ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៖ កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍ

Khmer Times Share:

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំបរទេស ដែលបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំកំពូលអាស៊ានបូក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ក្រៅពីទទួលបានការកោតសរសើរ និងលិខិតអបអរសាទរជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជាបានទទួលនូវបដិសណ្ឋារកិច្ចដ៏កក់ក្តៅបំផុតពីប្រមុខរដ្ឋាភិបាល/រដ្ឋអាស៊ានក្នុងឆាកតំបន់ និងអន្តរជាតិ។

តាមរយៈការសំណេះសំណាលកាលពីម្សិលមិញនិងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន, ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី ជាមួយសមភាគីឡាវនិងវៀតណាម…) និងតាមរយៈសុន្ទរកថា នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ានកាលពីម្សិលមិញ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងនូវសារសំខាន់ៗ ទៅកាន់បរទេស ក្នុងន័យបញ្ជាក់ឡើងវិញដើម្បីពង្រឹងជំហររបស់កម្ពុជានៅលើឆាកអន្តរជាតិ។

ចំពេល​ភាព​មិន​ប្រាកដប្រជា​ក្នុង​តំបន់​កំពុង​កើនឡើង( (ការប្រកួតប្រជែងគ្នារវាងបណ្តាមហាអំណាចនៅអាស៊ី-ប៉ាស៊ីហ្វិក) និងសង្រ្គាមនៅអ៊ុយក្រែន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់សារជាថ្មីឡើងវិញថាកម្ពុជាចង់បានសន្តិភាព។ ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា«សង្រ្គាមមិនអាចបញ្ចប់ដោយសង្រ្គាមបានឡើយ» និងថា «សន្តិភាពអាចកើតឡើងបាន លុះត្រាតែមានការស្រុះស្រួលគ្នាដោយសន្តិវិធី និងកិច្ចសន្ទនា ក្រោមស្មារតី នៃនយោបាយឈ្នះ-ឈ្នះ»។ សារទាំងនេះដែលដកស្រង់ចេញពីបទពិសោធន៍នៃវិនាសកម្មយូរអង្វែងរបស់កម្ពុជា សំដៅជាពិសេស ទៅលើវិបត្តិនៅអ៊ុយក្រែន និងនៅមីយ៉ាន់ម៉ា។

ជាងនេះទៅទៀត ចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សន្តិភាពនិងការអភិវឌ្ឍគឺត្រូវការគ្នាទៅវិញទៅមក។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍសេដ្ឋកិច្ចដូចគ្នា។ ដូចគ្នានេះដែរ បើគ្មានសន្តិភាពយូរលង់ ក៏គ្មានការអភិវឌ្ឍជានិរន្តភាពដែរ។ ទីមួយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាប្រាថ្នាចង់បានពិភពលោកពហុភាគីនិយមមួយ ព្រមទាំងសណ្តាប់ធ្នាប់ពិភពលោកឈរលើមូលដ្ឋានច្បាប់អន្តរជាតិនិងលើគោលការណ៍មិនជ្រៀតជ្រែក។ ទីពីរ ឯកឧត្តមបណ្ឌិតប្រាថ្នាចង់បានការអភិវឌ្ឍរបស់អាស៊ាន (អាស៊ានជាមហាអំណាចសេដ្ឋកិច្ចពិភពលោកទី៥)ដែលត្រូវតែពង្រឹង តាមរយៈការបន្តសមាហារណកម្មតំបន់ និងតាមរយៈការពង្រីកសមាហារណកម្មទៅក្រៅតំបន់ នៅលើវិស័យសេដ្ឋកិច្ច-ពាណិជ្ជកម្ម។ ដោយលោក Jean-François Tain

Related Posts

Previous Article

មេដឹកនាំអាស៊ានបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន

Next Article

នាយករដ្ឋមន្ត្រីវៀតណាម៖ កិច្ចសហប្រតិបត្តិការជាមួយឡាវ និងកម្ពុជាជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់វៀតណាម