ៣១៨​
(​បួន​ម៉ឺន​ប្រាំពីរ​ពាន់​បី​រយ​ដប់ប្រាំ​បី​)​ហិកតា​។​

​អនុក្រឹត្យ​បញ្ជាក់​ថា​ ​ផ្ទៃដី​នៃ​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​ខាងលើ​នេះ​ ​បាន​មកពី​ការ​បូក​បញ្ចូល​ផ្ទៃដី​ទំហំ​ ​៥​ ​០​០​០​ហិកតា​ ​ដូច​មាន​ចែង​ក្នុង​ព្រះរាជក្រឹត្យ​កាលពី​ឆ្នាំ​១​៩​៩​៣​ ​និង​ផ្នែក​ខ្លះ​នៃ​របៀង​អភិ​រក្ស​ជី​វ​ចម្រុះ​ឧត្តរ​ ​ដែល​មានផ្ទៃ​ដី​ទំហំ​ ​៤​២​ ​៣​១​៨​ហិកតា​ ​ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​កាលពី​ឆ្នាំ​២​០​១​៧​។​

​លោក​ ​សាយ​ ​សំ​អា​ល់ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​កែប្រែ​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​ ​ទៅ​ជា​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​ ​ដើម្បី​ធានា​ការ​ថែរក្សា​និង​ការពារ​សោភណភាព​ធម្មជាតិ​ ​ប្រព័ន្ធ​អេកូ​ឡូ​ស៊ី​ ​គ្រប់​មជ្ឈដ្ឋាន​ធម្មជាតិ​ ​សត្វព្រៃ​ ​រុក្ខជាតិ​ ​និង​វប្បធម៌​។​

​លោក​បន្ថែម​ថា​ ​ជាពិសេស​រក្សា​លំនឹង​បរិស្ថាន​ ​និង​រួម​ចំណែក​កាត់បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ ​និង​
ហា​និ​ភ័យ​គ្រោះ​មហន្តរាយ​ធម្មជាតិ​ ​ផ្តល់​ផលិតផល​និង​សេវាកម្ម​ធម្មជាតិ​សម្រាប់​ការប្រើប្រាស់​ប្រកបដ​ោយ​និរន្តរភាព​ ​លើក​ក​ម្ពស់​ការចូលរួម​របស់​សហគមន៍​មូលដ្ឋាន​ ​ក៏​ដូចជា​សាធារណជន​ក្នុង​ការ​រួមចំណែក​ដល់​ការ​គ្រប់គ្រង​ ​ការ​ការពារ​ ​និង​ការ​អភិ​រក្ស​ជី​វ​ចម្រុះ​និង​ធនធានធម្មជាតិ​ក្នុង​តំបន់​។​

​រដ្ឋមន្ត្រី​បញ្ជាក់​ថា​៖​ ​«​ធានា​ការ​ថែរក្សា​ការពារ​វប្បធម៌​ ​ប្រពៃណី​ ​ការ​អភិវឌ្ឍ​ ​និង​សារៈសំខាន់​ផ្នែក​វប្បធម៌​របស់​សហគមន៍​មូលដ្ឋាន​ ​ជាពិសេស​បង្កើន​តួនាទី​ប្រព័ន្ធ​
អេកូ​ឡូ​ស៊ីក្នុង​តំបន់​ការពារ​ធម្មជាតិ​ ​សម្រាប់​ជា​ផល​ប្រយោជន៍​ដល់​សង្គមជាតិ​គ្រប់​ជំនាន់​»​។​

​លោក​ ​នេត្រ​ ​ភ​ក្ត្រា ​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ ​ធ្លាប់​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ថា​រាល់​ការ​កែប្រែ​តំបន់​ការពារ​ទេសភាព​នីមួយៗ​ ​គឺ​ឈ​រលើ​មូលដ្ឋាន​នៃ​បច្ចេកទេស​ ​និង​ទីតាំង​ដែល​ក្រសួង​បរិស្ថាន​ ​បញ្ចូល​នូវ​ទំហំផ្ទៃ​ដី​ដែល​នៅ​សេស​សល់​មួយ​ចំនួន​ ​ដើម្បី​ធានា​ការ​គ្រប់គ្រង​តំបន់​
អភិ​រក្ស​ធនធានធម្មជាតិ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ការ​កែប្រែ​តំបន់​ទាំងនេះ​ ​ដើម្បី​ងាយ​ស្រួល​ការ​ការពារ​ ​និង​គ្រប់គ្រង​ ​ព្រមទាំង​កំណត់​ផ្ទៃដី​ឱ្យ​បាន​ច្បាស់លាស់​សម្រាប់​ជា​មូលដ្ឋាន​ជាក់លាក់​ក្នុង​ការ​ចុះ​បញ្ជី​ឱ្យ​បាន​ត្រឹមត្រូវ​ ​ជាពិសេស​បោះបង្គោល​ព្រំ​នីមួយៗ​ ​ដើម្បី​ទប់​ស្កាត់​ការ​ចូល​ទន្ទ្រាន​កាន់កាប់​ដី​ព្រៃ​»​។​

