អូស្ត្រាលី​គាំទ្រ​ដល់​ការ​អភិវឌ្ឍន៍​សួន​ឧស្សាហកម្ម​កសិចំណីអាហារ​នៅ​កម្ពុជា

Khmer Times Share:

ប្រទេសអូស្ត្រាលីបាននឹងកំពុងជួយដល់ការអភិវឌ្ឍន៍សួនឧស្សាហកម្មកសិ-ចំណីអាហារ (Agri-food Industrial Park-AIP) នៅកម្ពុជា ដើម្បីជួយពង្រីកទីផ្សារនាំចេញផលិតផលកសិកម្ម។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអូស្ត្រាលីប្រចាំទីក្រុងភ្នំពេញ សួនឧស្សាហកម្មនេះនឹងបង្កើនផលិតផលតម្លៃបន្ថែម និងនាំចេញកសិផលរបស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មានបានគូសបញ្ជាក់ថា វាត្រូវបានរំពឹងថានឹងចូលរួមចំណែកចំនួន ៥,១ពាន់លានដុល្លារអាមេរិកដល់សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០៤៥ និងបង្កើតការងារថ្មីរហូតដល់ ១០០,០០០កន្លែង ដែលជាងពាក់កណ្តាលនៃចំនួននេះនឹងផ្តល់ការងារដល់ស្ត្រី។

ប្រភពបានបន្ថែមថាសួនឧស្សាហកម្មកសិ-ចំណីអាហារ (AIP) នឹងក្លាយជាមជ្ឈមណ្ឌលសម្រាប់កែច្នៃកសិ-ចំណីអាហារ ការស្រាវជ្រាវ និងការអភិវឌ្ឍន៍ ការកសាងសមត្ថភាព ហើយកំពុងត្រូវបានបង្កើតឡើងដើម្បីផ្តល់នូវកន្លែងធ្វើការ ដែលមានបរិស្ថាន ប្រកបដោយបរិយាប័ន្ន និងសុវត្ថិភាព ជាពិសេសសម្រាប់ស្ត្រី និងបុគ្គលិកដែលខ្វះខាត។

សេចក្តីប្រកាសព័ត៌មានបានបន្តថា នៅក្នុងខែមេសាឆ្នាំនេះ កម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចដែលមានភាពធន់ (Cambodia Australia Partnership for Resilient Economic Development-CAPRED) បានរៀបចំដំណើរទស្សនកិច្ចសម្រាប់សមាជិកគណៈកម្មាធិការដឹកនាំ AIP របស់កម្ពុជាទៅកាន់ទីក្រុង Melbourne និង Perth ដើម្បីមើលសួនឧស្សាហកម្មកសិ-ចំណីអាហាររបស់អូស្រ្តាលី និងស្វែងយល់អំពីប្រព័ន្ធអេកូឡូស៊ី AIP រួមទាំងនវានុវត្តន៍ចំណីអាហារ ដែលនឹងបើកបរិយាកាសធុរកិច្ច និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងប្រទេសអូស្ត្រាលី។

កម្ពុជា​គ្រោង​នឹង​បង្កើត​កម្មវិធី AIP នៅ​ខេត្ត​គោលដៅ​ចំនួន​បី រួម​មាន បាត់ដំបង កំពង់ស្ពឺ និង​កំពង់ធំ។

រវាងឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ ផលិតផលផ្លែស្វាយរបស់កម្ពុជាកើនឡើង ១៦០% ហើយការនាំចេញផ្លែឈើស្ងួតបានកើនឡើងរហូតដល់ ៦,៥០០% ។

ព្រះរាជាណាចក្រកម្ពុជាមានសមត្ថភាពពិសេសសម្រាប់កសិផលដែលមានតម្លៃខ្ពស់ រួមមាន ស្វាយ ចេក ស្វាយចន្ទី ដំឡូងជ្វា ល្ង ម្ទេស និងម្រេចកំពតដែលមានឈ្មោះល្បីល្បាញលើពិភពលោក៕ AKP-C.Nika

Related Posts

Previous Article

វិស័យថាមពលជីវម៉ាសនៅក្នុងទីផ្សារកម្ពុជា

Next Article

រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឧបត្ថម្ភ​ដល់​មាតា និង​កុមារ