នាយក​រដ្ឋមន្ត្រី​កម្ពុជា​បញ្ជាក់សារជាថ្មី​ពី​ជោគជ័យ​របស់លោក​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ទីក្រុង​ហ្សាកាតា

Khmer Times Share:

លោកបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃសៅរ៍ បានបញ្ជាក់សារជាថ្មីអំពីបេសកកម្មដ៏ជោគជ័យរបស់លោកក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅប្រទេសឥណ្ឌូនេស៊ី។

ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ ១៨,០០០នាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លោកបានមានប្រសាសន៍ថា យ៉ាងហោចណាស់មានសមិទ្ធិផលធំៗចំនួនបីក្នុងវិស័យការទូត ការកសាងទំនុកចិត្ត និងផ្នែកសេដ្ឋកិច្ច។

ចំពោះសមិទ្ធិផលដំបូងនេះ លោកបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជានាយករដ្ឋមន្ត្រី លោកបានចូលរួមក្នុងកិច្ចប្រជុំនិងព្រឹត្តិការណ៍សរុបចំនួន ៣៤ ហើយលោកត្រូវបានស្វាគមន៍យ៉ាងកក់ក្តៅពីមេដឹកនាំទាំងអស់។

ចំណុចទី២ ក្នុងកិច្ចប្រជុំទ្វេភាគី កម្ពុជាអាចកសាងបានទំនុកចិត្ត បញ្ជាក់សារជាថ្មីនូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនានា រួមមាន ចិន ជប៉ុន កូរ៉េខាងត្បូង ប្រជាជាតិអាស៊ាន។ល។

សម្រាប់សមិទ្ធិផលទី៣ កម្ពុជាធ្វើបានល្អលើទំនាក់ទំនងសេដ្ឋកិច្ច និងទីផ្សារជាមួយឥណ្ឌូនេស៊ី និងហ្វីលីពីន លើវិស័យអង្ករ ការហោះហើរត្រង់ ការវិនិយោគ វិស័យទេសចរណ៍ជាដើម។

លោកបានមានប្រសាសន៍ថា “ទាំងនេះគឺជាសមិទ្ធិផលធំៗដែលកម្ពុជាទទួលបានពីដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី។ ខ្ញុំ​សូម​អរគុណ​អ្នកពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ចូល​រួម​ក្នុង​បេសកកម្ម​នេះ»។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបន្ថែមថា បេសកកម្មរបស់លោកទៅកាន់ប្រទេសឥណ្ឌូនេស៊ី ក៏បានរំលឹកឡើងវិញនូវជំហររបស់កម្ពុជាក្នុងស្ថានភាពនៃការឡើងកំដៅផែនដី និងអស្ថិរភាព ដោយបានសង្កត់ធ្ងន់លើការចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជាក្នុងការរក្សាសន្តិភាព និងការអភិវឌ្ឍន៍ក្នុងនាមជាសមាជិកដ៏ល្អនៃសហគមន៍ពិភពលោកតាមរយៈពហុភាគីនិយម។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «មិនថាប្រទេសយើងតូចឬធំទេ ប៉ុន្តែយើងត្រូវតែធានាសំឡេងរបស់យើងជារដ្ឋឯករាជ្យ និងមានអធិបតេយ្យភាព»៕ ហេង បញ្ញា – AKP

Related Posts

Previous Article

ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការឆបោក​តាម​អ៊ីនធឺណិត កំពុងអនុវត្តយ៉ាងខ្លាំងក្លា

Next Article

កម្ពុជា​នឹង​បង្កើត​ចំណង​ការទូត​ជាមួយ​កោះ​ឃុក