​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​រស់នៅ​ក្នុង​ភូមិសាស្ត្រ​ ​៩​ខេត្ត​ ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ពលរដ្ឋទប់ទឹកជំនន់នៅខេត្តកំពត។ រូបភាព៖ សហការី

 

​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ​ ​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ ​ស្ថិត​ក្នុង​ខេត្ត​ចំនួន​៩​ ​បាន​រងគ្រោះ​ជំនន់​ទឹក​ភ្លៀង​ ​ដែល​បណ្ដាល​ឱ្យ​លិច​ផ្ទះ​ ​លិច​សាលារៀន​ ​ស្លាប់​មនុស្ស​ ​និង​មាន​មនុស្ស​រង​របួស​មួយ​ចំនួន​។​

​លោក​ ​គន់​ ​គីម​ ​អនុប្រធាន​ទី​១​ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បាន​ឱ្យ​ដឹង​ថា​ ​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ​មាន​គ្រោះ​ទឹកជំនន់​ដោយសារ​ទឹក​ភ្លៀង​កើត​ឡើង​ក្នុង​ខេត្ត​ចំនួន​៩​ ​ប៉ុន្តែ​គ្មានផល​ប៉ះពាល់​ ​និង​ខូច​ខាត​ធ្ងន់ធ្ងរ​ច្រើន​នោះ​ទេ​។​

​លោក​បន្ថែម​ថា​ ​គិត​ត្រឹម​ថ្ងៃ​ទី​១​ ​ខែ​សីហា​ ​ឆ្នាំ​២០២៣​ ​ខេត្ត​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង​ ​មាន​ខេត្ត​កំពង់ស្ពឺ​ ​កោះ​កុង​ ​កែប​ ​កំពត​ ​ព្រះ​សី​ហ​នុ ​មណ្ឌលគិរី​ ​រតនគិរី​ ​ព្រះវិហារ​ ​និង​សៀមរាប​។​

​លោក​បន្ថែម​ថា​ ​ចំពោះ​ខេត្ត​កំពត​ ​គឺ​មាន​ស្លាប់​ចំនួន​ពីរ​នាក់​ ​ដោយសារ​ទៅ​បោះតង់​នៅកន្លែង​ប្រឈម​ទឹកជន់​ខ្លាំង​។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ថ្នាក់​ជាតិ​ ​និង​ខេត្ត​ ​បាន​ចាត់​មន្ត្រី​ចុះ​ពិនិត្យ​ ​ចែក​ជំនួយ​នៅ​ទីតាំង​ខ្លះ​ ​និង​តាមដាន​សភាពការណ៍​ជាប្រចាំ​។​

​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុនី​ ​បាន​ឱ្យ​ដឹង​ថា​ ​ជំនន់​ទឹក​ភ្លៀង​បង្ក​មកពី​មាន​ភ្លៀង​ធ្លាក់​ជាប់គ្នា​ចាប់ពី​ថ្ងៃ​ទី​២​៧​កក្កដា​ ​ដែល​ប៉ះពាល់​ទៅ​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ព្រះ​សីហនុ ​កែប​ ​កំពត​ ​និង​ខេត្ត​កោះ​កុង​ ​ដែល​បណ្ដាល​ឱ្យ​លិច​ផ្ទះ​ប្រជាពលរដ្ឋ​ ​សាលារៀន​ ​ផ្លូវជាតិ​ ​និង​ផ្លូវលំ​មួយ​ចំនួន​ ​បង្ក​ឱ្យ​អា​ក​ខាន​ដល់​ការធ្វើដំណើរ​ផង​ដែរ​។​

​លោក​បន្ត​ថា​ ​ចំពោះ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កំពត​ ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ក្រុង​កំពត​ ​ស្រុក​ទឹក​ឈូរ​ ​និង​ស្រុក​កំពង់​ត្រាច​ ​ជាង​ ​៤​ ​៤​០​០​គ្រួសារ​ ​ដែល​បណ្ដាល​ឱ្យ​លិច​ផ្ទះ​ជាង​ ​១​ពាន់​ខ្នង​ ​សាលារៀន​ ​៤​អគារ​ ​ស្លាប់​មនុស្ស​ពីរ​នាក់​ ​របួស​២​នាក់​ ​និង​ជួយសង្គ្រោះ​ ​៤​១​នាក់​។​

