​គ​.​ជ​.​ប​ ​គ្រោង​ប្រើ​ពេល​៣​ខែ​ ​បន្ត​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ចុង​ឆ្នាំនេះ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ពលរដ្ឋ​កំពុង​ចុះឈ្មោះ​បោះឆ្នោត​កាលពី​ពេល​កន្លងមក​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​នួន​ ​សុខ​សារី​ម

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (​គ​.​ជ​.​ប​) ​គ្រោង​រៀបចំ​ពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ ​ចាប់ពី​ខែ​តុលា​ ​ដល់​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៣​ ​ដើម្បី​បន្ត​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​ ​និង​បញ្ចូល​ទិន្នន័យ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​នៅ​ទូទាំង​ប្រទេស​។​

​ក្នុង​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ្ដ ​នីតិកាល​ទី​៧​ ​ឆ្នាំ​២​០​២​៣​ ​នៅ​ខេត្ត​បាត់​ដំបង​ ​កាលពី​ថ្ងៃអង្គារ​ ​លោក​ ​ទេព​ ​នី​ថា​ ​អគ្គលេខាធិការ​ ​គ​.​ជ​.​ប​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្រោយ​ថ្ងៃ​បោះឆ្នោត​ជ្រើសតាំង​តំណាង​​រា​ស្រ្ដ ​នីតិកាល​ទី​៧​ ​គឺ​ ​គ​.​ជ​.​ប​ ​ត្រូវ​ចាត់ចែង​រៀបចំ​ទិន្នន័យ​អ្នក​ដែល​បាន​មក​បោះឆ្នោត​ ​ដើម្បី​ប្រើប្រាស់​ទៅតាម​ការ​​កំណត់​នៃ​ច្បាប់​ស្ដីពី​ ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​។​

​លោក​ ​ទេព​ ​នី​ថា​ ​បន្ថែម​ថា​ ​ទោះ​ចាប់ពី​ឆ្នាំ​ឆ្នាំ​២​០​២​៤​ ​ដល់​ឆ្នាំ​២​០​២​៦​ ​មិន​មាន​ការបោះឆ្នោត​ជាស​កល​ក៏ដោយ​ ​ប៉ុន្តែ​ ​គ​.​ជ​.​ប​ ​នៅតែ​បន្ត​ធ្វើ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ ​ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត​តាម​ការកំណត់​នៃ​ច្បាប់​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​ចំពោះ​ការពិនិត្យ​បញ្ជី​ឈ្មោះ​ ​និង​ចុះឈ្មោះ​បោះឆ្នោត​ ​នឹង​ដំណើរការ​ចាប់ពី​ខែ​តុលា​ ​រហូតដល់​ខែ​ធ្នូ​ ​ខាងមុខនេះ​។​

​អគ្គលេខាធិការ​ ​បញ្ជាក់​ថា​៖​ ​«​រយៈ​ពេលចន្លោះ​នេះ​ ​ក៏​ជា​ឱកាស​សំខាន់​សម្រាប់​ ​គ​.​ជ​.​ប​ ​ដើម្បី​ធ្វើការ​ពង្រឹង​ស្ថាប័ន​ ​ការងារ​អភិបាល​កិច្ច​ ​និង​បង្កើន​សមត្ថភាព​ដល់​មន្ត្រី​ជំនាញ​គ្រប់​លំដាប់​ថ្នាក់​ ឱ្យ​បាន​សម​ស្របតាម​តម្រូវ​ ​និង​រីក​ចម្រើន​នៃ​ការងារ​ ​ព្រមទាំង​បច្ចេកវិទ្យា​ឌី​ជី​ថល​»​។​

​លោក​ ​ទេព​ ​នី​ថា​ ​និយាយ​ថា​ ​សម្រាប់​ឆ្នាំ ​២​០​២​៤​ ​គ​.​ជ​.​ប​ ​នឹង​រៀបចំ​ការបោះឆ្នោត​អ​សកល​ធំ​ៗ​ចំនួន​២​ទៀត​ ​ក្នុង​នោះ​មាន​ដូចជា​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​នីតិកាល​ទី​៥​ ​និង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុម​ ​ស្រុក​ ​និង​ក្រុមប្រឹក្សា​ខណ្ឌ​ ​អាណត្តិ​​ទី ៤​ ​ឆ្នាំ​២​០​២​៤​។​

លោក​ ​ហង្ស​ ពុទ្ធា ​អ្នកនាំពាក្យ​ ​គ​.​ជ​.​ប​ ​បាន​ឱ្យ​ដឹង​ថា​ ​បន្ទាប់ពី​ប្រកាស​លទ្ធផល​ផ្លូវ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​រា​ស្រ្ត ​និង​បែងចែក​អាសនៈ​របស់​រដ្ឋសភា​ ​គ​.​ជ​.​ប​ ​ចាប់ផ្តើម​ឈាន​ចូល​ដំណាក់កាល​ត្រៀមលក្ខណៈ​សម្រាប់​ឆ្ពោះទៅ​រក​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​នីតិកាល​ទី​ ៥​ ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២​៥​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​។​

​លោក​បន្ថែម​ថា​ ​ជាទូទៅ​ផ្អែក​តាម​ស្ថានភាព​នយោបាយ​ ​និង​បរិយាកាស​សង្គម​ ​ចំពោះ​ការរៀបចំ​តាក់តែង​នីតិវិធី​ ​និង​បទបញ្ជា​ ​ដើម្បី​ឱ្យ​ដំណើរ​ការបោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​គឺ​ត្រូវ​មាន​ការចូលរួម​ពិភាក្សា​ពី​ភាគី​ពាក់ព័ន្ធ​សិន​ ​មុន​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​។​

