កម្ពុជាបន្ត​ស្នើ​បញ្ចូល​ក្រមា​ខ្មែរ និង​សារមន្ទីរ​ទួលស្លែង ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
សកម្មភាព​សម្ដេចម៉ែ​យាង​ពិនិត្យ​ក្រមា​វែង​ជាងគេ​លើ​ពិភពលោក​កាលពី​កន្លងទៅ។ រូបភាព៖ ហ៊ុន​ ម៉ានី

កម្ពុជា តាម​រយៈ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ កំពុង​រៀប​ចំ​នីតិវិធី និង​ឯកសារ​ពាក់ព័ន្ធ ដើម្បី​ស្នើ​ដាក់​ប​ញ្ជូ​ល​ក្រមា​ខ្មែរ និង​សារមន្ទីរ​ទួល​ស្លែង ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ បន្ទាប់​ពី​ស្នើ​ប​ញ្ជូ​ល​ប្រាសាទ​កោះ​កេរ ទទួលជោគជ័យ​ជា​ផ្លូវការ​កាល​ពី​ថ្ងៃអាទិត្យ។

ក្នុង​សន្និសីទ​សារព័ត៌​មាន​នៅ​អាកាស​យានដ្ឋាន​អន្តរ​ជាតិ​ភ្នំពេញ កាលពី​ថ្ងៃ​អង្គារ លោក គង់ ពុទ្ធិកា អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឱ្យ​ដឹង​ថា ក្រសួង​នឹង​ស្នើ​ប​ញ្ជូ​ល​ក្រមា​ខ្មែរ និង​សារ​មន្ទីរ​ទួលស្លែង (មន្ទីរ​ស-២១) ជា​បន្តបន្ទាប់​បន្ថែម​ទៀត។

លោក​​ថា បន្ទាប់ពី​ទទួល​បាន​ជោគ​ជ័យ​លើ​ការ​ស្នើ​ប្រាសាទ​កោះ​កេរ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ក៏​គ្រោង​សិក្សា​លើ​ប្រាង្គ​ប្រាសាទ​បុរាណ​របស់​កម្ពុ​ជា​ផ្សេងៗ​ទៀត បញ្ចូល​ក្នុង​បញ្ជី​សម្បត្តិ​បេតិក​ភណ្ឌ​ពិភពលោក​ផងដែរ។

លោក គង់ ពុទ្ធិកា បញ្ជាក់ថា៖ «បច្ចុប្បន្ន​នេះ ក្រសួង​កំពុង​រៀបចំ​ឯកសារ ដើម្បី​ស្នើ​ដាក់​បញ្ចូល​ក្រមា ជា​បេតិកភណ្ឌ​ពិភព​លោក​អរូបី​របស់​អង្គការ​យូណេស្កូ និង​ស្នើសុំ​ដាក់​បញ្ចូល គុក​ទួល​ស្លែង ក្នុង​ប​ញ្ចី​ស្មារតី​ចង​ចាំ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ»។

លោក​បន្តថា ចំពោះ​ការស្នើ​ប​ញ្ជូ​ល គុក​ទួល​ស្លែង ក្នុង​បញ្ជី​ស្មារតី​ចងចាំ​ពិភព​លោក ដើម្បី​បញ្ចៀស​នូវ​សោក​នាដកម្ម​ដ៏​អាក្រក់​កាល​ពី​អតីត​កាល​កើត​ឡើង​ម្តង​ទៀត​នៅ​កម្ពុជា។

លោក​បន្ថែមថា ក្រោយ​ពី​ទទួល​បាន​ជោគ​ជ័យ​ជា​បន្តបន្ទាប់ ក្រសួង​នឹង​បន្ត​ប្រឹងប្រែង​បន្ថែម​ទៀត ដើម្បី​ឱ្យ​សំណើ​ដែល​ដាក់​ទៅ​អង្គការ​យូណេស្កូ គឺ​ទទួល​បាន​ផ្លែផ្កា​ល្អ និង​លទ្ធផល​វិជ្ជមាន សម្រាប់​ប្រជាជន ក៏ដូចជា​សម្បត្តិ​វប្បធម៌​របស់​ជាតិ​ទាំងមូល។