​អ្នក​នា​ំពាក្យ​ខាង​លើ​បន្ថែម​ថា​ ​ចំពោះ​ខេត្ត​កោះ​កុង​ ​ក៏មាន​លិច​ផ្ទះ​ពលរដ្ឋ​ជាច្រើន​ខ្នង​ផង​ដែរ​។​ ​ចាប់តាំង​ពី​មាន​ជំនន់​ទឹក​ភ្លៀង​ ​រហូតដល់​បច្ចុប្បន្ន​ ​អាជ្ញាធរ​បន្ត​តាមដាន​ស្ថានភាព​ទឹក​ភ្លៀង​ធ្លាក់​បន្ថែម​ ​ហើយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​ក៏បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ ​ដើម្បី​ជួយ​អន្តរាគមន៍​នៅ​គ្រប់​ទីកន្លែង​ដែល​ងាយ​រងគ្រោះ​។​

​លោក​ ​សុទ្ធ​ ​គឹម​កុ​ល​មុនី​ ​បញ្ជាក់​ថា​៖​ ​«​នៅ​តាម​រាជធានី​ខេត្ត​ ​គណៈកម្មការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បាន​ត្រៀម​រៀបចំ​ទី​ទួល​សុវត្ថិភាព​ ​និង​មធ្យោបាយ​ ​ដើម្បី​ជួយ​សង្គ្រោះ​ ​ហើយ​យើង​ក៏​សូម​អំពាវនាវ​ដល់​អាជ្ញាធរ​ ​បន្ត​តាមដាន​ការ​ជូន​ដំណឹង​ពី​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​បញ្ហា​អាកាសធាតុ​ ​ដើម្បី​រៀបចំ​ត្រៀម​ជូនដំណឹង​ទៅ​ប្រជាពលរដ្ឋ​នៅ​ត​ាម​មូលដ្ឋាន​ឱ្យ​មាន​ការប្រុងប្រយ័ត្ន​»​។​

​លោក​ ​ជា​ ​ច​័ន្ទ​កញ្ញា​ ​អភិបាលស្រុក​ស្រែអំបិល​ ​ខេត្ត​កោះ​កុង​ ​បាន​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​៣​០​កក្កដា​ ​ដល់​ថ្ងៃ​១​សីហា​ ​ភ្លៀង​លាយ​ខ្យល់​កន្ត្រាក់​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង​ ​បណ្តាល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​លំនៅ​ដ្ឋា​ន​ប្រជាពលរដ្ឋ​ចំនួន​ ​
១​២​៥​ខ្នង​ ​និង​បំផ្លាញ​សម្ភារ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ធំ​នៅ​ឃុំ​
ជី​ខ​លើ​ ​និង​ឃុំ​ដង​ពែង​។​

​លោក​បន្ត​ថា​ ​បច្ចុប្បន្ន​ ​ក្រុម​ការងារ​ស្រុក​បាន​និង​កំពុង​ចុះ​ពិនិត្យ​ស្ថានភាព​ ​និង​បាន​រក​ទី​ទួល​សុវត្ថិភាព​ ​ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​បន្ត​ទៀត​ទៅ​រក​ទី​ទួល​សុវត្ថិភាព​ ​និង​ផ្តល់​នៅ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ផង​ដែរ​។​

​កាលពី​ថ្ងៃចន្ទ​ ​ទំព័រ​ហ្វេសប៊ុក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ​បាន​ឱ្យ​ដឹង​ថា​ ​ជំនន់​ទឹកភ្លៀង​ចាប់​ផ្តើម​កាលពី​ថ្ងៃ​ទី​២​៨​កក្កដា​ ​ដល់​ថ្ងៃ​ទី​៣​០​កក្កដា​ ​បាន​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​ ​៩​ ​០​០​០​គ្រួសារ​ ​ស្មើនឹង​ ​១​៨​ភូមិ​ ​ស្ថិត​ក្នុង​ក្រុង​កែប​ ​និង​ស្រុក​ដំណាក់​ចង្អើរ​។​

