​អភិបាល​រាជធានី​ ​ជំរុញ​ពង្រឹង​ការ​ការពារ​សន្តិសុខ​ ​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​ថ្មី​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​ព្រះមហាក្សត្រ​យាង​បើក​អង្គប្រជុំ​រដ្ឋសភា​នីតិកាល​ទី​ ​៦​ ​កាលពី​ឆ្នាំ​ ​២​០​១​៨​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​ជរ​ ​សុគន្ធា

​អភិបាល​រាជធានី​ភ្នំពេញ​ ​និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​ជំរុញ​កងកម្លាំង​ ​និង​អាជ្ញាធរ​ខណ្ឌ​ទាំង​១​៤​ ​ដើម្បី​ត្រៀម​ពង្រឹង​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ ​អនាម័យ​បរិស្ថាន​ ​ក្នុង​ព្រឹត្តិការណ៍​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​ ​នីតិកាល​ទី​៧​។​

​ការប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​សម្រាប់​អាណត្តិ​ថ្មី​ ​ដែល​នឹង​ធ្វើឡើង​នៅ​ក្នុង​បរិវេណ​រដ្ឋសភា​ ​និង​ព្រះបរមរាជវាំង​ ​នា​ថ្ងៃ​ទី​២​១​ ​និង​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខ​។​

​ក្នុង​កិច្ចប្រជុំ​គណៈ​បញ្ជាការ​ឯកភាព​រាជធានី​ភ្នំពេញ​ ​ដែល​មាន​ការចូលរួម​ពី​កងកម្លាំង​ចំណុះ​រដ្ឋបាល​រាជធានី​ ​និង​អភិបាល​ខណ្ឌ​ទាំង​១​៤​ ​នៅ​សាលា​រាជធានី​ភ្នំពេញ​ ​កាលពី​ថ្ងៃចន្ទ​ ​លោក​ ឃួ​ង​ ​ស្រេង​ ​បាន​អរគុណ​ដល់​កងកម្លាំង​ ​និង​អាជ្ញាធរ​ទាំង​១​៤​ខណ្ឌ​ ​ដែល​បានការ​ពារ​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ​ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​បាន​យ៉ាងល្អ​ ​និង​ទទួល​បាន​ជោគជ័យ​។​

​លោក​បាន​បន្ត​ជំរុញ​កងកម្លាំង​ ​និង​អាជ្ញាធរ​ទូទាំង​ខណ្ឌ​ ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​ ​ត្រូវ​យកចិត្តទុកដាក់​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ ​ដល់​ភាគី​ពាក់ព័ន្ធ​បន្ថែម​ទៀត​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បញ្ជាក់​ថា​៖​ ​«​នៅ​ថ្ងៃ​ទី​២​១​ ​និង​ថ្ងៃ​ទី​២​២​សីហា​ ​យើង​នឹង​មាន​ព្រឹត្តិការណ៍​ធំ​ៗ​ចំនួន​ពីរ​ ​គឺ​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​សម្រាប់​រាជរដ្ឋាភិបាល​ ​អាណត្តិ​ថ្មី​ ​ខ្ញុំ​សូម​ស្នើ​សមត្ថកិច្ច​រៀបចំផែនការ​ ​ការពារ​សន្តិសុខ​ ​សណ្ដាប់ធ្នាប់​ ឱ្យ​បាន​ល្អ​ប្រសើរ​បំផុត​»​។​

​លោក​បន្ថែម​ថា​ ​ក្នុងនាម​ជា​កងកម្លាំង​ ​និង​អាជ្ញាធរ​ ​ត្រូវ​ជំរុញ​កិច្ចការពារ​សន្តិសុខ​ ​សណ្តាប់ធ្នាប់​ ​ជាមួយនឹង​ការ​រឹត​បន្តឹង​ ​និង​ចុះ​ពិនិត្យ​ជាតិ​អាកុល​នៅ​ក្នុង​មូលដ្ឋាន​ឱ្យ​បានជា​ប់​ជាប្រចាំ​ ​ជាពិសេស​ត្រៀម​បង្ការ​គ្រោះ​អគ្គីភ័យ​ ​នៅ​ក្នុង​ភូមិសាស្ត្រ​ ​និង​ទីតាំង​សំខាន់​ៗ​មួយ​ចំនួន​ផង​ដែរ​។​

​លោក​ ឃួ​ង​ ​ស្រេង​ ​បញ្ជាក់​ថា​ ​ចំពោះ​អាជ្ញាធរ​ខណ្ឌ​ដែល​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​នៃ​ភូមិសាស្ត្រ​រដ្ឋសភា​ ​និង​ព្រះបរមរាជវាំង​ ​ត្រូវ​រៀបចំ​សណ្ដាប់ធ្នាប់​ ​អនាម័យ​បរិស្ថាន​ឱ្យ​បាន​ល្អ​ ​ជាពិសេស​រក្សា​ឱ្យ​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ខ្ពស់​បំផុត​សម្រាប់​ថ្ងៃ​ទី​២​១​ ​និង​ថ្ងៃ​ទី​២​២​សីហា​។​

​អភិបាល​រង​រាជធានី​ភ្នំពេញ​ ​លោក​ ​កើត​ ​ឆែ​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​ចំនួន​កងកម្លាំង​ ​និង​អាជ្ញាធរ​ ​ដែល​ត្រូវ​ចុះ​ការពារ​ក្នុង​ថ្ងៃ​ប្រជុំ​សភា​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​ថ្មី​ ​គឺ​មិន​អាច​បញ្ជាក់​ចំនួនជា​សាធារណៈ​បាន​ឡើយ​ ​ព្រោះ​ជា​កិច្ច​ការសម្ងាត់​របស់​អាជ្ញាធរ​។​

