​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ ​នឹង​បន្ត​ដាក់​ឱ្យ​មាន​ ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
កិច្ចប្រជុំ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​កាលពី​ឆ្នាំ​២​០​១​៨​។​ ​   ​ខ្មែរ​ថា​ម​ស៍​៖​ ​ជរ​ ​គន្ធា​

 

​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ ​នីតិកាល​ទី​៧​ ​នឹង​បន្ត​ដាក់​ឱ្យ​មាន​ ​ឧត្តម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​ដើម្បី​ជា​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​សម្រាប់​អភិវឌ្ឍ​សង្គម​ ​និង​ជា​ស្មារតី​បង្រួប​បង្រួម​ជាតិ​ទាំង​បច្ចុប្បន្ន​ ​និង​អនាគត​។​

​ការប្រកាស​ដាក់​ឱ្យ​បន្ត​អាណត្តិ​ឧត្តមក្រុមប្រឹក្សា​នេះ​ ​ធ្វើ​ឡើង​បន្ទាប់ពី​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​ប្រកាស​ពី​បេក្ខភាព​នាយក​រដ្ឋមន្ត្រី​ថ្មី​ ​គឺ​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ដែល​នឹង​តែងតាំង​ជំនួស​លោក​នៅ​ចុងខែ​សីហា​ខាងមុខ​។​

​តាមរយៈ​សារ​សំឡេង​កាល​ពីម្សិលមិញ​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ ​នីតិកាល​ទី​៧​ ​នឹង​កើតមានឡើង​ក្នុងពេលឆាប់ៗ​ខាង​មុខ​ ​ប៉ុន្តែ​រក្សា​ឱ្យ​មាន​ឧត្តមក្រុមប្រឹក្សា​នេះ​ដដែល​ ​ដើម្បី​ជា​ធាតុ​ចូល​សម្រាប់​ផ្ដល់​យោបល់​ក្នុង​ការ​អភិវឌ្ឍ​សង្គមជាតិ​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​៖​ ​«​បន្ទាប់ពី​បាន​ពិភាក្សា​ក្រោយ​ថ្ងៃ​បោះឆ្នោត​ ​យើង​ពិតជា​មាន​តម្រូវ​ការ​ ​ដើម្បី​ប្រមូល​នូវ​ធាតុ​ចូល​ទាំងអស់​ ​នៃ​បណ្តា​បក្ស​នយោបាយ​ ​បើ​ទោះបី​បក្ស​នយោបាយ​មាន​សន្លឹកឆ្នោត​ ​មាន​អាសនៈ​ក្នុង​សភា​ ​ឬ​គណបក្ស​នយោបាយ​គ្មាន​អាសនៈ​នៅ​ក្នុង​សភា​ ​ដើម្បី​ចូលរួម​កសាង​ប្រទេសជាតិ​។​

​យោង​តាម​ព្រះរាជក្រឹត្យ​អាណត្តិ​របស់​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ​ក៏​នឹង​ចប់​នៅពេលដែល​រដ្ឋាភិបាល​ថ្មី​ចូលកាន់​តំណែង​។​

​លោក​បន្ត​ថា​ ​ការរៀបចំ​ឱ្យ​មាន​ ​ឧត្តមក្រុមប្រឹក្សា​ដដែល​ ​សម្រាប់​នីតិកាល​ទី​៧​ ​គឺ​ធ្វើឡើង​ដូច​ទៅ​នឹង​រដ្ឋាភិបាល​នីតិកាល​ទី​៦​ ​ដោយ​ដាក់​ឱ្យ​មាន​ប្រធាន​ប្រតិភូ​ ​អនុប្រធាន​ប្រតិភូ​ ​និង​មាន​លេខាធិការ​ ​ដែល​គណបក្ស​នយោបាយ​មួយ​ ​ត្រូវ​មាន​ឥស្សរជន​ចំនួន​ ​៣​រូប​ ​ចូលរួម​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បញ្ជាក់​ថា​ ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​ ​នឹង​ស្នើសុំ​ព្រះមហាក្សត្រ​ ​ដើម្បី​ចេញ​ព្រះរាជក្រឹត្យ​បង្កើត​ឱ្យ​មាន​ ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​ ​និង​ផ្ដល់​យោបល់​។​

​លោក​ថ្លែង​ថា​ ​ចំពោះ​គណបក្ស​នយោបាយ​ ​ដែល​មិនបាន​ចូល​រួម​បោះឆ្នោត​ ​ប៉ុន្តែ​បាន​ចុះឈ្មោះ​ស្រប​តាមច្បាប់​នៅ​ក្រសួង​មហាផ្ទៃ​ ​អាច​នឹង​មានលទ្ធភាព​ចូលរួម​បាន​ដែរ​ ​ប៉ុន្តែ​រឿង​នេះ​នាយក​រដ្ឋមន្ត្រី​ថ្មី​ ​និង​រដ្ឋាភិបាល​ថ្មី​ ​គឺជា​អ្នក​សម្រេច​។​

​លោក​បន្ថែម​ថា​៖​ ​«​[,,,] ​យើង​ចង់​ប្រមូលផ្តុំ​ធនធានមនុស្ស​ ​ធនធាន​ខួរក្បាល​ ​ដើម្បី​បន្ត​ការ​អភិវឌ្ឍ​ប្រទេស​ ​បន្ថែម​លើស​ពី​នេះ​ ​ក៏​ជា​ស្មារតី​បង្រួបបង្រួម​ជាតិ​មួយ​ ​ឆ្ពោះទ​ៅ​រក​អនាគត​ដ៏​រុងរឿង​»​។​