​លោក​បន្ត​ថា​ ​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធា​សភា​ ​ពិតជា​មាន​សារៈសំខាន់​ដោយសារ​សមាជិកព្រឹទ្ធសភា​ ​គឺ​មាន​តួនាទី​ ​តាមដាន​ ​និង​ត្រួតពិនិត្យ​បន្ថែម​រាល់​ការ​តាក់​តែងច្បាប់​ពី​រដ្ឋសភា​សម្រាប់​ប្រយោជន៍​សង្គមជាតិ​ ​និង​ប្រជាជន​។​

​លោក​ ​ហង្ស​ ពុទ្ធា ​និយាយ​ថា​៖​ ​«​ការបោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា​ ​មាន​អង្គ​បោះឆ្នោត​នឹង​ចូលរួម​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ក្នុង​មុខតំណែង​ ​និង​សមាជិករដ្ឋសភា​ ​សរុប​មាន​ចំនួនជា​ង​១​ម៉ឺន​នាក់​»​។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​លោក​ ​ស​ ​ខេង​ ​លើកឡើង​ក្នុង​សន្និបាត​បូកសរុប​ការងារ​បោះឆ្នោត​ ​កាលពី​ថ្ងៃអង្គារ​ថា​ ​លទ្ធិប្រជាធិបតេយ្យ​ ​និង​ការបោះឆ្នោត​ ​គឺជា​ដំណើរ​ការចូលរួម​ថែរក្សា​ ​ការពារ​ប្រជាជាតិ​ ​និង​ប្រជាជន​ឱ្យ​រស​រាន​ក្នុង​ភាព​ថ្លៃថ្នូរ​ ​សម្បូរសប្បាយ​ ​ស្របតាម​ឆន្ទៈ​របស់​អ្នកបោះឆ្នោត​ ​តែ​មិនមែន​ជា​ដំណើរការ​ធ្វើ​ឱ្យ​សង្គមជាតិ​មាន​ភាព​វឹកវរ​ ​អស្ថិរភាព​ ​ដោយសារតែ​មាន​ទ​ស្សនៈ​នយោបាយ​ខុសគ្នា​នោះ​ឡើយ​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ ​គ​.​ជ​.​ប​ ​កាលពី​ថ្ងៃអង្គារ​ ​បញ្ជាក់​ថា​ ​ការបោះឆ្នោត​កាលពី​ថ្មីៗ​កន្លងទៅ​នេះ​ ​ការ​រាប់​សន្លឹកឆ្នោត​ដោយដៃ​ ​គឺ​មាន​លំដាប់លំដោយ​ ​ហើយ​ការបញ្ជូន​លទ្ធផល​ពី​ការិយាល័យ​បោះឆ្នោត​ ​មក​ ​គ​.​ជ​.​ប​ ​ក៏​តាមលំដាប់​ថ្នាក់​ ​និង​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​ដែល​បញ្ជាក់​អំពី​តម្លា​ភាព​ ​និង​គួរ​ឱ្យ​ទុកចិត្ត​បាន​។​

​សូចនា​ករ​បង្ហាញ​ពី​ភាព​ជោគជ័យ​នៃ​ដំណើរការ​បោះ​​ឆ្នោត​ឆ្នាំ​២​០​២​៣​ ​គឺជា​សមិទ្ធផល​ថ្មី​មួយទៀត​នៃ​លទ្ធិ​​ប្រជាធិបតេយ្យ​ ​និង​ការ​កែ​ទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា​។​

​ចំពោះ​ដំណើរ​ការបោះឆ្នោត​ទទួល​បាន​ជោគជ័យ​បែប​នេះ​ ​គឺជា​រឿង​ចាំបាច់​ ​ដើម្បី​ឱ្យ​ការងារ​បោះឆ្នោត​នៅ​ពេល​អាណត្តិ​ក្រោយៗ​ផ្សេងៗ​ទៀត​ ​គឺ​កាន់តែ​ល្អ​ប្រសើរ​។​

​គួរ​រម្លឹក​ថា​ ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​មាន​គណបក្ស​នយោបាយ​ចំនួន​១​៨​ ​ដែល​ ​គ​.​ជ​.​ប​ ​ទទួលស្គាល់​ឱ្យ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​កាលពី​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​ប៉ុន្តែ​មាន​គណបក្ស​នយោបាយ​តែ​ពីរ​ប៉ុណ្ណោះ​ ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា​។​

​ក្នុង​នោះ​ ​គណបក្សប្រជាជន​កម្ពុជា​ ​ទទួល​បាន​១​២​០​អាសនៈ​ ​ខណៈ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ ​ទទួល​បាន​សំឡេង​៥​ ​អាសនៈ​៕​

Related Posts

Previous Article

​រដ្ឋាភិបាល​តួ​ក​ម៉េ​នី​ស្ថាន​មានបំណង​ចង់​ភ្ជាប់​ជើង​ហោះហើរ​ត្រង់​មកកាន់​កម្ពុជា

Next Article

លោក​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ប្រកាស​ជំហរ​ប្រឆាំង​ការ​ដាំដំណាំ​កញ្ឆា​ ​នៅ​តាម​មូលដ្ឋាន​