​ព្រះមហាក្សត្រ​ ​ប្រកាស​ព្រះរាជក្រម​ដាក់​ឱ្យ​ប្រើប្រាស់​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ជា​ផ្លូវការ​

ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ព្រះមហាក្សត្រ នរោត្តម សីហមុនី។ ខ្មែរថាមស៍៖ ខឹម សុវណ្ណារ៉ា

​ព្រះ​​មហា​ក្ស​ត្រ​​  ព្រះ​​​ករុណា​​ ​​ព្រះ​​​បាទ​​​សម្តេច​​​ព្រះ​​​បរម​​​នាថ​​ នរោ​ត្តម​​ ​សី​​ហ​មុនី​ ​បាន​ប្រកាស​ព្រះរាជក្រម​ដាក់​ឱ្យ​ប្រើ​ប្រាស់​ច្បាប់​ស្ដីពី​ ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​កាល​ពី​ថ្ងៃ​អង្គារ​ ​ដើម្បី​ប្រជាពលរដ្ឋ​អនុវត្ត​ក្នុង​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​ ​នីតិកាល​ទី​៧​ ​នា​ថ្ងៃ​ទី​២​៣​ ​ខែ​កក្កដា​ ​ឆ្នាំ​២០​២​៣​។​

​ការ​ចេញ​ព្រះរាជក្រម​ដាក់​ឱ្យ​ប្រើប្រាស់​ច្បាប់​ខាងលើ​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ ​រដ្ឋសភា​ ​និង​ព្រឹទ្ធសភា​ ​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ ​និង​អនុម័ត​ទាំងស្រុង​ ​កាលពី​ចុងខែ​មិថុនា​ ​និង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ ​យល់ស្រប​ទាំងស្រុង​កាលពី​ថ្ងៃចន្ទ​។​

​កាលពី​ថ្ងៃចន្ទ​ ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ ​លោក​ ​អុឹម​ ​ឈុន​លឹម​ ​បាន​ប្រកាស​ថា​ ​ចំពោះ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ខាង​លើ​នេះ​ ​ធ្វើឡើង​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។​

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ​បាន​ប្រកាស​ព័ត៌មាន​ថា​ ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ធ្វើឡើង​ក្នុង​គោលបំណង​លើក​ស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​ដូច​បាន​ចារឹក​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​ ​ដែល​ជា​ច្បាប់​កំពូល​ ​ព្រមទាំង​ពង្រឹង​ ​និង​លើក​ក​ម្ពស់​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។​

​វិសោធនកម្ម​ច្បាប់​នេះ​ ​ក៏​ដើម្បី​ឱ្យ​អនាគត​អ្នក​ដឹក​នាំ​នយោបាយ​ទាំង​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​ ​មាន​ការ​ទទួលខុសត្រូវ​ ​ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ ​និង​ប្រជាជន​ ​ដោយ​ចាប់​ផ្តើម​ពី​ការ​អនុវត្ត​ឱ្យ​បាន​ខ្ជាប់​ខ្លួន​នូវ​សិទ្ធិ​បោះឆ្នោត​ ​ដែល​ជា​ករណីយកិច្ច​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​ចំពោះ​ប្រទេស​ជាតិ​នៅ​ក្នុង​សង្គមប្រជាធិបតេយ្យ​។​

​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​ ​បន្ថែម​ថា​ ​វិសោធនកម្ម​ច្បាប់​នេះ​ ​ក៏​ជា​ការ​ធានា​ឱ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​ចាត់​ចែង​ ​និង​គ្រប់គ្រង​ដំណើរ​ការបោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា​ ​និង​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជ​ធានី​ ​ខេត្ត​ ​ក្រុម​ ​ស្រុក​ ​ខណ្ឌ​ ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​ ​និង​ពង្រឹង​នីតិ​រដ្ឋ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ ​និង​មាន​និរន្តរភាព​។​

​ប្រធាន​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន​ ​លោក​ យ៉េ​ង​ ​វីរៈ​ ​បាន​ឱ្យ​ដឹង​ថា​ ​គោលបំណង​របស់​ច្បាប់​ស្ដីពី​ ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​ហាក់​មិន​ស៊ី​សង្វាក់​ជាមួយនឹង​ខ្លឹមសារ​នោះទេ​ ​ព្រោះ​វា​មិនបាន​លើកស្ទួយ​គុណ​តម្លៃ​នៃ​គោលការណ៍​ប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​ដូច​បាន​លើកឡើង​ក្នុង​សំណើ​វិសោធនកម្ម​នោះ​ឡើយ​។​

