ក្រសួងអះអាងថាពីកា​ងារ​អាទិភាព​ស្នូល​ដើម្បីជួយ​កំណែទម្រង់​វិស័យ​អប់រំ​កាន់តែ​ប្រសើរ

តន វិបុល / Khmer Times Share:
លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ថ្លែង​បាឋកថា​ស្តីពី​អាទិភាព​នៃ​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា។ រូបភាព៖ ក្រសួង​អប់រំ

 

ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហង់​ជួន ណា​រ៉ុ​ន បាន​អះអាងថា ការងារ​អាទិភាព​ចំនួន​បួន​ចំណុច​ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋាភិបាល និង​បួន​ចំណុច​ដែល​ដាក់ចេញ​ដោយ​ក្រសួង​អប់រំ​នឹង​ក្លាយជា​ចលករ​ជួយ​ជំរុញ​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​អាណត្តិ​ទី៧នេះ​កាន់​តែ​ប្រសើរ​ឡើង។

លោក​រដ្ឋមន្ត្រី​អប់រំ​បាន​ថ្លែង​ក្នុង​បាឋកថា​ស្ដីពី​ការ​សម្រួច​អាទិភាព​កំណែទម្រង់​វិស័យ​អប់រំ យុវជន និង​កីឡា​សម្រាប់​អាណត្តិ​ទី៧ កាល​ពី​ថ្ងៃ​សៅរ៍​ថា អាទិភាព​កំណែទម្រង់​វិស័យ​អប់រំ​ដែល​ដាក់ចេញ​ដោយ​រដ្ឋាភិបាល​នៅក្នុង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់​កាល​ទី១ គឺ​ចាត់​ទុក​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ជា​អាទិភាព​ដំបូង​គេ​បំផុត និង​ការ​សម្រួច​អាទិភាព​កំណែ​ទម្រង់​វិស័យ​អប់រំ​ឆ្នាំ២០២៣-ឆ្នាំ២០២៥ ។

លោក​បាន​បញ្ជាក​់ឱ្យ​ដឹង​ថា រដ្ឋាភិបាល​បាន​កំណត់​អាទិភាព​ស្នូល​ចំនួន​បួន​ចំណុច ដើម្បី​ធ្វើ​ឱ្យ​កំណែទម្រង់​វិស័យ​អប់រំ​កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ ហើយ​ក្រសួង​អប់រំ​ក៏បាន​ដាក់​ចេញ​អាទិភាព​ចំនួន​បួន​ចំណុច​បន្ថែម ដើម្បី​ឆ្លើយ​តប​នឹង​ការ​អភិវឌ្ឍ​កំណែទម្រង់​វិស័យ​អប់រំ។

លោក​បាន​ពន្យល់ថា អាទិភាព​ស្នូល​ចំនួន​បួន​ចំណុច​ដែល​កំណត់​ដាក​់ចេញ​ដោយ​រដ្ឋាភិបាល រួម​មាន​ការពង្រឹង​អភិបាលកិច្ច​សាលារៀន គឺជា​អាទិភាព​ស្នូល​ទី១ ។ អាទិភាព​ស្នូល​ទី២ គឺ​កិច្ចការ​ពិនិត្យ ការកែសម្រួល និង​ការរៀបចំ​កម្មវិធីសិក្សា​និង​សកម្មភាព​ក្រៅ​ម៉ោង​សិក្សា​ស្រប​តាម​តម្រូវ​ការពង្រឹង​ចំណេះដឹង វិន័យ សីលធម៌ និង​ឥរិយាបថ​របស់​សិស្ស។

លោក​បន្តថា អាទិភាព​ស្នូល​ទី៣ គឺ​ការ​លើក​កម្ពស់​សុខភាព​សិក្សា​ដោយ​យក​ចិត្ត​ទុក​ដ​ាក់​លើ​សុខភាព​របស់​សិស្ស​តាមរយៈ​កម្មវិធី​អាហា​រូបត្ថម្ភ​ដល់​កុមារ​និង​ការ​ត្រួត​ពិនិត្យ​គុណភាព​ចំណីអាហារ​នៅតាម​សាលារៀន។ ចំណែក​អាទិភាព​ស្នូល​ទី៤ គឺ​ការ​ជំរុញ​លើក​ទឹក​ចិត្ត​ការចូលរួម​របស់​អាណាព្យាបាល និង​សហគមន៍​ក្នុង​ការអប់រំ​ស្របតាម​ពាក្យស្លោក​ភាពជា​ដៃគូ រដ្ឋ និង​សហគមន៍ ដើម្បី​ការអប់រំ។

លោក ហង់​ជួន ណា​រ៉ុ​ន បាន​លើកឡើងថា ក្រសួង​អប់រំ​បាន​បន្ថែម​កិច្ចការងារ​បួន​ចំណុច​ទៀត គឺ​ការអប់រំ​ឌីជីថល ការបង្កើត​មជ្ឈមណ្ឌល​ឧត្ដមភាព​នៅ​គ្រឹះស្ថានឧត្ដមសិក្សា ការកសាង​ប្រព័ន្ធ​និង​ការអភិវឌ្ឍ​សមត្ថភាព និង​ការអភិវឌ្ឍ​ការអប់រំ​កាយ​និង​កីឡា។

