ការ​បណ្ដុះបណ្ដាល​ជំនាញ​មុខរបរ​សម្រាប់​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ​មាន​ការកើន​ឡើង​

តន វិបុល / Khmer Times Share:
សិក្ខាកាម​នៅ​ថ្នាក់​កែ​សម្ផស្ស​កំពុង​បញ្ចេញ​សមត្ថភាព។ រូបភាព៖ នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ

 

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អះអាងថា នៅក្នុង​ឆ្នាំ២០២២ ការ​បណ្ដុះ​បណ្ដាល​ជំនាញ​មុខ​របរ​ផ្សេងៗ​ដល់​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ​មាន​ចំនួន ១០ ៤៧៩នាក់។ ចំនួន​នេះ​កើន​ឡើង ២ ២០៩នាក់ បើ​ធៀប​នឹង​ឆ្នាំ២០២១ មាន​ចំនួន ៨ ២៧០នាក់។

របាយការណ៍​របស់​ក្រសួង​អប់រំ បាន​បញ្ជាក់ថា ក្នុង​ចំនួន​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ​ទាំង ១០ ៤៧៩នាក់ គឺម​ាន ១០ ១៦៨នាក់​គ្រប់គ្រង​ដោយ​ក្រសួង​អប់រំ និង​៣២១​នាក់​គ្រប់គ្រង​ដោយ​ដៃគូ​អភិវឌ្ឍ។

របាយការណ៍​បន្តថា អ្នកសិក្សា​ក្រៅ​ប្រព័ន្ធ​ចំនួន ២ ៣៨៣នាក់ បាន​បង្កើត​មុខរបរ​ផ្ទាល់ខ្លួន បន្ទាប់ពី​ពួកគេ​បញ្ចប់​សិក្សា​លើ​ជំនាញ​កុំព្យូទ័រ កាត់ដេរ សំអាង​កាយ ភ្លេង​ប្រពៃណី កែ​សម្ផស្ស ភ្លេងពិណពាទ្យ ចិញ្ចឹម​មាន់​ទា កសិកម្ម​ចម្រុះ និង​ជំនាញផ្សេងៗទៀត។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ថា ការ​សិក្សា​ក្រៅ​ប្រព័ន្ធ​មាន​
ចែង​នៅក្នុង​កម្មវិធីសិក្សា​ជា​ផ្លូវការ​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ហើយ​មាន​គោលដៅ​ជាពិសេស​សម្រាប់​ផ្តល់​ចំណេះ​ដឹង​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់​ប្រភេទ​ក្លាយទ​ៅ​ជា​អ្នកចេះ​អក្សរ លេខ​នព្វន្ត និង​មាន​ជំនាញ​មុខ​របរ​មួយ​ច្បាស់លាស់។

លោកស្រី​បន្តថា គោលនយោបាយ​ជាតិ​ស្តីពី​ការ​សិក្សា​ពេញ​មួយ​ជីវិត​មាន​ចក្ខុវិស័យ​អភិវឌ្ឍ​ប្រជាជន​កម្ពុជា​គ្រប​់រូប ជាពិសេស​សម្រាប់​ក្រុម​ដែល​បាត់បង់​ឱកាស​ឱ្យមាន​វិជ្ជា​សម្បទា បំ​ណិ​ន​សម្បទា កាយសម្បទា និង​គុណសម្បទា ដើម្បី​រួម​ចំណែក​បង្កើត​សេដ្ឋកិច្ច​និង​លើក​កម្ពស់​សុខដុម​នីយកម្ម​ជីវិត​បុគ្គល គ្រួសារ និង​សង្គម​តាមរយៈ​ការផ្ដល់​ឱកាស​សិក្សា​ពេញ​មួយ​ជីវិត។

លោកស្រី​មានប្រសាសន៍ថា៖ «មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ត្រូវ​បាន​ចាត​់ទុក​ជា​សាលារៀន​សម្រាប់​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ។ បច្ចុប្បន​្ននេះ មជ្ឈមណ្ឌល​សិក្សា​សហគមន៍​មាន​ចំនួន៣៤៨កន្លែង​នៅ​ទូទាំងប្រទេស។ តាម​ផែនការ​របស់​ក្រសួង​អប់រំ​សម្រាប់​អនុវត្ត​ក្នុង​ឆ្នាំ​ខាងមុខ គឺ​កៀគរ​ធនធាន​សម្រាប់​ជំរុញ​ដំណើរការ​ការ​ប្រែក្លាយ​មជ្ឈមណ្ឌល​សិក្សា​សហគមន៍​ទៅជា​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត ដើម្បី​ផ្ដល់​ជំនាញ​សម្បូរបែប​ដល់​សហគម​ន៍»។