កាលពី​ខែឧសភា ឆ្នាំ​២០២៣ ថៃ​គ្រោង​ស្នើ​ដាក់​បញ្ជូន​ក្រមា​របស់​ខ្លួន ជា​សម្បត្តិ​បេតិក​ភណ្ឌ​ពិភព​លោក​របស់​អង្គការ​យូណេស្កូ ដើម្បី​ផ្សព្វ​ផ្សាយ​វប្បធម៌​ថៃ​ទៅ​កាន់​ពិភព​លោក​ផងដែរ។

លោក គង់ ពុទ្ធិកា បញ្ជាក់​ថា ការស្នើ​ទៅកាន់​អង្គការ​យូណេស្កូ​ខាងមុខនេះ ក្រុម​ការងារ​នឹង​គិតគូរ​ត្រៀម​ប្រកួត​ប្រជែង ដើម្បី​យក​បញ្ហា​ក្រមា​ដែល​កំពុង​កើត​ឡើង​រវាង​កម្ពុជា និង​ថៃ ធ្វើជា​បញ្ហា​អាទិភាព​ដើម្បី​ធ្វើយ៉ាង​ណា​ឱ្យ​ក្រមា​របស់​ខ្មែរ​បាន​ចូល​ជា សម្បត្តិ​បេតិកភណ្ឌ​ពិភព​លោក​វប្បធម៌​អរូបី។

ប្រធាន​អ្នក​នាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ស៊ុំ ម៉ាប់ មិន​​អាច​ទាក់​ទង​​សុំ​ការ​បញ្ជាក់បន្ថែម​​បាន​ទេ​កាលពី​ម្សិលមិញ។

លោក សំបូរ មា​ណ្ណា​រ៉ា អ្នកជំនាញ​ប្រវត្តិសាស្ត្រ ប្រាប់​កាសែត​ខ្មែរ​ថាមស៍ កាលពី​ម្សិល​មិញ​ថា ចំពោះ​គ្រោង​ស្នើ​ប​ញ្ជូ​ល​ក្រមា​ខ្មែរ និង​សារមន្ទីរ​ទួលស្លែង ឬ​មន្ទីរ​ស២១ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ គឺ​លោក​គាំទ្រ​ទាំងស្រុង​ចំពោះ​ការប្រឹងប្រែង​របស់​រដ្ឋា​ភិ​បាល ក៏ដូចជា​ក្រសួង ដើម្បី​បង្ហាញ​ពី​កិត្យានុភាព​របស់​កម្ពុជា។

លោក​បន្ថែម​ថា ហេតុអ្វី​ត្រូវ​ស្នើ​ប​ញ្ជូ​ល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភព​លោក? ព្រោះ​កា​រប​ញ្ជូ​ល​នេះ គឺជា​កំណត់ត្រា​ពិភព​លោក ដើម្បី​ពិភព​លោក​ទទួលស្គាល់ និង​បង្ហាញ​ពី​ការអភិវឌ្ឍ​របស់​ប្រជាជន​ខ្មែរ និង​ភាព​ច្នៃ​ប្រឌិដ្ឋ​របស់​ប្រជាជាតិ។

លោក​បន្ថែមថា នៅ​ពេល​ប​ញ្ជូ​ល​ក្រមា​ខ្មែរ ក្នុង​បញ្ជី​ពិភព​លោក​ជា​ផ្លូវ​ការ ធ្វើ​ឱ្យគេ​ស្គាល់​ក្រមា​ខ្មែរ​កាន់តែ​ច្បាស់ ហើយ​ក្រមា​ខ្មែរ ក្លាយទៅជា​ទំនិញ​ពេញ​និយម​មួយ​សម្រាប់​ពិភព​លោក ជាពិសេស​បង្ហាញ​ពី​កិ​តិ​នាម​របស់​ខ្មែរ ដែល​នាំមក​នូវ​កិត្តិយស​សម្រាប់​ជនជាតិ​ទាំងមូល។

