សហរដ្ឋ​អាមេរិក​បន្ត​ផ្តល់​ជំនួយ​១៨​លាន​ដុល្លារ​ដល់​កម្ពុជា

Share:
នៅក្នុងជំនួប។ AKP

សហរដ្ឋអាមេរិកបានសម្រេចចិត្តបន្តផ្តល់ជំនួយចំនួន ១៨ លានដុល្លារដល់កម្ពុជា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលត្រូវបានផ្អាកបន្ទាប់ពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

នេះជាលទ្ធផលមួយក្នុងចំណោមលទ្ធផលនានានៃជំនួបរវាង ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកស្រី វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅខាងក្រៅកិច្ចពិភាក្សាទូទៅនៃសម័យប្រជុំលើកទី៧៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

កិច្ចពិភាក្សាបានផ្តោតទៅលើការស្វែងរកវិធានការនានាដើម្បីបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីទៅកម្រិតបន្ទាប់។

ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហានៃការធ្វើមាតុភូមិនិវត្តន៍ជនជាតិខ្មែរពីសហរដ្ឋអាមេរិក ដោយលោកស្រី Nuland បានស្នើសុំពន្លឿននីតិវិធីឱ្យបានរហ័ស សម្រាប់ការតាំងទីលំនៅថ្មីរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ឆ្លើយតបថា ក្រសួង និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា នឹងសម្រួលនីតិវិធីនេះ ធ្វើឱ្យកាន់តែរលូន និងមានប្រសិទ្ធភាព។

លោក​បាន​ស្នើ​ឲ្យ​សហរដ្ឋ​អាមេរិក​ជួយ​ថែរក្សា​ពលរដ្ឋ​ខ្មែរ​ដែលត្រូវបានធ្វើ​មាតុភូមិនិវត្តន៍ ជាពិសេស​អ្នក​ដែល​មាន​បញ្ហា​សុខភាព។

លោកស្រី Nutand បានមានប្រសាសន៍ថា សហរដ្ឋ អាមេរិកបានយកចិត្តទុកដាក់លើបញ្ហាសុខភាព ហើយនឹងធ្វើបន្ថែមទៀតដើម្បីបំពេញតាមសំណើរបស់នាយករដ្ឋមន្ត្រី។

អនុរដ្ឋមន្ត្រីការបរទេសស្ដីទីអាមេរិក បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ម៉ាណែត ទៅកាន់ទីក្រុងញូវយ៉ក ហើយបានអបអរសាទរចំពោះការតែងតាំងលោកជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិនីតិកាលទី៧នៃរដ្ឋសភា។

លោកស្រីក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកស្វាគមន៍ចំពោះឱកាសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយលោកស្រីចង់ឃើញរូបលោក និងកម្ពុជាទទួលបានជោគជ័យ។ ហេង បញ្ញា – AKP

Related Posts

Previous Article

​ស្ត្រី​កម្ពុជា​ជម្នះ​ឧបសគ្គ​ក្នុង​វិ​ស័​យ​ថ្មី​

Next Article

សិក្ខាសាលាអន្តរជាតិចែករំលែកបទពិសោធន៍ក្នុងការកសាងទីក្រុងឆ្លាតវៃ