​រដ្ឋាភិបាល​បង្កើន​ថវិកា​វិនិយោគ​លើ​វិ​ស​័​យ​អប់រំ​ដល់​ជាង​៨​០​០​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​

​ត​ន​ ​វិបុល​ / Khmer Times Share:
សិស្ស​នៅក្នុងថ្នាក់រៀន​នៃសាលា​មួយ​ក្នុង​ខេត្ត​សៀមរាប។ ខ្មែរថាមស៍៖ Pierre Roussel

 

​រដ្ឋ​ម​ន្រ្តី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​អះអាង​ថា​ ​រដ្ឋាភិបាល​បាន​បង្កើន​ថវិកា​វិនិយោគ​លើ​វិ​ស​័​យ​អប់រំ​ដល់​ប្រមាណ​៨​២​០​លាន​ដុល្លារ​នៅ​ក្នុងឆ្នាំនេះ​ ​ដើម្បី​លើក​ក​ម្ពស់​គុណភាព​អប់រំ​នៅ​ប្រទេស​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង​ថែមទៀត​។​

​ការ​អះអាង​របស់​លោក​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​អំពី​ប្រព័ន្ធ​គ្រប់គ្រង​ហិរញ្ញវត្ថុ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​កាល​ពី​ថ្ងៃសុក្រ​ ​ដោយ​មាន​សមាជិក​ចូល​រួម​ប្រមាណ​១​៦​០​នាក់​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​និយាយ​ថា​ វិ​ស​័​យ​អប់រំ​ក្លាយ​ជា​វិ​ស​័​យ​អាទិភាព​ខ្ពស់​មួយ​ដែល​រដ្ឋាភិបាល​កម្ពុជា​យក​ចិត្ត​ទុក​ដាក់​ដោយ​បង្កើន​ថវិកា​វិនិយោគ​ជា​រៀងរាល់​ឆ​្នាំ​ចាប់​តាំង​ពី​ឆ្នាំ​២​០​១​៣​ ​រហូតមកដល់​ឆ្នាំ​២​០​២​៣​។​

​លោក​បញ្ជាក់​ថា​ ​នៅ​ឆ្នាំ​២​០​១​៣​ ​ក្រសួង​អប់រំ​បាន​ទទួល​ថវិកា​ប្រមាណ​២​៧​៣​លាន​ដុល្លារ​ ​ខណៈ​នៅ​ឆ្នាំ​២០២៣​នេះ​ ​ក្រសួង​អប់រំ​បាន​ទទួល​ថវិកា​ហូត​ដល់​ប្រមាណ​៨២០​លាន​ដុល្លារ​។​

​លោក​ ​រស់​ សុ​វាចា​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​ប្រាប់​ខ្មែរ​ថា​ម​ស៍​ពីម្សិលមិញ​ថា​ ​ការ​បង្កើន​ថវិកា​នេះ​ ​ដោយសារតែ​នៅ​ឆ្នាំ​២​០​២​៣​ ​ជា​ឆ្នាំ​ចុងក្រោយ​នៃ​យុទ្ធ​សា​ស្រ្ដ​កំណែ​ទម្រង់​វិ​ស​័​យ​អប់រំ​ដំណាក់​កាល​ទី​២​ ​សម្រាប់​រយៈពេល​៥​ឆ្នាំ​ (​២​០​១​៨​-​២​០​២​៣​)​។​

​លោក​និយាយ​ថា​៖​ ​«​ឆ្នាំ​ចុងក្រោយ​នេះ​ ​ជា​យុទ្ធសាស្ត្រ​កំណែ​ទម្រង់​ [​អប់រំ​] ​ដើម្បី​បន្ដ​ឈាន​ទៅ​សម្រេច​គោលដៅ​ចក្ខុវិស័យ​កម្ពុជា​ឆ្នាំ​២​០​៣​០​ ​និង​ឆ្នាំ​២​០​៥​០​»​។​

​លោក​បន្ត​ថា​ ​ដើម្បី​គោលដៅ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​ ​ចាប់​ពី​ឆ្នាំ​២​០​២​៣​នេះ​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​ទិសដៅ​សម្រាប់​ពេល​ខាងមុខ​តាមរយៈ​ទិសដៅ​អាទិភាព​កំណែ​ទម្រង់​៨​ចំណុច​ ​ដើម្បី​ឆ្លើយតបនឹង​បរិវត្ត​កម្ម​ការអប់រំ​។​

​លោក​បន្ថែម​ថា​ ​ចំណុច​ទី​១​ ​គឺ​កា​របើក​ដំណើរការ​សាលា​រៀន​ប្រកប​ដោយ​សុវត្ថិភាព​ ​ការ​ស្តារ​ឡើង​វិញ​ ​និង​ការ​បន្ត​ការសិក្សា​រៀនសូត្រ​របស់​សិស្សានុសិស្ស​។​ ​ចំណុច​ទី​២​ ​គឺ​កំណែ​ទម្រង់​សាលារៀន​។​ ​ចំណុច​ទី​៣​ ​គឺ​ការ​អភិវឌ្ឍ​សមត្ថភាព​គ្រូបង្រៀន​ប្រកប​ដោយ​គុណភាព​ក​ម្រិ​ត​ខ្ពស់​។​ ​ចំណុច​ទី​៤​ ​គឺ​ការអប់រំ​ឌី​ជី​ថល​។​

