កម្ពុជា-ចិនប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ

Khmer Times Share:
Xinhua/Mao Pengfei

កាលពីថ្ងៃអាទិត្យ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីតែងតាំងបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ដោយភាគីទាំងពីរបានសន្យាជំរុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការគាំទ្រយ៉ាងរឹងមាំរបស់ប្រទេសចិនបានជួយនាំមកនូវសន្តិភាព និងស្ថិរភាពនៅកម្ពុជា  ហើយការអភិវឌ្ឍន៍ដ៏ឆាប់រហ័សដែលខ្លួនសម្រេចបាន គឺមិនអាចកាត់ផ្តាច់ចេញពីជំនួយរបស់ចិនបានទេ។

ឯកឧត្តមបណ្ឌិតបានថ្លែងអំណរគុណចំពោះប្រទេសចិន ដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យរវាងកម្ពុជា-ចិន។

ឯកឧត្តមបណ្ឌិតបានលើកឡើងទៀតថា រដ្ឋាភិបាលថ្មីរបស់កម្ពុជានឹងរក្សាបាននូវស្ថិរភាពនៃគោលនយោបាយក្នុងស្រុក និងក្រៅប្រទេសរបស់ខ្លួន ស្របតាមគោលនយោបាយសំខាន់ៗដែលបង្កើតដោយឡើងដោយគណបក្សកាន់អំណាច រួមទាំងបន្តអភិវឌ្ឍទំនាក់ទំនងមិត្តភាពជាមួយប្រទេសចិន និងពង្រឹងមិត្តភាពជាប្រពៃណីរវាងកម្ពុជា និងចិន។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា “យើងត្រៀមខ្លួនពង្រឹងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់ជាមួយប្រទេសចិន ក៏ដូចជាសម្របសម្រួលជាយុទ្ធសាស្រ្ត ការចរចា និងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីៗនៃផែនការសកម្មភាពសម្រាប់ការកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

កម្ពុជាប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយប្រទេសចិនក្នុងវិស័យកសិកម្ម ផលិតកម្ម ពាណិជ្ជកម្ម និងការវិនិយោគ ទេសចរណ៍ និងការផ្លាស់ប្តូរវប្បធម៌ ដើម្បីកសាងសហគមន៍កម្ពុជា-ចិនដែលមានជោគវាសនារួមគ្នាឱ្យកាន់តែប្រសើរឡើង។

ដោយឡែក បញ្ហាពាក់ព័ន្ធនឹងតៃវ៉ាន់ ស៊ីនជាំង ទីបេ និងហុងកុង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានសង្កត់ធ្ងន់ថា បញ្ហាទាំងនេះសុទ្ធតែជាកិច្ចការផ្ទៃក្នុងរបស់ចិន ហើយកម្ពុជានឹងបន្តប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ។

លោក Wang Yi ដែលជាសមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនផងដែរនោះ បានអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានជាប់ឆ្នោតជាមេដឹកនាំថ្មីរបស់កម្ពុជាជាមួយនឹងសំឡេងគាំទ្រយ៉ាងច្រើន។

លោក​បានបន្ថែមថា ចិន និង​កម្ពុជា គឺជា​មិត្ត​ល្អ​ ចេះចែករំលែក​សុខទុក្ខគ្នា និង​ជា​បងប្អូន​ដែកថែប​ដែលរាប់អានគ្នាដោយ​ស្មោះស្ម័គ្រ និងផ្តល់​ទំនុកចិត្តអោយ​គ្នា​ទៅវិញទៅមក​។

លោកបានបន្តថា ចំណងមិត្តភាពជាប្រពៃណីរវាងចិន និងកម្ពុជា ដែលត្រូវបានបណ្តុះយ៉ាងយកចិត្តទុកដាក់ដោយមេដឹកនាំជាច្រើនជំនាន់នៃប្រទេសទាំងពីរ បានឆ្លងកាត់ពេលវេលានៃការសាកល្បងគ្រប់កាលៈទេសៈ ហើយមិត្តភាពនៅតែរឹងមាំនិងមិនអាចបំបែកបាន។

លោកបានលើកឡើងទៀតថា ការពិតបានបង្ហាញថា គោលនយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋាន និងរយៈពេលវែងរបស់កម្ពុជា។

លោកបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជិតស្និទ្ធជាមួយរដ្ឋាភិបាលថ្មីរបស់កម្ពុជា រក្សាការប្តេជ្ញាចិត្ត បន្តជំរុញទំនាក់ទំនងមិត្តភាព និងធ្វើការរួមគ្នាដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា ដើម្បីបើកយុគសម័យថ្មីនៃសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងជោគវាសនារួមគ្នា។

លោកបានគួសបញ្ជាក់ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយកម្ពុជា ដើម្បីរៀបចំការផ្លាស់ប្តូរកម្រិតខ្ពស់នៅក្នុងដំណាក់កាលបន្ទាប់ ធ្វើសមាហរណកម្មគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវឱ្យកាន់តែប្រសើរឡើង ជាមួយនឹងយុទ្ធសាស្ត្របញ្ចកោណដែលបង្កើតឡើងដោយរដ្ឋាភិបាលកម្ពុជា និងជួយកម្ពុជាពន្លឿនឧស្សាហូបនីយកម្ម និងទំនើបកម្មកសិកម្ម។

លោកបាននិយាយទៀតថា ភាគីទាំងពីរគួរតែពង្រឹងការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍ក្នុងអភិបាលកិច្ចរដ្ឋ ជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ និងសន្តិសុខ ធានាជោគជ័យនៃសកម្មភាព “ឆ្នាំមិត្តភាពចិន-កម្ពុជា” ពង្រីកការផ្លាស់ប្តូរវប្បធម៌ យុវជន និងចងសម្ព័ន្ធរវាងទីក្រុងនានានៃប្រទេសទាំងពីរ រួមទាំងការពង្រឹងការគាំទ្រជាសាធារណៈបន្ថែមទៀតសម្រាប់មិត្តភាពចិន-កម្ពុជា។ Xinhua

Related Posts

Previous Article

​គណៈកម្មការ​គ្រប់គ្រង​គម្រោង​ ហូ​កា​ (​H​oK​a​) ​បណ្តុះបណ្តាល​អ្នកជំនាញ​ទេសចរណ៍​សរុប​ ​ចំនួន​ ​៣​,​៣​៤​៧​នាក់​

Next Article

រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ប្រកាន់​ខ្ជាប់នូវ​គោលនយោបាយ​ចិន​តែមួយ