លោក​បាន​មានប្រសាសន៍ថា៖ «ក្នុងការ​ឆ្លើយ​តប​នឹង​ការអភិវឌ្ឍ​កំណែទម្រង់​វិស័យ​អប់រំ ការបង្កើត​កម្មវិធី​លើកកម្ពស់​គុណ​វ​ឌ្ឍិ​គ្រូបង្រៀន និង​គណៈ​គ្រប់គ្រង​សាលារៀន ជា​កត្តាចាំបាច់​បំផុត ដែល​អនុញ្ញាត​ជូន​គ្រូបង្រៀន​អាចបង្កើត​គំនិតថ្មីៗពាក់ព័ន្ធ​នឹង​ការសិក្សា​របស់​សិស្ស»។

លោក​បន្តថា គណៈកម្មការ​ជាតិ​មួយ​នឹងត្រូវ​បង្កើត​ទ្បើង ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត ដើម្បី​អនុវត្ត​កំណែទម្រង់​វិស័យ​អប់រំ​ក្នុង​គោលដៅ​ធានា​ប្រសិទ្ធភាព។

លោក គួច ម៉េង​លី អ្នកជំនាញ​អប់រំ​ដ៏​ល្បី​បាន​លើក​ឡើងថា ការធ្វើកំណែទម្រង់​ទាំង​ប្រាំបី​ចំណុច​នេះ ដើម្បី​ធានា​ការពង្រឹង​គុណភាព​អប់រំ​នៃ​ធនធាន​មនុស្ស​ទាំង​ក្នុង​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន ដែល​ប្រទេស​កំពុងតែ​តម្រូវការ​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ចជាតិ។

លោក​យល់ឃើញថា ការធ្វើកំណែទម្រង់ គឺជា​ការល្អ​ហើយ ប៉ុន្តែ​ក្នុង​ការងារ​អទិភាព​ស្នូល​ទាំង​ប្រាំបី​ចំណុច​របស់​រដ្ឋាភិបាល​និង​ក្រសួង​អប់រំ ប្រសិនបើ​គ្មាន​ការពង្រឹង​គុណភាព​គ្រូបង្រៀន​និង​មិន​គិតគូរ​ពី​ប្រាក់បៀវត្សរ៍​សមរម្យ​សម្រាប់​គ្រូបង្រៀន​ស្របតាម​អតិផរណា​ទេ នោះ​ការធ្វើកំណែទម្រង់​ប្រាកដជា​ជួប​ការ​បញ្ហា​រាំងស្ទះ​ដោយ​អន្លើ​ជាពុំខាន។

លោក​បាន​បញ្ជាក់ថា ការពង្រឹង​គ្រូបង្រៀន គឺ​គួរ​ពង្រីក​គ្រឹះស្ថាន​គរុកោសល្យ​សម្រាប់​បណ្ដុះ​បណ្ដាល​អាជីព​គ្រូបង្រៀន និង​បង្កើន​សិស្ស​ចូល​សិក្សា​គរុកោសល្យ​ឱ្យបាន​កាន់​តែច្រើន ដើម្បី​ធានាថា​មិនមាន​ការខ្វះខាត​គ្រូបង្រៀន​នៅតាម​គ្រឹះស្ថានសិក្សា​សាធារណៈ​និង​គ្រឹះស្ថានសិក្សា​នៅក្នុង​វិស័យ​ឯកជន​នៅ​ទូទាំងប្រទេស។

លោក​បន្តថា៖ «នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​បញ្ហា​មួយ​ដែល​គេ​មិនអាច​បដិសេធ​បាន គឺ​បញ្ហា​ខ្វះខាត​គ្រូ​ដែលមាន​គរុកោសល្យ»។

លោក​បញ្ជាក់ថា ទន្ទឹមនឹង​ការកែទម្រង់ គឺ​ត្រូវ​គិតគូរ​ពី​ប្រាក់បៀវត្សរ៍​សមរម្យ​សម្រាប់​គ្រូ​បង្រៀន​ដែល​សមស្រប​នឹង​អតិផរណា​របស់​សង្គម​នាពេល​បច្ចុប្បន្ន។ ប្រសិនបើ​មិន​ដំឡើង​ប្រាក់​បៀវត្សរ៍​គ្រូ ហើយ​ហាម​គ្រូ​ទៅ​បង្រៀន​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​ទេ គឺ​ពួកគាត់​មិនអាច​ចិញ្ចឹម​គ្រួសារ​របស់​ពួកគាត់​បាន​ឡើយ។

លោក​បាន​និយាយថា៖ «ការកែទម្រង់​ទាំង​អស់​នេះ គឺ​សុទ្ធតែជា​ចំណុច​ល្អ​ដែល​ខ្ញុំ​សង្ឃឹម​ថា រដ្ឋាភិបាល​និង​ក្រសួង​អប់រំ​ផ្ដោត​សំខាន់​លើ​ការ​ពង្រឹង​គុណភាព​គ្រូ ដែលជា​រឿង​សំខាន់​និង​ចាំបាច់​បំផុត»៕​​​

Related Posts

Previous Article

រដ្ឋាភិបាល​កម្ពុជា អនុញ្ញាតឱ្យ​ក្រសួង​ពាក់ព័ន្ធ​រៀបចំ​ធ្វើលិខិត​ឆ្លងដែន​នៅលើ​ទឹកដី​ប្រទេស​កូរ៉េខាងត្បូង

Next Article

ការជ្រើសរើស​មន្ត្រីរាជកា​រ​ចូល​ក្របខ័ណ្ឌ​រដ្ឋ​ត្រូវ​ធ្វើតាម​យន្តការ​ប្រឡង​ថ្នាក់ជាតិ