​ចំណែក​ចំណុច​ទី​៥​ ​គឺ​ការអប់រំ​វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​វិស្វកម្ម​ ​និង​គ​ណិ​ត​វិទ្យា​។​ ​ចំណុច​ទី​៦​ ​គឺ​ការ​អភិវឌ្ឍ​បំណិន​សតវត្ស​ទី​២​១​ ​សម្រាប់​យុវជន​។​ ​ចំណុច​ទី​៧​ ​គឺ​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​នៅ​ឧត្តម​សិក្សា​។​ ​ចំណុច​ទី​៨​ ​គឺ​ការ​ពង្រឹង​ប្រព័ន្ធ​អប់រំ​និង​កសាង​សមត្ថភាព​ស្ថាប័ន​។​

​អ្នកស្រី​ ​អ៊ុក​ ​ឆា​យ៉ា​វី​ ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ ​យល់ឃើញ​ថា​ ​ការ​បង្កើន​ថវិកា​សម្រាប់​វិ​ស​័​យ​អប់រំ​ ​គឺ​គ្រាន់តែ​ជា​ការ​បំពេញ​បន្ថែម​នៃ​គោល​នយោបាយ​របស់​​​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ប៉ុន្តែ​ទោះបីជា​រដ្ឋាភិបាល​បង្កើន​ថវិកា​កាន់តែ​ច្រើន​យ៉ាងណាក្ដី​ ​ក៏​ក្រសួង​អប់រំ​នៅ​តែ​មាន​ការ​ខ្វះខាត​។​

​អ្នកស្រី​កត់​ស​ម្គល់​ឃើញ​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​គោលការណ៍​តម្រូវ​ឱ្យ​សិស្ស​ចាប់ពី​ក​ម្រិ​ត​មធ្យមសិក្សា​បឋម​ភូមិ​ដល់ក​ម្រិ​ត​មធ្យមសិក្សា​ទុតិយ​ភូមិ​ ​មានការ​បង់​ថវិកា​មួយ​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។​

​អ្នកស្រី​បញ្ជាក់​ថា​ ​ពីមុន​ក្រសួង​អប់រំ​មិន​មាន​គោលការណ៍​យក​ថវិកា​ពី​សិស្ស​ទេ​ ​ប៉ុន្តែ​នៅ​ពេល​រដ្ឋាភិបាល​បង្កើន​ថវិកា​សម្រាប់​អភិវឌ្ឍ​វិ​ស​័​យ​អប់រំ​ ​ក្រសួង​អប់រំ​បែរជា​មាន​គោលការណ៍​តម្រូវ​ឱ្យ​សិស្ស​បង់​ថវិកា​ ​ដោយ​អះអាង​ថា​ ​ថវិកា​ទាំង​នេះ​សម្រាប់​ចាត់ចែង​លើ​កិច្ចការ​បង្រៀន​បន្ថែម​របស់​លោកគ្រូ​អ្នក​គ្រូ​។​

​អ្នកស្រី​និយាយ​ថា​ ​ការ​ធ្វើ​បែប​នេះ​ពុំ​ធ្វើ​ឱ្យវិ​ស​័​យ​អប់រំ​ប្រសើរ​ឡើង​នោះ​ទេ​។​

​អ្នកស្រី​បន្ថែម​ថា​៖​ ​«​ប្រសិនបើ​រដ្ឋាភិបាល​បង្កើន​ថវិកា​ដល់ក​ម្រិ​ត​នេះ​ហើយ​ ​គឺ​គួរតែ​កុំ​ឱ្យ​មាន​ការអប់រំ​ណា​តម្រូវ​ឱ្យ​ម៉ែ​ឪ​ [​សិស្ស​] ​បង់លុយ​ទៀត​ទេ​។​ ​ប្រសិនបើ​មានការ​បង់លុយ​ ​គឺ​ក្លាយ​ជា​សាលារៀន​ឯកជន​ហើយ​។​ ​វា​លែង​ជា​សាលារៀន​របស់​រដ្ឋ​ហើយ​»​។​

​អ្នកស្រី​ ​អ៊ុក​ ​ឆា​យ៉ា​វី​ ​បាន​បញ្ជាក់​បន្ថែម​ថា​ ​សម្រាប់​កំណែ​ទម្រង់​វិ​ស​័​យ​អប់រំ​របស់​​​ក្រសួង​កន្លងមក​ ​គឺ​មាន​ចំណុច​គួរ​កត់​សម្គាល់​មួយទៀត​ ​គឺ​កា​រដាក់​បន្ទុក​ការ​បង្រៀន​បន្ថែម​ដល់​គ្រូបង្រៀន​ ​ដូចជា​ការ​បង្រៀន​តាម​អន​ឡា​ញ​ជាដើម​ ​ប៉ុន្តែ​មិន​មាន​ការដំឡើង​ប្រាក់បៀវត្សរ៍​ដល់​ពួក​គេ​ឡើយ៕

Related Posts

Previous Article

​គណៈកម្មាធិការ​ព្រំដែន​ ​ប្រតិកម្ម​រឿង​ផ្សព្វផ្សាយ​ ​វៀតណាម​ ​បង្ខិត​បង្គោល​ព្រំដែន​ចូល​ដី​កម្ពុជា

Next Article

រថយន្ត​ ​Ford​ ​គ្រោង​ពង្រីក​ផលិតកម្ម​នៅ​ក្នុង​ខេត្ត​ពោធិ៍សាត់​