គំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវ បាននាំមកនូវការអភិវឌ្ឍន៍យ៉ាងខ្លាំងដល់កម្ពុជា

Khmer Times Share:
រូបថតនេះថតនៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០២៣ បង្ហាញពីច្រកចូលតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) ។ រូបថត Xinhua

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលជាគម្រោងតភ្ជាប់ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់ និងមានវិសាលភាពធំធេងបំផុតដែលមិនធ្លាប់មានពីមុនមក ត្រូវបានបង្កើតឡើងកាលពីមួយទសវត្សរ៍មុន។ គំនិតផ្តួចផ្តើមនេះតភ្ជាប់ប្រទេសប្រហែល ១៥០ នៅអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន តាមរយៈការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងការផ្លាស់ប្តូរវប្បធម៌។ កម្ពុជាស្ថិតក្នុងចំណោមប្រទេសទាំងនោះដែលបានមើលឃើញពីការអភិវឌ្ឍន៍យ៉ាងច្រើនបំផុតតាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួន។

ទីតាំងយុទ្ធសាស្ត្ររបស់កម្ពុជានៅលើដងទន្លេមេគង្គភាគខាងត្បូងនៃប្រទេសឡាវ និងរវាងប្រទេសថៃ និងវៀតណាមនៅលើឈូងសមុទ្រថៃបានធ្វើឱ្យប្រទេសនេះក្លាយជាទីតាំងដ៏សំខាន់សម្រាប់ពាណិជ្ជកម្ម និងការតភ្ជាប់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ហើយការវិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជាបានជំរុញឱ្យមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់លើវិស័យហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។

ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និងអាកាសយានដ្ឋានត្រូវបានសាងសង់ឡើង ឬត្រូវបានកែលម្អ ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាជនបានយ៉ាងមានប្រសិទ្ធភាព។ ហេដ្ឋារចនាសម្ព័ន្ធទាំងនេះត្រូវបានតភ្ជាប់ទៅតំបន់ពាណិជ្ជកម្មសេរី  និងតំបន់សេដ្ឋកិច្ចពិសេស ដែលបានធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវការតភ្ជាប់ក្នុងតំបន់ សម្រួលដល់ពាណិជ្ជកម្ម និងការទាក់ទាញការវិនិយោគពីបរទេស ខណៈដែលជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសការងារសម្រាប់ប្រជាជនរបស់ខ្លួន។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវក៏បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងចិន និងកម្ពុជា។ ជាមួយនឹងការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ សមត្ថភាពភ័ស្តុភារ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ កម្ពុជាបានក្លាយជាគោលដៅទាក់ទាញសម្រាប់វិនិយោគិនអន្តរជាតិ ដែលមានបំណងពង្រីកវត្តមានរបស់ពួកគេនៅក្នុងតំបន់។ ការកើនឡើងនៃទំហំពាណិជ្ជកម្មបានធ្វើឱ្យសេដ្ឋកិច្ចមានភាពចម្រុះកាន់តែច្រើន និងបានជួយកម្ពុជាអភិវឌ្ឍវិស័យថាមពល ទូរគមនាគមន៍ ហិរញ្ញវត្ថុ ភស្តុភារ ទេសចរណ៍ និងកសិកម្ម។

ក្រៅពីនេះ ការវិនិយោគរបស់ចិនក្នុងវិស័យកសិកម្មនៅកម្ពុជាបានជួយធ្វើទំនើបលើកម្មវិស័យនេះ ដោយបានលើកកម្ពស់ផលិតភាព និងបានជះឥទ្ធិពលជាវិជ្ជមានដល់ការនាំចេញកសិផលរបស់កម្ពុជា ដែលបានផ្តល់អត្ថប្រយោជន៍ដល់កសិករក្នុងស្រុក និងជំរុញវិស័យកែច្នៃ និងការវេចខ្ចប់។ ជាក់ស្តែង កម្ពុជា​បាន​ក្លាយជា​ប្រភព​សំខាន់​នៃ​អង្ករ ផ្លែឈើ និង​បន្លែ​សម្រាប់​ទីផ្សារ​អាស៊ី​។

