ក្រសួងបរិស្ថាន​មាន​គម្រោង​ប្រែក្លាយ​អតីត​បន្ទាយ​ឆាក​ស្ដេច​កន​ជា​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ

តន វិបុល / Khmer Times Share:
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​ចុះ​ពិនិត្យ​អតីត​បន្ទាយ​ឆាក ស្តេច​កន ដែល​ឋិត​នៅ​ទួល​ព្រះ​ធាតុ​ធំ ក្នុងភូមិ​យៀ​ក​ត្បូង ឃុំ​ដំរិល ស្រុក​អូ​រាំង​ឪ ខេត្ត​ត្បូងឃ្មុំ។​ រូបភាព៖ ក្រសួងបរិស្ថាន

 

ក្រសួងបរិស្ថាន​មាន​គម្រោង​ប្រែក្លាយ​អតីត​បន្ទាយ​ឆាក​ស្ដេច​កន​ជា​រមណីយដ្ឋាន​ធម្មជាតិ​ប្រវត្តិសាស្ត្រ​ក្នុង​ខេត្ត​ត្បូងឃ្មុំ បន្ទាប់​ពី​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ពិនិត្យឃើញ​ពី​សក្ដានុពល​ស្រូប​ទាញ​ទេសចរ ដើម្បី​បង្កើន​សេដ្ឋកិច្ច​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ពីថ្ងៃ​អាទិត្យ​បាន​ដឹកនាំ​ក្រុមក​ារងារ​ចុះ​ត្រួត​ពិនិត្យ​ទីតាំង​អតីត​បន្ទាយ​ឆាក​ស្តេច​កន
ដើម្បី​អភិវឌ្ឍ​ជា​តំបន់​ទេសចរណ៍ធម្មជាតិ​ប្រវត្តិ​សាស្ត្រ ដែល​ស្ថិតនៅ​ទួល​ព្រះ​ធាតុធំ ក្នុង​ភូមិ​យៀ​ក​ត្បូង ឃុំ​ដំរិល ស្រុក​អូ​រាំង​ឪ ខេត្ត​​ត្បូងឃ្មុំ។

លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពី​ម្សិលមិញ​ថា នៅ​តំបន់​នោះ​ស្ទឹង​បន្ទាយ​ឆាក និង​ទួល​អតីត​បន្ទាយ​ឆាក​ស្ដេច​កន ដែលមាន​គន្លង​ផ្លូវ​ត​ភ្ជាប់​ទៅ​កាន់​តំបន់ដទៃៗទៀត។ ជា​រៀងរាល់ឆ្នាំ ប្រជាជន​តែងតែ​ប្រារព្ធ​ពិធីបុណ្យ​អុំទូក​នៅ​ស្ទឹង​បន្ទាយ​ឆាក ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​អុំទូក អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែត​ប្រទីប​ពះ​តាម​ប្រពៃណី​ជាតិខ្មែរ។

លោកបាន​​បន្តថា ក្រសួង​បរិស្ថាន​បាន​ពិនិត្យ​ឃើញ​តំបន់​នេះ​មាន​សក្ដានុពល ដែល​អាច​ពង្រីក​ទៅ​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ​ប្រវត្តិសាស្ត្រ។ ទន្ទឹម​នឹង​នេះ ក្រសួង​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ត​ភ្ជាប់​ទៅ​កាន់​តំបន់​ដទៃៗ​ទៀត​ដែលជា​គន្លង​ផ្លូវ​ស្ដេច​កន​កាល​ពី​អតីតកាល ហើយ​ក៏​ចង់​ត​ភ្ជាប់​តំបន់​នេះ​ជាមួយ​តំបន់​ទេសចរណ៍ធម្មជាតិ​វប្បធម៌​នៅ​វត្ត​ព្រះ​ធាតុ​បា​ស្រី ដែល​ស្ថិតន​ៅ​ក្នុង​ឃុំ​ព្រះ​ធាតុ ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ។