លោក​​បន្តថា ហេតុ​អ្វី​ត្រូវដាក់​សារមន្ទីរ​ទួលស្លែង ឬ​មន្ទីរ​ស២១ ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ចងចាំ? ដើម្បី​បង្ហាញ​ពិភពលោក​ឱ្យ​ប្រុងប្រយ័ត្ន ការពារ និង​កុំ​ឱ្យមាន​កើតឡើង​អំពើ​ប្រល័យពូជសាសន៍ ជាពិសេស​ប្រាប់​មនុស្សជាតិ​ឱ្យ​ចង់ចាំ​ថា ជំនឿ​លើ​មនោគមន៍​ជ្រុល​ហួសហេតុ​ពេក បាន​បង្កើត​ទៅជា​វិបត្តិ​ទំនាស់ រហូត​មានការ​សម្លាប់​មនុស្ស​រា​ប់​លាន​នាក់។

សាស្ត្រាចារ្យ​បញ្ជាក់ថា ចំពោះ​ថៃ ក៏​ស្នើ​ប​ញ្ជូ​ល​ក្រមា​ថៃ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដូច​កម្ពុជា ដូច្នេះ ប្រទេស​ទាំងពីរ​នេះ គឺមាន​ផលិតផល​ដូចគ្នា តែមាន​ដាន​ប្រវត្តិសាស្ត្រ​នៃ​ផលិតផល​នោះ គឺខុសៗគ្នា។

លោក​បន្ថែមថា លក្ខណៈ​របស់​ក្រមា​ខ្មែរ គឺ​សាមញ្ញ​ដែល​ប្រជាជន​ខ្មែរ​ធ្វើ ហើយ​ក្រមា​ខ្មែរ​បានបញ្ជាក់​ក្នុង​ប្រវត្តិសាស្ត្រ ព្រោះ​មនុស្ស​ខ្មែរ បាន​យក​ក្រមា​ទៅ​ស្លៀកពាក់ ទៅ​វ័ណ្ដ ដូចជា​ប្រជាកសិករ​ខ្មែរ​ក្នុង​សតវត្ស​ន៍ទី១៧ រហូតដល់​សតវត្ស​ន៍ទី១៩ គឺមាន​ប្រើ​យ៉ាង​ទូលំទូលាយ ហើយ​បាន​វិវត្តន៍​ក្រមា​ខ្មែរ មកដល់​បច្ចុប្បន្ន​ទៅជា​ក្រមា​ទំនើប​ដូចជា ក្រមា​សូត្រ​ស​សៃ​ឈូក ស​សៃ​អំបោះ ដែល​បន្ត​រក្សា​រចនាបទ​រហូត​សព្វថ្ងៃ។

អ្នកជំនាញ​ប្រវត្តិសាស្ត្រ​បន្ថែមថា៖ «បើ​និយាយ​ពី​តម្លៃ ខ្មែរ​យើង​ចាស់​ជាង​ថៃ បើ​និយាយ​ពី​ដំណើរ​វិវត្តន៍​នៃ​ការអភិវឌ្ឍ និង​ច្នៃ​ប្រឌិដ្ឋ ខ្មែរ​យើង​ចាស់​ជាង ប៉ុន្តែ​ថៃ​មាន​ភាពចំណាស់​របស់គេ​ដែរ តែ​ចំណាស់​ខ្លី​ជាង​យើង […] អាច​និយាយបានថា​លក្ខណៈ និង​អត្ត​សញ្ញា​ក៏​ខុសគ្នា​ដែរ អ៊ីចឹង នៅពេល​ប្រកួតប្រជែង​សម្ដែង​ពី​អត្ថប្រយោជន ឬ​លក្ខណៈសម្បត្តិ គឺជា​រឿង​សមត្ថភាព​របស់​ប្រទេសនីមួយ»។

គួររម្លឹកថា កាលពី​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្ពុជា​ទទួលបាន​ជោគជ័យ​លើ​ការស្នើ​ប​ញ្ជូ​ល​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ ជា​ផ្លូវការ៕​​

Related Posts

Previous Article

អង្គការ FAO បានលើកឡើងថាតម្លៃ​អង្ករ​លក់​ដុំ​នៅ​កម្ពុជា​មាន​ស្ថិរភាព

Next Article

​ក្រសួង​ព័ត៌មាន​ស្វែងរក​ហេ​ក​គ័​រ​លួច​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ដែលជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​រដ្ឋ