លោកស្រី​បន្ថែមថា៖ «ក្នុង​ឆ្នាំ២០២៣នេះ ក្រសួង​អប់រំ​បាន​ប្រែក្លាយ​មជ្ឈមណ្ឌល​សិក្សា​ចំនួន​បី​កន្លែង​នៅ​ខេត្ត​បន្ទាយមានជ័យ​និង​ខេត​្តកំពត​ឱ្យ​ទៅ​ជា​មណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត។ មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយជីវិត​ចំនួន​ប្រាំ​មួយទៀត​នៅ​កំពង់ស្ពឺ​និង​ប៉ៃលិន​បាន​សាងសង់​រួចរាល់ និង​កំពុង​សាងសង់​ថ្មី​ចំនួន​ពីរ​កន្លែង​ថែមទៀត​នៅ​ខេត្តបន្ទាយមានជ័យ»។

លោក គួច ម៉េង​លី អ្នកជំនាញ​អប់រំ​ដ៏​ល្បី បាន​យល់​ឃើញ​ថា ការ​បណ្ដុះបណ្ដាល​ជំនាញ​មុខរបរ​ផ្សេងៗ​ដល់​អ្នក​សិក្សា​ក្រៅ​ប្រព័ន្ធ​មានការ​កើន​ឡើង គឺ​បង្ហាញ​ពី​ចំណុច​វិជ្ជមាន​ចំពោះ​ប្រជាជន​ខ្មែរ ជាពិសេស​ផ្ដល់ឱកាស​ដល់​ក្រុម​បាត់បង់​ឱកាស។

លោក​បន្តថា នៅពេល​ប្រជាជនមាន​កំណើន នោះ​តម្រូវការ​របស់​ពួក​គេ​ក៏​កាន​់តែ​ខ្ពស់ ហើយ​ការ​បើក​មជ្ឈមណ្ឌល​សហ​គម​ន៍ ក៏ដូចជា​មជ្ឈមណ្ឌល​សិក្សា​ពេញ​មួយ​ជីវិត​ក៏​កាន់​ត​ែមាន​តម្រូវការ​កាន់​ច្រើន ជាពិសេស​ត្រូវការ​ថវិកា​ច្រើន​ដើម្បី​បង្កើត​មជ្ឈមណ្ឌល​សិក្សា​ក្រៅ​ប្រព័ន្ធ​ទាំងនោះ។

លោក​បន្ថែមថា បញ្ហា​នេះ​ទាមទារ​ការចូលរួម​ពី​ខាង​សហគមន៍​និង​ពី​ខាង​ដៃគូ​វិស័យ​អប់រំ​ឯកជន​ជាមួយនឹង​វិស័យ​អប់រំ​សាធារណៈ ព្រោះ​នាពេល​បច្ចុប្បន្ននេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ពង្រឹង​កិច្ច​សហប្រតិបត្តិ​លើ​ការងារ​នេះ​នៅ​មិន​ទាន់បាន​ទូលំ​នៅ​ឡើយ​ទេ។

លោក​មាន​ប្រសាសន​៍ថា៖ «ប្រសិន​បើ​ក្រសួង​អប់រំ​ពង្រីក​កិច្ច​សហប្រតិបត្តិការ​នេះ​ជាមួយ​វិស័យ​ឯកជន​បន្ថែម​ទៀត ដើម្បី​ជួយ​ព​ន្លឿ​ន​ក្នុងការ​បំពេញ​តម្រូវកា​រ​កាន់​តែ​ច្រើន​ជាង​មុន»។

លោក​ថា៖ «យើង​អាចជួយ​បាន​ច្រើន​នៅពេលដែល​យើង​មាន​សាលា​សិក្សា​ក្រៅ​ប្រព័ន្ធ​កាន់​តែ​ច្រើន ដើម្បី​បំពេញ​នូវ​ចំណុច​ខ្វះ​ខាត​ក្នុង​វិស័យ​សាធារណៈ ដែល​អាច​ឱ្យ​ពលរដ្ឋ​យើង​បន្ថែម​ចំណេះដឹង​ជំនាញ​វិជ្ជា​ជីវៈផ្សេងៗ​សម្រាប់​ពួក​គាត់​អាច​ប្រកប​ការងារ​នៅ​ក្នុង​សហគមន៍»៕​

Related Posts

Previous Article

ម្ចាស់ផ្ទះកម្ពុជា យកឈ្នះម៉ាកាវ ក្នុងការប្រកួតបាល់ទាត់មិត្តភាព

Next Article

ទេសរដ្ឋមន្ត្រី លី ធុជ ចូលរួម​បិទ​វគ្គ​បណ្តុះ​បណ្តាល​បោស​សម្អាត​មីន​ដល់​មន្ត្រី​កម្ពុជា​នៅ​ចិន