​អគ្គលេខាធិការ​រង​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​លោក​ ទិប​ ​ទា​វ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​នៅ​ពេល​នេះ​ ​ការ​សម្រេច​ចិត្ត​ចូល​ ​ឬ​មិន​ចូល​ជា​សមាជិក​ ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​គណបក្ស​លោក​មិនទាន់​សម្រេច​ជា​ផ្លូវការ​នៅឡើយ​ ​ព្រោះ​រង់ចាំ​ការ​សម្រេច​ចិត្ត​រួម​របស់​ថ្នាក់​ដឹកនាំ​គណបក្ស​ជាមុន​សិន​។​

​លោក​បន្ថែម​ថា​ ​កាល​រដ្ឋាភិបាល​ ​អាណត្តិ​ទី​៦​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ ​បាន​សម្រេច​ចូលរួម​ជា​សមាជិក​ ​ដើម្បី​រួម​ចំណែក​អភិវឌ្ឍ​សង្គម​ ​និង​ប្រទេសជាតិ​ ​តែ​សម្រាប់​អាណត្តិ​ទី​៧​ ​រង់ចាំ​លទ្ធផល​ប្រជុំ​រួម​របស់​បក្ស​ ​និង​ការរៀបចំ​រដ្ឋាភិបាល​ថ្មី​ផ្លូវការ​ជាមុន​សិន​។​

​លោក​បញ្ជាក់​ថា​ ​កា​រដាក់​ឱ្យ​មាន​ ​ឧត្តមក្រុមប្រឹក្សា​ ​ពិតជា​មាន​សារៈសំខាន់​ ​បើ​រដ្ឋាភិបាល​ឱ្យ​តម្លៃ​ទៅលើ​អ្នក​ផ្ដល់​យោបល់​ ​ប៉ុន្តែ​នឹង​គ្មានន័យ​ ​បើ​រដ្ឋាភិបាល​មិន​យក​ចិត្ត​ទុក​ដាក់​ ​និង​មិន​ស្ដាប់​មតិ​យោបល់​របស់​ ​បក្ស​ដ៏​ទៃ​។​

​លោក​ ​ពេជ្រ​ ​ស្រស់​ ​ប្រធាន​គណបក្ស​យុវជន​កម្ពុជា​ ​លើក​ឡើង​ថា​ ​គណបក្ស​លោក​មិនទាន់​សម្រេច​យ៉ាង​ណា​នោះ​ទេ​ ​ព្រោះ​គ្រាន់តែ​ជា​សារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ​ប៉ុន្តែ​មិនទាន់​ទទួល​បានការ​ជូន​ដំណឹង​ដល់​គណបក្ស​នយោបាយ​នៅឡើយ​។​

​លោក​បន្ថែម​ថា​៖​ ​«​បើ​សិន​ជូនដំណឹង​ដល់​គណបក្ស​នយោបាយ​ជា​ផ្លូវការ​ ​យើង​នឹង​ប្រជុំ​គណ​អ​ចិន្ត្រៃយ៍​ថា​ ​តើ​គួរ​ចូល​ ​ឬ​យ៉ាងណា​? ​គឺ​ផ្អែកលើ​គណ​អ​ចិន្ត្រៃយ៍​គណបក្ស​។​ ​យើង​មិនទាន់​សម្រេច​យ៉ាងណា​ទេ​? ​រង់ចាំ​ភាព​ច្បាស់លាស់​ជាមុន​សិន​ ​ហើយ​ក្បាលម៉ាស៊ីន​ប្រទេស​ ​ក៏​មិនទាន់​បាន​រៀបចំ​ជា​ផ្លូវការ​នៅឡើយ​ដែរ​»​។​

​លោក​បន្ថែម​ថា​ ​ឆ្លងកាត់​បទ​ពិសោធ​កាលពី​អាណត្តិ​ទី​៦​ ​លោក​មើលឃើញ​ថា​ ​កា​រដាក់​ឱ្យ​មាន​ ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់​យោបល់​ ​នៅ​អាណត្តិ​ទី​៧​ ​ពិតជា​មាន​សារៈសំខាន់​ដល់​សង្គមជាតិ​ ​និង​ប្រជាពលរដ្ឋ​ ​ដើម្បី​ប្រជាពលរដ្ឋ​ងាយស្រួល​ស្វែងរក​អ្នក​ជួយសង្គ្រោះ​ដល់​ពួកគេ​បាន​។​

​គួរ​រម្លឹក​ថា​ ​ឧត្តមក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់​ ​បង្កើត​ឡើង​ក្រោយ​ការបោះឆ្នោត​ជាតិ​ ​នីតិកាល​ទី​៦​ ​កាលពី​ឆ្នាំ​២​០​១​៨​។​ ​ក្នុង​នីតិកាល​ទី​៦​ ​មានតែ​គណបក្សប្រជាជន​កម្ពុជា​ប៉ុណ្ណោះ​ ​ដែល​ទទួល​បាន​អាសនៈ​ក្នុង​រដ្ឋសភា៕​

Related Posts

Previous Article

វិធានការចាំបាច់ផ្សេងៗត្រូវបានចាត់ការ​បន្ទាប់​ពី​មានឧបទ្ទវហេតុ​មួយ

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​ស្តារ​ស្រះ​ខាងកើត​ប្រាសាទ​បាយ័ន​ ​ខណៈ​បំណែក​ថ្ម​ក្នុង​ស្រះ ​ត្រូវ​ផ្ទេ​ទៅ​ទីតាំង​ថ្មី​