កម្ពុជាសម្បូរទៅដោយធនធានរ៉ែ ហើយគម្រោងហេដ្ឋារចនាសម្ព័ន្ធរបស់គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ បានជួយបង្កើនសកម្មភាពរុករក និងកែច្នៃរ៉ែ។ គម្រោងខ្នាតធំដូចជាការជីកយករ៉ែ ទាមទារឱ្យមានការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងលើផ្នែកបរិស្ថាន។ ដោយផ្តោតលើនិរន្តរភាព និងការអភិវឌ្ឍន៍បៃតងដែលត្រូវបានដាក់ចេញដោយអង្គការសហប្រជាជាតិ គំនិតផ្តួចផ្តើមតែងតែគោរពបទប្បញ្ញត្តិបរិស្ថាន និងយន្តការត្រួតពិនិត្យ ដើម្បីអនុវត្តអោយបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅពេលវិនិយោគលើការរុករករ៉ែ កសិកម្ម និងព្រៃឈើ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ផ្តល់អាទិភាពដល់ប្រភពថាមពលកកើតឡើងវិញ និងជំរុញកិច្ចខិតខំប្រឹងប្រែងអភិរក្សជីវចម្រុះ។

ការវិនិយោគរបស់ចិនក្នុងហេដ្ឋារចនាសម្ព័ន្ធថាមពលបានជួយសម្រាលការខ្វះខាតថាមពលរបស់កម្ពុជា និងជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ការសាងសង់រោងចក្រវារីអគ្គិសនី ឧទ្យានថាមពល ពន្លឺព្រះអាទិត្យ និងបណ្តាញបញ្ជូនថាមពលបានបង្កើនសមត្ថភាពផលិតថាមពលរបស់ប្រទេស ដោយកាត់បន្ថយការពឹងផ្អែកលើប្រភពថាមពលនាំចូលមានតម្លៃថ្លៃ ដែលនេះធ្វើឱ្យការផ្គត់ផ្គង់ថាមពលមានភាពប្រសើរឡើង ជំរុញកំណើនឧស្សាហកម្ម និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសក្នុងវិស័យថាមពល។  គួរបញ្ជាក់ផងដែរថា ការវិនិយោគរបស់ក្រុមហ៊ុនចិនក្នុងវិស័យអគ្គិសនីបានជួយពង្រីកបណ្តាញសាកថ្មថាមពលអគ្គិសនី។ ជាលទ្ធផល យានជំនិះអគ្គិសនីដែលផលិតដោយប្រទេសចិនបានទទួលការពេញនិយមប្រើប្រាស់នៅកម្ពុជា។

សមិទ្ធផលដ៏សំខាន់បំផុតមួយនៃគម្រោងខ្សែក្រវាត់ និងផ្លូវនៅកម្ពុជា គឺការសាងសង់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានទាក់ទាញការវិនិយោគពីបរទេស និងជំរុញវិស័យផលិតកម្មរបស់កម្ពុជា ដែលជួយបង្កើតការងារ និងបង្កើនការនាំចេញ។ ក្រោមភាពជាដៃគូជាមួយវិនិយោគិននៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងភ្នំពេញ  បច្ចុប្បន្នកម្ពុជាកំពុងកែច្នៃកៅស៊ូរបស់ខ្លួនទៅជាសំបកកង់រថយន្ត ហើយបានក្លាយជាអ្នកនាំចេញឈានមុខគេនៃផលិតផលកែឆ្នៃផ្សេងទៀតដូចជាគ្រឿងបន្លាស់រថយន្ត និងកង់។

ការវិនិយោគនៅក្នុងប្រទេសកម្ពុជាក្រោមក្របខណ្ឌខ្សែក្រវ៉ាត់ និងផ្លូវក៏បានជំរុញដល់វិស័យសំណង់ និងអចលនវត្ថុ ដែលនាំទៅដល់ការអភិវឌ្ឍន៍លំនៅដ្ឋាន និងអចលនទ្រព្យបែបពាណិជ្ជកម្មទំនើបនៅទូទាំងប្រទេស។ ទោះបីជាមានសេដ្ឋកិច្ចធ្លាក់ចុះក្នុងអំឡុងពេលរាតត្បាតនៃជំងឺកូវីដ-១៩ក៏ដោយ វិស័យសំណង់នៅតែបង្កើតការងារដ៏ច្រើន ដោយបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ កាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្រោមគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយ និងផ្លូវ  វិស័យសង្គម-វប្បធម៌នៅកម្ពុជាក៏មានការអភិវឌ្ឍន៍យ៉ាងខ្លាំងផងដែរ ជាក់ស្តែងនៅក្នុងសហគមន៍មូលដ្ឋាន។ ការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់មួយគឺ នគរូបនីយកម្ម និងទំនើបកម្មយ៉ាងឆាប់រហ័សនៃតំបន់ជនបទ។ ការសាងសង់ផ្លូវថ្នល់បានតភ្ជាប់តំបន់ដាច់ស្រយាលទៅកាន់ទីក្រុងធំៗ ដែលសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ នេះ​ជា​លទ្ធផល​នៃ​ការ​បង្កើត​មជ្ឈមណ្ឌល​ទីក្រុង​ថ្មី​និង​ការ​ពង្រីក​ទីតាំងដែលមានស្រាប់។

