អាស៊ានអាចក្លាយទៅជាមហាអំណាចក្នុងពិភពលោកដ៏មានឥទ្ធិពល

Khmer Times Share:
អាស៊ានអាចក្លាយទៅជាមហាអំណាចដ៏មានឥទ្ធិពល។ AFP

លោកបណ្ឌិត Johan Saravanamuttu  ជាអ្នកវិទ្យាសាស្ត្រភូមិសាស្ត្រនយោបាយបាននិយាយថា អាស៊ានអាចក្លាយទៅជាមហាអំណាចក្នុងការជួយដោះស្រាយបញ្ហាប្រឈមដែលកំពុងកើនឡើងនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

លោកបានសង្កត់ធ្ងន់ថា ទោះជាយ៉ាងណាក៏ដោយ អាស៊ានត្រូវតែរក្សាជំហររបស់ខ្លួនក្នុងការមិនចូលបក្សសម្ព័ន្ធ ខណៈដែលកំពុងប្រឈមជាមួយនឹងសណ្តាប់ធ្នាប់ពិភពលោកក្រោយអនុត្តរភាពនៃនយោបាយពិភពលោកក្នុងពេលបច្ចុប្បន្ន។

លោកបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bernama របស់ប្រទេសម៉ាឡេស៊ី បន្ទាប់ពីកិច្ចប្រជុំសន្ទនាឥណ្ឌូប៉ាស៊ីហ្វិកក្រោមប្រធានបទ៖ ការលេចឡើងនៃសណ្តាប់ធ្នាប់ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក – ទស្សនៈអាស៊ាន ម៉ាឡេស៊ី និងសហភាពអឺរ៉ុប ដែលបានប្រារព្ធឡើងនៅទីក្រុងគូឡាឡាំពួកាលពីថ្ងៃអង្គារថា “អាស៊ាន​ត្រូវប្រកាន់ជំហរ​ខ្លាំង​ជាង​មុន​។ បច្ចុប្បន្ន យើងឃើញថានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមានបញ្ហាកំពុងលេចឡើងច្រើន អាស៊ានអាចក្លាយទៅជាវេទិកាមួយដើម្បីនាំយកភាគីពាក់ព័ន្ធទាំងអស់ចូលរួមសន្ទនាដើម្បីកាត់បន្ថយភាពតានតឹង”

កិច្ចប្រជុំខាងលើ​នេះ​ក៏បានរៀបចំឡើង​ត្រូវនឹងថ្ងៃ​ដែលសមាគមអាស៊ាន​បាន​ប្រារព្ធ​ខួប​លើក​ទី ៥៦ របស់​ខ្លួន។

លោកបានកត់សម្គាល់ថា អាស៊ានក្នុងនាមជាមហាអំណាចកណ្តាលកំពុងពង្រាយឥទ្ធិពលរបស់ខ្លួនរួចទៅហើយ ដូចជានៅក្នុងវេទិកាតំបន់អាស៊ាន (ARF) និងបញ្ហាដ៏ស្មុគស្មាញនៅសមុទ្រចិនខាងត្បូង។

លោក​មាន​សុទិដ្ឋិនិយម​ថា អាស៊ាន​អាច​កាន់​តែ​សកម្ម និង​សម្រេចបានលទ្ធផល​ច្រើន​ទៀត​ក្នុង​ទិសដៅ​នេះ។

លោកបានបន្តថា “ជំហររបស់អាស៊ានកំពុងមានអព្យាក្រឹតភាពវិជ្ជមាន។ អាស៊ាន​មិន​មែន​គ្រាន់​តែ​អង្គុយហើយ​មិន​ធ្វើ​អ្វី​នោះ​ទេ។ អាស៊ានតែងតែខិតខំជំរុញដោះស្រាយនូវរាល់បញ្ហាដែលកើតមាន ប៉ុន្តែ​អាស៊ាន​ត្រូវតែ​ចាត់វិធានការ​បន្ថែម​»​។

Johan ដែលជាអ្នកជំនួយការជាន់ខ្ពស់នៅសាលា S. Rajaratnam School of International Studies (RSIS) សាកលវិទ្យាល័យ Nanyang Technological University ប្រទេសសិង្ហបុរីបានយល់ឃើញថា អាស៊ានក៏គួរតែនិយាយបន្ថែមអំពីបញ្ហាភូមិសាស្ត្រនយោបាយ និងសន្តិសុខសំខាន់ៗជាច្រើនដែលប៉ះពាល់មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពិភពលោកផងដែរ។

លោកបណ្ឌិត Rahul Mishra នាយកមជ្ឈមណ្ឌលសម្រាប់ ASEAN Regionalism Universiti Malaya (CARUM) បាននិយាយថា អាស៊ានអាចដាក់ខ្លួនជាតួអង្គលេចធ្លោដើម្បីបន្តរក្សាវត្តមានខ្លួនក្នុងទិដ្ឋភាពរាល់ការគំរាមកំហែងមិនមែនសន្តិសុខដែលកំពុងកើតមាននៅជុំវិញពិភពលោក។

លោកបានបន្ថែមថា “ឧទាហរណ៍ អាស៊ានអាចប្រើប្រាស់មធ្យោបាយការទូតដោយបង្កើតយន្តការដ៏រឹងមាំ និងមានការចូលរួមពីភាគីពាក់ព័ន្ធអន្តរជាតិ ដើម្បីត្រៀមខ្លួនការពារជំងឺរាតត្បាតណាមួយដែលអាចកើតឡើងនាពេលអនាគត” ។

អាស៊ាន​ដែល​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ៨ ខែ សីហា ឆ្នាំ ១៩៦៧ មាន​សមាជិក​ចំនួន ១០ គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។ Bernama

Related Posts

Previous Article

EnergyLab Cambodia នឹង​រៀបចំ​ពិព័រណ៍​យានយន្តអគ្គិសនី​ឆ្នាំ​២០២៣​ក្នុង​សប្តាហ៍​នេះ

Next Article

រដ្ឋមន្ត្រី​ការបរទេស​ចិន​នឹង​អញ្ជើញមក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្នុង​សប្តាហ៍​នេះ