​លោក​បន្ថែម​ថា​ ​សម្រាប់​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំងពីរ​ខាងលើ​នេះ​ ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ​ដែល​ស្ថិតនៅ​ទូទាំង​ខណ្ឌ​ក្នុង​រដ្ឋបាល​រាជធានី​ភ្នំពេញ​ ​គឺ​មាន​សារៈសំខាន់​បំផុត​ ​ដើម្បី​ការពារ​សុខ​សុវត្ថិភាព​ ​ដល់​ភាគី​ពាក់ព័ន្ធ​ ​ជាពិសេស​ធានា​ឱ្យ​ដំណើរ​ការប្រជុំ​ ​និង​ស្បថ​ចូលកាន់​តំណែង​រដ្ឋាភិបាល​ថ្មី​ ​ប្រព្រឹត្តទៅ​ដោយ​រលូន​ ​និង​មាន​របៀបរៀបរយ​ល្អ​។​

​លោក​ ​កើត​ ​ឆែ​ ​បញ្ជាក់​ថា​៖​ ​«​កម្លាំង​សមត្ថកិច្ច​យើង​មាន​សារៈសំខាន់​បំផុត​ក្នុង​ការ​ការពារ​សន្តិសុខ​ ​សុវត្ថិភាព​ជូន​ថ្នាក់​ដឹកនាំ​គ្រប់ជាន់ថ្នាក់​ ​ជាពិសេស​ក្នុង​

ព្រឹត្តិការណ៍​សំខាន់​ៗ​ដែល​កើតឡើង​កាលពី​កន្លងមក​ ​ហើយ​តែង​អនុវត្ត​ទទួល​បាន​ជោគជ័យ​ខ្ពស់​»​។​

​អ្នកនាំពាក្យ​ ​និង​ជា​អគ្គលេខាធិការដ្ឋាន​នៃ​រដ្ឋសភា​ ​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​បាន​ឱ្យ​ដឹង​ថា​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ចាប់ពី​ម៉ោង​៨​:​០​០​ព្រឹក​ ​រដ្ឋសភា​នីតិកាល​ទី​៧​ ​នឹង​បើកសម័យប្រជុំ​ដំបូង​ក្រោម​ព្រះរាជ​អធិបតីភាព​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​។​

​លោក​បន្ថែម​ថា​ ​ក្នុង​កិច្ចប្រជុំ​ខាងលើ​នេះ​ ​នឹង​មាន​វត្តមាន​ឥស្សរជន​ជាន់ខ្ពស់​ ​អង្គទូត​ប្រចាំ​កម្ពុជា​ ​និង​តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ ​ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​ក្នុង​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​ ​នីតិកាល​ទី​៧​ ​នឹង​សម្រេច​អំពី​សុពលភាព​នៃ​អាណត្តិ​របស់​សមាជិក​នីមួយៗ​ ​ព្រមទាំង​មានការ​អនុម័ត​បទបញ្ជាផ្ទៃក្នុង​នៃ​រដ្ឋសភា​ ​នីតិកាល​ទី​៧​ ​ក្នុង​សម័យប្រជុំ​ដំបូង​នេះ​ផង​ដែរ​។​

​លោក​ ​ឡេង​ ​ប៉េង​ឡុង​ ​បញ្ជាក់​ថា​៖​ ​«​ចំពោះ​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ចាប់ពី​ម៉ោង​៨​:​០​០​ព្រឹក​ ​សម័យប្រជុំ​រដ្ឋសភា​លើក​ទី​១​ ​នីតិកាល​ទី​៧​ ​នឹង​បន្ត​ដើម្បី​បោះឆ្នោត​ជ្រើសតាំង​ ​ប្រធាន​ ​អនុប្រធាន​ ​នៃ​រដ្ឋសភា​ ​ហើយ​ប្រធាន​ ​និង​អនុ​ប្រធានគណៈកម្មការ​ជំនាញ​ទាំងអស់​នៃ​រដ្ឋសភា​ ​និង​ផ្តល់​សេចក្តីទុកចិត្ត​ចំពោះ​រាជរដ្ឋាភិបាល​ថ្មី​»​។​

​កាលពីដើម​ខែ​សីហា​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ទ្រង់​ផ្ញើ​ព្រះរាជសារ​កោះហៅ​បេក្ខជន​ជាប់ឆ្នោត​ទាំង​១​២​៥​រូប​ ​ដើម្បី​ចូលរួម​ប្រជុំ​រដ្ឋសភា​ ​លើកដំបូង​សម្រាប់​នីតិកាល​ទី​៧​ ​នៅ​ថ្ងៃ​ទី​២​១​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​ខាងមុខ​៕​

Related Posts

Previous Article

​កម្ពុជា​នាំចេញ​ផលិតផល​សំលៀកបំពាក់​ ​ស្បែកជើង​ ​និង​ ​ផលិតផល​ធ្វើដំណើរ​ក្នុង​ទឹកប្រាក់​ ​៦​,​២​៧​ ​ពាន់​លាន​ដុល្លារ​ក្នុងរយៈពេល​ ​៧​ខែ​ឆ្នាំនេះ​

Next Article

​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ ​សាន​ ​គឹម​ស៊ាន​ ​បារម្ភ​ការ​ចងក្រង​គុនល្បុក្កតោ​មិន​រួចរាល់​ ​ខណៈ​សុខភាព​កាន់តែ​ទ្រុឌទ្រោម​