​លោក​​បន្ថែម​ថា​៖​ ​«​ផ្ទុយ​ទៅ​វិញ​ ​វា​ធ្វើ​ឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​ ​សេរី​ ​ពហុ​បក្ស​ ​កាន់​តែ​រួម​តូច​ ​ចង្អៀត​ទៅ​វិញ​ ​ហើយ​បង្ក​ឱ្យ​មាន​ភាព​ភ័យខ្លាច​ ​ភាន់​ច្រឡំ​ ​និង​ប៉ះពាល់​ដល់​ការ​សម្រេច​ចិត្ត​​របស់​ម្ចាស់​​ឆ្នោត​ថែម​ទៀត​»​។​

​ច្បាប់​នេះ​ ​នៅ​មានមន្ទិល​ ​និង​ភាព​មិន​ប្រក្រតី​ជាច្រើន​ទាក់ទង​ទៅ​នឹង​នីតិវិធី​នៃ​ការកំណត់​ ​លក្ខណៈ​វិនិច្ឆ័យ​ហេតុផល​ ​និង​ការ​គ្រប់គ្រង​ទិន្នន័យ​ឈ្មោះ​ ​អ្នក​ដែល​ខក​ខាន​មិន​បាន​ទៅ​បោះឆ្នោត​។​

​លោក​ ​កន​ ​សាវា​ង្ស ​អ្នក​សម្របសម្រួល​ផ្នែក​ឃ្លាំមើល​ការ​បោះឆ្នោត​នៃ​អង្គការ​ខុ​ម​ហ្វ្រែ​ល​ ​ប្រាប់​កាសែត​ខ្មែរ​ថា​មស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​នេះ​ ​ប៉ះពាល់​ដល់​សិទ្ធិ​នៃ​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​ ​បើ​សិន​ពួកគេ​មិនបាន​ទៅ​បោះឆ្នោត​។​

​លោក​ថ្លែង​ថា​ ​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត​ ​នា​​ពេល​នេះ​ ​ត្រូវ​បាន​​ចេញ​​ព្រះរាជ​ក្រម​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​រួចរាល់​ហើយ​ ​ប៉ុន្តែ​អ្នកកាន់អំណាច​ជំនាន់​ក្រោយ​អាច​នឹង​ពិនិត្យ​ឡើង​វិញ​ ​ដើម្បី​ឱ្យ​ស្រប​​ទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ប្រជាពលរដ្ឋ​។​

​ក្រសួង​មហា​ផ្ទៃ​​​ថា​ ​ការ​កែ​ទម្រង់​សិទ្ធិ​ឈរឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​ដូច​មាន​ចែង​ក្នុង​សេចក្តីព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​ធ្វើឡើងស្រប​​តាម​ស្មារតី​នៃ​រដ្ឋធម្មនុញ្ញ​ ​ត្រង់​វាក្យ​ខណ្ឌ​ទី​៥​ ​នៃ​មាត្រា​៣​៤​ថ្មី​ (​មួយ​) ​ដែល​ចែង​ថា​ ​«​បទ​ប្បញ្ញត្តិ​ដក​សិទ្ធិ​បោះឆ្នោត​ ​និង​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះឆ្នោត​ ​ត្រូវ​កំណត់​ក្នុង​ច្បាប់​»​។​

​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​បោះឆ្នោត​ ​គឺ​សំដៅ​ទប់​ស្កាត់​សកម្មភាព​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត​ ​របស់​ប្រជាពលរដ្ឋ​ ​ឬ​ការ​ធ្វើសកម្មភាព​ខូច​ដល់​កិច្ច​ដំណើរការ​នៃ​ការ​បោះឆ្នោត​ ​និង​បំភិត​បំភ័យ​ ​អុជអាល​ ​ញុះញង់​ ​ប្រជាពលរដ្ឋ​កុំឲ្យ​ទៅ​បោះឆ្នោត​។​

