មេដឹកនាំអាស៊ានបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន

Khmer Times Share:
AKP

នៅចុងបញ្ចប់នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី កាលពីម្សិលមិញ ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានអនុម័តលើឯកសារសំខាន់ៗមួយចំនួន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ធានាសន្តិសុខស្បៀង និងជំរុញសេដ្ឋកិច្ចឌីជីថល។

ឯកសារដែលបានអនុម័តរួមមាន សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីអាស៊ានជាស្នូលនៃកំណើន សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីការពង្រឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងពេលមានវិបត្តិ សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ានស្តីពីការអភិវឌ្ឍន៍នៃកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថល កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចបៃតងអាស៊ាន និងសេចក្តីព្រាងទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។

ក្នុងសុន្ទរកថាទៅកាន់កិច្ចប្រជុំពេញអង្គ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងពីកង្វល់នៃការកើនឡើងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលបង្កការលំបាកដល់ប្រទេសមួយចំនួនក្នុងការស្វែងរកជំហរអព្យាក្រឹតប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតបានបន្ថែមថា អាស៊ានត្រូវតែអាចព្យាករណ៍ទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិ តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងជាស្ថាប័នរៀបចំគោលនយោបាយកំពូល ស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះ និងការឯកភាពគ្នា ដោយអាស៊ានអាចចាត់វិធានការយ៉ាងម៉ឺងម៉ាត់ និងទាន់ពេលវេលាលើបញ្ហាបន្ទាន់ និងសំខាន់ៗ។ ដើម្បីក្លាយជាមជ្ឈមណ្ឌលនៃកំណើនក្នុងពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំដែលធន់នឹងវិបត្តិ រួមទាំងការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចនុវានុវត្តន៍)។

នារសៀលថ្ងៃដដែល ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ានបានចូលរួមកិច្ចប្រជុំចង្អៀតដើម្បីផ្លាស់ប្តូរទស្សនៈគ្នាស្តីពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងពិភពលោក។

របាយការណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ធនាគារពិភពលោក (WB) និងលេខាធិការដ្ឋានអាស៊ាន ដែលលើកឡើងក្នុងកិច្ចប្រជុំពេញអង្គបានបង្ហាញថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះដោយសារវិបត្តិ និងសង្គ្រាម ក៏ដូចជាភាពតានតឹងក្នុងវិស័យមួយចំនួន តំបន់អាស៊ាននៅតែជាពន្លឺនៃកំណើនសេដ្ឋកិច្ចពិភពលោកដោយសម្រេចបាននូវកំណើនផលិតផលសរុបប្រមាណ ៤.៦ ភាគរយនៅឆ្នាំ២០២៣ ដែលស្មើនឹង ៣.៦ ពាន់ពាន់លានដុល្លារ ឬប្រហែល១០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ដែលធ្វើឲ្យអាស៊ានជាតំបន់សេដ្ឋកិច្ចធំទី៥របស់ពិភពលោក។

ទោះយ៉ាងណាក៏ដោយ តំណាង IMF និង WB បានជំរុញឱ្យអាស៊ានធ្វើកំណែទម្រង់ស្ថាប័ន និងពង្រឹងការវិនិយោគលើបង្កើនការងារ យុវជន ការអប់រំ បច្ចេកវិទ្យាឌីជីថល និងកំណើនណាមួយដែលធានានូវនិរន្តរភាព៕ AKP-C.Nika

Related Posts

Previous Article

ស្នងការរងនគរបាលថៃស្នើឱ្យមានកិច្ចសហការបង្ក្រាបក្រុមឆបោកមជ្ឈមណ្ឌលហៅទូរស័ព្ទ

Next Article

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី៖ កម្ពុជាចង់បានសន្តិភាព និងការអភិវឌ្ឍ