ក្រោយការរីករាលដាលនៃជំងឺរាតត្បាត ភ្ញៀវទេសចរអន្តរជាតិនៅក្នុងប្រទេសកម្ពុជាកំពុងទទួលបានអត្ថប្រយោជន៍ពីការធ្វើឱ្យប្រសើរឡើងនៃការដឹកជញ្ជូន ហេដ្ឋារចនាសម្ព័ន្ធបដិសណ្ឋារកិច្ច និងប្រព័ន្ធទូទាត់អេឡិចត្រូនិក។ ដោយសារភាពប្រសើរឡើងនៃការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ នេះបានផ្តល់ភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក្នុងការទៅទស្សនាបេតិកភណ្ឌវប្បធម៌ និងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏សម្បូរបែប ជាមួយនឹងលំហូរនៃភ្ញៀវទេសចរដែលបង្កើតប្រាក់ចំណូល និងផ្តល់ឱកាសសេដ្ឋកិច្ចសម្រាប់សហគមន៍មូលដ្ឋានដែលកំពុងសាងសង់សណ្ឋាគារ ភោជនីយដ្ឋាន និងហាងតូចៗផ្សេងទៀតជាច្រើន។

ជាងនេះទៅទៀត ការផ្លាស់ប្តូរវប្បធម៌រវាងចិន និងកម្ពុជាក៍បានកើនឡើងផងដែរ។ ជាមួយនឹងភ្ញៀវទេសចរចិន កម្មករ និងអ្នកវិនិយោគដែលនាំយកទំនៀមទម្លាប់ ភាសារបស់ពួកគេមកកម្ពុជា ការធ្វើសមាហរណកម្មរបស់ចិនទៅក្នុងសង្គមកម្ពុជាកាន់តែមានសន្ទុះខ្លាំងឡើង។ ហើយនិស្សិតកម្ពុជាជាច្រើនទទួលបានអាហារូបករណ៍ចូលរៀននៅតាមសាកលវិទ្យាល័យ និងគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងប្រទេសចិន តាមរយៈបណ្តាញវប្បធម៌ និងការអប់រំ ។ ការផ្លាស់ប្តូរវប្បធម៌បែបនេះជួយបង្កើននូវភាពចម្រុះនៃវប្បធម៌។

គម្រោងខ្សែក្រវាត់ និងផ្លូវនៅកម្ពុជា បង្ហាញពីអត្ថប្រយោជន៍នៃការធ្វើផែនការគ្របជ្រុងជ្រោយ អភិបាលកិច្ចល្អ តម្លាភាព ការការពារបរិស្ថាន ការកសាងភាពជាដៃគូ និងយន្តការត្រួតពិនិត្យដ៏រឹងមាំ។ ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញនៃគំនិតផ្តួចផ្តើមនេះ កម្ពុជា និងចិនគួរតែធ្វើអោយកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មានភាពកាន់តែស៊ីជម្រៅដើម្បីរួមគ្នាកសាងសហគមន៍កម្ពុជា-ចិនប្រកបដោយគុណភាព និងកម្រិតខ្ពស់ ដែលមានជោគវាសនារួមគ្នា។

Digby James Wren គឺជាទីប្រឹក្សាជាន់ខ្ពស់ នាយកមជ្ឈមណ្ឌលស្រាវជ្រាវមេគង្គ និងជាស្ថាបនិកកម្មវិធីអប់រំចិត្តវ័យក្មេង នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ រាជបណ្ឌិត្យសភាកម្ពុជា ហើយ​លោក ស៊ឺន សម ជា​អ្នក​វិភាគ​នយោបាយ​មកពី​រាជបណ្ឌិត្យសភា​កម្ពុជា។

Related Posts

Previous Article

អាជ្ញាធរសេវាហិរញ្ញវត្ថុកម្ពុជានិងឥណ្ឌូណេស៊ី បង្កើនកិច្ចសហប្រតិបត្តិការក្នុងការទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ

Next Article

កម្ពុជាបាន​សង្កត់ធ្ងន់ពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាព​របស់​អាស៊ាន