វិស័យធនាគារ និងឧស្សាហកម្មហិរញ្ញវត្ថុរបស់កម្ពុជា រក្សាបាននូវស្ថិរភាពល្អនៅក្នុងឆមាសទី១ ជាមួយនឹងប្រាក់កម្ចីឆ្នើមដែលកើនឡើងដល់ ៥៨.៦ ពាន់លានដុល្លារ

Khmer Times Share:
ធនាគារជាតិនៃកម្ពុជាបានអោយដឹងថា ឧស្សាហកម្មហិរញ្ញវត្ថុនៅកម្ពុជាមានស្ថិរភាពល្អ។ KT

របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបានឱ្យដឹងថា ឧស្សាហកម្មធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជាបន្តទទួលបានកំណើនប្រកបដោយស្ថិរភាពល្អទាំងប្រាក់កម្ចី និងប្រាក់បញ្ញើនៅក្នុងឆមាសទី១នៃឆ្នាំ២០២៣។

របាយការណ៍បានបន្តថា ប្រាក់កម្ចីឆ្នើម (outstanding loan) បានកើនឡើង១៣.៨ ភាគរយបើធៀបនឹងឆ្នាំមុនដល់ ៥៨.៦ ពាន់លានដុល្លារត្រឹមខែមិថុនាឆ្នាំនេះ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនបានកើនឡើង ៦.៤ ភាគរយដល់ ៤៤.៤ ពាន់លានដុល្លារ។

កម្ចី​នេះ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​វិស័យ​សំខាន់ៗ​ដូច​ជា ពាណិជ្ជកម្ម លំនៅឋាន សំណង់ និង​អចលនទ្រព្យ កសិកម្ម សណ្ឋាគារ និង​ភោជនីយដ្ឋាន និង​វិស័យ​ផលិតកម្ម ​ជា​ដើម។

ឥណទានមិនដំណើរការនៅធនាគារ​(៤ភាគរយ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​(៣.៣ភាគរយ)ស្ថិតក្រោមអត្រាដែលអាចគ្រប់គ្រងបាន។

របាយការណ៍នេះបានលើកឡើងទៀតថា ទ្រព្យសកម្មបច្ចុប្បន្ននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់បានកើនឡើងដល់ ៨២.២ ពាន់លានដុល្លារត្រឹមខែមិថុនា ឆ្នាំ២០២៣ កើនឡើង ៩.៩ ភាគរយធៀបនឹងខែមិថុនា ឆ្នាំ២០២២។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបាននិយាយថា កំណើនទាំងប្រាក់កម្ចី និងប្រាក់បញ្ញើបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តសាធារណៈចំពោះធនាគារ និងស្ថាប័នហិរញ្ញវត្ថុ។

លោកបាននិយាយនៅក្នុងរបាយការណ៍ប្រចាំឆ្នាំថា “ធនាគារជាតិនៃកម្ពុជានឹងបន្តធ្វើតេស្តលើភាពធន់របស់ស្ថាប័នធនាគារ និងហិរញ្ញវត្ថុជាប្រចាំ ដើម្បីធានាបាននូវភាពធន់នៃប្រព័ន្ធធនាគារប្រឆាំងនឹងហានិភ័យដែលអាចកើតមាន” ។

របាយការណ៍បានបង្ហាញថា កម្ពុជាមានធនាគារពាណិជ្ជចំនួន៥៩ ធនាគារឯកទេសចំនួន៩ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន៨៧ នៅទូទាំងប្រទេសដោយមានគណនីបញ្ញើចំនួន ១៦.៥ លាន និងគណនីឥណទានចំនួន ៣.៨ លាន។

កម្ពុជាក៏មានគណនីកាបូបអេឡិចត្រូនិនចំនួន២០.២ លានដែលបានចុះបញ្ជីផងដែរ ជាមួយនឹងប្រតិបត្តិការចំនួន ៣០.៣ លានដង ដែលមានតម្លៃសរុប ៨៩.៧ ពាន់លានដុល្លារ ក្នុងអំឡុងពេលខែមករាដល់ខែមិថុនាឆ្នាំនេះ។ Xinhua

Related Posts

Previous Article

វៀតណាម​ស្នើសុំ​កម្ពុជា​តាម​ចាប់​ជន​សង្ស័យ​ដែលបាន​សម្លាប់​ពលរដ្ឋខ្លួន​នៅ​កម្ពុជា

Next Article

ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា គិតត្រឹមខែមិថុនា ទុនបម្រុងអន្តរជាតិបានកើនឡើងដល់ ១៨.៤ ពាន់លានដុល្លារ