កម្ពុជា​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃមជ្ឈ​ភាព​អាស៊ាន​ដើម្បីភ្ជាប់ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ

Khmer Times Share:
សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ (AMM)។ AKP

ក្នុងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ អាស៊ានចាំបាច់ត្រូវរក្សាមជ្ឈភាពរបស់ខ្លួន ទាំងពាក្យសំដី និងសកម្មភាព ចំពេលមានការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយក្នុងចំណោមមហាអំណាចនានា ខណៈសង្កត់ធ្ងន់លើគោលការណ៍បើកចំហ តម្លាភាព និងបរិយាប័ន្ន។

​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានលើកឡើងនៅក្នុង​សម័យ​ប្រជុំ​ពេញអង្គ​នៃ​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​លើក​ទី ៥៦ ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ហ្សាកាតា ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​អង្គារ។

ប្រមុខការទូតកម្ពុជាបានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្នុងការធ្វើឱ្យស៊ីជម្រៅបន្ថែមទៀតនូវសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ តាមរយៈពាណិជ្ជកម្មសេរី យុត្តិធម៌ បើកចំហ និងបរិយាប័ន្នក្នុងចំណោមរដ្ឋសមាជិក រួមជាមួយនឹងដៃគូខាងក្រៅ។

លើសពីនេះ លោកបានគូសបញ្ជាក់អំពីតម្រូវការសម្រាប់អាស៊ានក្នុងការស្វែងរកប្រភពនៃកំណើនថ្មីដូចជា ឌីជីថលនីយកម្ម ការផ្លាស់ប្តូរបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចនាពេលអនាគត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានឱ្យដឹងថា ក្នុងសម័យប្រជុំពេញអង្គនៃកិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ានលើកទី៥៦ រដ្ឋមន្ត្រីបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មក្នុងតំបន់ ក្រោមមូលបទ “អាស៊ានសំខាន់៖ ស្នូលនៃកំណើន” និងអាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។

រដ្ឋមន្ត្រីបានស្វាគមន៍ចំពោះវឌ្ឍនភាពដែលសម្រេចបានរបស់អាស៊ានសម្រាប់ឆ្នាំ ២០២៣ រួមទាំងការអភិវឌ្ឍន៍ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ ២០៤៥ ការពង្រឹងសមត្ថភាព និងប្រសិទ្ធភាពស្ថាប័នរបស់អាស៊ាន និងគាំទ្រទីម័រឡេស្តេ ឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។

រដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការលើកកម្ពស់មជ្ឈភាពរបស់អាស៊ាន និងការឯកភាពគ្នាក្នុងការចូលរួមរបស់អាស៊ានជាមួយដៃគូខាងក្រៅ។ រដ្ឋមន្ត្រីបានទន្ទឹងរង់ចាំការចុះហត្ថលេខាលើលិខិតូបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាស្តីពីមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដោយព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ហើយបានស្វាគមន៍កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានអាស៊ានចំពោះការបញ្ចូលប្រទេសម៉ិកស៊ិក ប៉ាណាម៉ា ស៊ែប៊ី និងអេស្ប៉ាញ ចូលជាភាគីនៃ TAC ក្នុងខែកញ្ញា ឆ្នាំ២០២៣ ដែលត្រូវបានពិភាក្សានៅអំឡុងនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ រដ្ឋមន្ត្រីក៏បានសម្រេចផ្តល់ឋានៈនៃភាពជាដៃគូសន្ទនាតាមវិស័យអាស៊ានដល់អាហ្វ្រិកខាងត្បូងផងដែរ។

រដ្ឋមន្ត្រីបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់និងផលប្រយោជន៍រួម ព្រមទាំងបញ្ហាសំខាន់ៗផ្សេងទៀត ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់ និងការឆ្លើយតបរួមគ្នា។ រដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់ជាយុទ្ធសាស្ត្រនៃការការពារសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅទាំងអស់។ យន្តការដែលដឹកនាំដោយអាស៊ាននៅតែជាយន្តការសំខាន់ក្នុងការសម្របសម្រួលកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការប្រកបដោយការស្ថាបនា និងរួមចំណែកដល់ការអភិវឌ្ឍន៍និម្មាបនកម្មតំបន់ដែលកំពុងវិវត្តស្របតាមទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕ AKP

Related Posts

Previous Article

យុទ្ធនាការរបស់អង្គការ UNICEF ប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅកម្ពុជាតាមប្រព័ន្ធឌីជីថល

Next Article

នាយករដ្ឋមន្ត្រី៖ ចាប់យកឱកាសនៃបរិបទប្រជាសាស្រ្តអំណោយផលរបស់កម្ពុជា