លោក​បាន​បញ្ជាក់ថា៖ «នេះ​គ្រាន់​តែ​ជា​ការ​ពិនិត្យ​និង​សិក្សា​ពី​សក្ដានុពល​នៅ​ឡើយ​ទេ ប៉ុន្តែ​អ្វីដែល​សំខាន់​នោះ គឺ​ក្រសួង​បរិស្ថាន​កំពុង​សិក្សា ដើម្បី​រៀបចំ​តំបន់​ទេសចរណ៍វប្បធម៌​ធម្មជាតិ​ដោយ​ភ្ជាប់​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ឱ្យ​មាន​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា ឬ​ហៅ​ថា របៀង​ទេសចរណ៍​ធម្មជាតិ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​យើង រួម​ជាមួយ​ទេសចរ​អន្តរជាតិ​អាចមក​ទស្សនា​ពី​តំបន់​ទេសចរណ៍ធម្មជាតិ​វប្បធម៌​មួយ​ទៅ​តំបន់​ទេសចរណ​៍ធម្មជាតិ​វប្បធម៌​មួយ​ទៀត​ដោយ​ភាព​សប្បាយ​រីករាយ»។

ការ​ចុះ​ពិនិត្យ​តម្រាយ​ផ្លូវ​លើ​ទួល​ព្រះ​ធាតុ​ធំ​នេះ លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានដាក់​ចេញ​ទិសដៅ​អាទិភាព​ទាក់ទង​នឹង​វិស័យ​បរិស្ថាន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​តាមរយៈ​ការដាំ​ដើមឈើ ដើម្បី​បង្កើន​គម្រប​ព្រៃឈើ​ឱ្យបាន​យ៉ាង​ហោច​ណាស់​៦០ភាគរយ បង្កើន​ហិរញ្ញប្បទាន​ចីរភាព និង​បៃតង ដើម្បី​ធានា​ចីរភាព​បរិស្ថាន និង​ការ​រៀបចំ​ខ្លួន​ឆ្លើយ​តប​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទ​ាំង​លើក​កម្ពស់​សេដ្ឋកិច្ច​បៃតង។

លោក ធុ​យ ចាន់​ធួន អ្នកជំនាញ​បុរាណវិទ្យា បាន​លើកឡើងថា ប្រសិនបើ​ក្រសួង​បរិស្ថាន​ជួយ​អភិវឌ្ឍ​តំបន់​ទាំងនេះ គឺ​ពិត​ជា​ប្រសើរ​ណាស់ ព្រោះ​តំបន់​នោះ​ជា​តំបន់​ពេញ​ដោយ​មនុស្ស​ច្រើន​កុះករ​នៅ​ពេល​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ ក៏ដូចជា​បុណ្យ​បិណ្ឌ​ភ្ជុំ​ជាដើម។

លោក​បញ្ជាក់ថា នៅ​តំបន់​នោះ គឺជា​អតីត​រាជធានី​ឥន្ទ្រ​បុ​រៈ​ប្រហែល​រជ្ជ​ការ​ព្រះបាទ​សូរ្យ​វរ្ម័នទី១ ឬ​ឥន្ទ្រ​វរ្ម័នទី១ ស្ថិត​ក្នុង​បន្ទាយ​ព្រៃ​គនរ​ក្នុង​ដែលមាន​ទំហំ​ប្រមាណ​ជា​ពីរ​គីឡូ​ម៉ែត្រ​បួន​ជ្រុង។

លោក​ថា៖ «ក្រោយ​មក​អតីត​រាជធានី​បុរាណ​នេះ​ត្រូវបាន​ជួសជុល​ឡើងវិញ​នៅ​ក្នុង​រជ្ជ​ការ​ស្ដេច​កន​រវាង​សតវត្សរ៍​ទី១៦ ឬ​ទី១៧។ បន្ទាប់ពី​ជួសជុល​រួចហើយ ស្ដេច​កន​បាន​យក​ទីតាំង​នោះ​ធ្វើជា​បន្ទាយ​របស់ខ្លួន»។

លោក​បាន​បន្ថែមថា៖ «តំបន់​នោះ​មាន​បរិស្ថាន​ល្អ ដែល​សក្ដានុពល​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​កសិឧស្សាហកម្ម​ផង​ដែរ»៕​

Related Posts

Previous Article

ទេសរដ្ឋមន្ត្រី លី ធុជ ចូលរួម​បិទ​វគ្គ​បណ្តុះ​បណ្តាល​បោស​សម្អាត​មីន​ដល់​មន្ត្រី​កម្ពុជា​នៅ​ចិន

Next Article

កត្តា​ជីវភាព​ធ្វើឱ្យ​កម្ម​ការិនី​រោងចក្រ​ពិបាក​ក្នុងការ​បំបៅ​ដោះ​កូន