​ក្រសួងមហាផ្ទៃ​បន្ត​ថា​ ​វិសោធនកម្ម​ច្បាប់​នេះ​ ​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​បោះឆ្នោត​របស់​ប្រជាពលរដ្ឋ​នោះ​ទេ​ ​ដោយ​ការ​ទៅ​បោះឆ្នោត​ ​ឬ​ការ​មិនទៅ​បោះឆ្នោត​ ​នៅតែ​ជា​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ ​ដែល​ត្រូវ​បាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​ ​និង​ក៏​ពុំមែន​ជា​កាតព្វកិច្ច​ ​ដូច​បាន​កំណត់​នៅ​តាម​បណ្តា​ប្រទេស​ប្រជាធិបតេយ្យ​សេរី​ ​មួយ​ចំនួន​នោះ​ដែរ​។​

​ផ្ទុយទៅវិញ​សេចក្តីព្រាងច្បាប់​នេះ​ ​បាន​ពង្រឹង​ ​និង​លើក​ក​ម្ពស់​ការទទួលខុសត្រូវ​របស់​ប្រជាពលរដ្ឋ​ចំពោះ​ជាតិ​ ​មាតុភូមិ​ ​និង​ប្រជាជន​ ​ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ល្អ​ ​និង​ជា​គំរូ​ល្អ​ ​នៅ​ក្នុង​ ​សង្គមប្រជាធិបតេយ្យ​។​

​​ ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ ​គឺ​ភាគ​ច្រើន​ផ្ដោត​សំខាន់​ទៅ​លើ​សិទ្ធិ​ឈរឈ្មោះជា​បេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ ​សិទ្ធិ​ឈរឈ្មោះជា​បេក្ខជន​បោះឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​ ​សិទ្ធិ​ឈរឈ្មោះជាបេក្ខជន​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា​ ​និង​សិទ្ធិ​ឈរ​ឈ្មោះ​ជាបេក្ខជន​បោះឆ្នោត​ជ្រើសរើស​ក្រុម​ប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​។​

​កាល​ពី​ថ្ងៃ​ទី​១​២​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​លោក​​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ប្រគល់​ភារកិច្ច​ដល់​លោក​ ​ស​ ​ខេង​ ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ​និង​លោក​ ​កើត​ ​រិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​ ​ធ្វើ​ការសិក្សា​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ ​ការ​បោះឆ្នោត​ ​ដើម្បី​ដក​សិទ្ធិ​ឈរ​ឈ្មោះ​ឱ្យ​គេ​បោះ​ឆ្នោត​ ​សម្រាប់​ជន​ណា​ដែល​មិន​ទៅ​បោះឆ្នោត។

វិសោធន​​កម្មច្បាប់​បោះ​​ឆ្នោតចែងថា​ អ្នក​ដែល​មាន​សិទ្ធិ​បោះឆ្នោត និងមាន​បំណង​ឈរ​ឈ្​មោះជា​​បេក្ខជន​តំណាង​​រាស្រ្តក្នុងការបោះ​ឆ្នោតជ្រើសតាំង​តំណាង​រាស្រ្ត ត្រូវបោះ​ឆ្នោត​ចំនួនពីរលើក​ជាប់គ្នា ដែល​រៀបចំ​ដោយគណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។

ច្បាប់នេះចែងថា ដើម្បីមានសិទ្ធិឈរឈ្មោះជា​បេក្ខ​ជន​ក្នុង​ការបោះ​ឆ្នោត​ឃុំសង្កាត់ ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សារាជ​ធានី-ខេត្ត ​ក្រុង ស្រុក​ និង​ការបោះ​ឆ្នោត​ព្រឹទ្ធ​សភា ពួក​គេ​ត្រូវ​តែ​​បោះឆ្នោតនៅ​ក្នុង​​ការបោះ​ឆ្នោតជាតិ​​៕

Related Posts

Previous Article

ចំនួនភ្ញៀវ​ទេសចរ​ខ្មែរ​ទៅកម្សាន្តនៅ​វៀតណាមមានការ​កើន​ឡើង

Next Article

​​ករណី​ជំងឺគ្រុនឈាម​កើន​ឡើង​ដល់​ជាង ​៤​ ​៦​០​០​ករណី​ក្នុងរយៈពេល​៦​ខែ​មកនេះ​