​លោក​ ​ស៊ុន​ ​ពៅ​ ​ប្រធានបណ្តាញ​សហគមន៍​ព្រៃ​ព្រះ​រកា​ខេត្ត​ព្រះវិហារ​ ​បាន​ឱ្យ​ដឹង​ថា​ ​ចំពោះ​ការ​បង្កើត​តំបន់​ការពារ​ទេសភាព​ ​ក៏ដូចជា​ការ​កែប្រែ​តំបន់​ការពារ​ទេសភាព​ផ្សេងៗ​ ​គឺជា​ការ​ចូលរួម​ថែរក្សា​ការពារ​ព្រៃឈើ​ ​និង​ជី​វ​ចម្រុះ​ក្នុង​ព្រៃ​ឱ្យ​នៅ​គង់វង្ស​យូរអង្វែង​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​ចង់​ឱ្យ​មានការ​បើកទូលាយ​សម្រាប់​ភាគី​ពាក់ព័ន្ធ​បាន​ចូលរួម​ការពារ​ ​និង​អភិ​រក្ស​ធនធានធម្មជាតិ​ ​ដើម្បី​សហគមន៍​មូលដ្ឋាន​ ​ក៏ដូចជា​សាធារណជន​មូលដ្ឋាន​បាន​ជួយការ​ពារ​ធនធានធម្មជាតិ​របស់យើង​ទាំងអស់គ្នា​»​។​

​ក្នុង​អនុក្រឹត្យ​បន្ថែម​ថា​ ​ចំពោះ​ក្រសួង​បរិស្ថាន​ ​គឺ​មាន​សមត្ថកិច្ច​រៀបចំ​ ​កែប្រែ​ ​និង​គ្រប់គ្រង​តំបន់​ការពារ​ទេសភាព​ប្រាសាទ​ព្រះវិហារ​-​ភ្នំដងរែក​ ​ដោយ​សហការ​ជាមួយ​ក្រសួង​ ​ស្ថាប័ន​ពាក់ព័ន្ធ​ ​រដ្ឋបាល​ខេត្ត​ព្រះវិហារ​ ​និង​ខេត្ត​ឧត្តរមានជ័យ​ ​ដើម្បី​ធានា​ដល់​ការ​គ្រប់គ្រង​បរិស្ថាន​ ​ការ​អភិ​រក្ស​ជីវៈ​ចម្រុះ​ ​ការ​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​និរន្តរភាព​ ​និង​ការ​រស់​នៅ​ដោយ​ចីរភាព​។​

​អនុក្រឹត្យ​បន្ត​ថា​ ​លិខិត​បទដ្ឋាន​គតិយុត្ត​ដែល​ពាក់ព័ន្ធ​នឹង​ការ​កំណត់​តំបន់​សហគមន៍​ ​តំបន់​ប្រើប្រាស់​ដោយ​ចីរភាព​ ​ការ​វិនិយោគ​ ​ការ​ចេញ​ប័ណ្ណ​ដីធ្លី​ ​ឬ​ការអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ដីធ្លី​ ​ដែល​អនុលោម​តាម​ព្រះរាជក្រឹត្យ​ស្តីពី​ការ​បង្កើត​តំបន់​ការពារ​ធម្មជាតិ​ ​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​របៀង​អភិ​រក្ស​ជីវៈ​ចម្រុះ​ប្រព័ន្ធ​តំបន់​ការពារ​ធម្មជាតិ​ ​ត្រូវ​អនុវត្ត​បន្ត​រហូត​ដល់​មាន​លិខិត​បទដ្ឋាន​គតិយុត្ត​ថ្មី​មក​ជំនួស៕​

Related Posts

Previous Article

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីចាត់តាំង និង​រដ្ឋមន្ត្រី​ការបរទេសេចិន បានសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ

Next Article

លោក ​លី​ ធុ​ជ​ ​ដឹកនាំ​ ក្រុម​គ្រូពេទ្យ​ចុះ ពិនិត្យ​ និងព្យាបាល​ពលរដ្ឋ​ប្រមាណ​ជា ​៥​០​០​នាក់​​នៅ​ក្រុង​បា​វិ​ត​