​ដោយឡែក​ ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ឈើនា​ង​ខ្ពស់​ ​ឃុំ​តាំង​ខ្យា​ ​ស្រុក​ភ្នំ​ស្រួច​ ​ខេត្ត​កំពង់ស្ពឺ​ ​ក៏​រងគ្រោះ​ដោយសារ​ជំនន់​ទឹកភ្លៀង​ផង​ដែរ​។​ ​ក្នុង​នោះ​ ​កង​សង្គ្រោះ​គ្រោះ​មហន្តរាយ​លេខ​៧​០​៨​ ​បាន​ចេញ​ប្រតិបត្តិការ​ជម្លៀស​ប្រជាពលរដ្ឋ​ចំនួន​ ​១​៥​០​នាក់​ ​ចេញពី​តំបន់​ជំនន់​ទឹកភ្លៀង​ផង​ដែរ​។​

​កាលពី​ថ្ងៃអង្គារ​ ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ជូន​ដំណឹង​ឱ្យ​ដឹង​ថា​ ​ចាប់ពី​ថ្ងៃ​ទី​២​ ​ដល់​ថ្ងៃ​ទី​៨​ ​ខែ​កក្កដា​ ​ឆ្នាំ​២០២៣​ ​កម្ពុជា​ទទួល​ឥទ្ធិពល​ពី​ប្រព័ន្ធ​សម្ពាធ​ទាប​អូស​បន្លាយ​លើ​ភាគ​ខាងជើង​ ​ប្រទេស​ឡាវ​ ​និង​វៀតណាម​ ​គួប​ផ្សំ​នឹង​ខ្យល់​មូសុង​និរតី​ក្នុង​ក​ម្រិ​ត​មធ្យម​។​

​ក្រសួង​បន្ថែម​ថា​ ​រយៈពេល​៧​ថ្ងៃនេះ​ ​ក្នុង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក​ ​ព្យុះ​ឈ្មោះ​ ខាណុ​ន​ (K​H​A​NUN​) ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ភាគ​ខាងកើត​ប្រទេស​ចិន​ ​ផង​ដែរ​។​

​ក្រសួង​បញ្ជាក់​ថា​ ​ស្ថានភាព​ខាងលើ​នេះ​ ​ធ្វើ​ឱ្យ​តំបន់​ទំនាប​កណ្ដាល​ ​និង​ខ្ពង់រាប​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​ ​លាយឡំ​ដោយ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​។​

​ចំពោះ​តំបន់​មាត់សមុទ្រ​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​ ​លាយឡំ​ដោយ​ផ្គរ​ ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ ​ជាពិសេស​នៅ​លើ​ផ្ទៃ​សមុទ្រ​ ​នឹង​មាន​ខ្យល់បក់​បោក​ខ្លាំង​ ​ព្រមទាំង​មាន​រលក​សមុទ្រ​មាន​ក​ម្ពស់​ខ្ពស់​។​

​គួរ​រម្លឹក​ថា​ ​រយៈពេល​៧​ខែ​ ​ឆ្នាំ​២​០​២​៣​ ​ខ្យល់​កន្ត្រាក់​កើត​ឡើង​ចំនួន​ ​២​២​១​លើក​។​ ​ក្នុង​នោះ​ផ្ទះ​រលំ​ ​៨​៨​០​ខ្នង​ ​ផ្ទះ​របើក​ជាង​ ​១​២​ ​០​០​០​ខ្នង​ ​ប៉ះពាល់​សាលារៀន​ ​៨​៧​ខ្នង​ ​តូប​ក្នុង​ផ្សារ​ ​៧​៧​តូប​ ​អគារ​រដ្ឋបាល​ ​៣​៨​កន្លែង​ ​ព្រមទាំង​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ​៨​នាក់​ ​និង​របួស​ ​១​៤​៥​នាក់​។​

​ចំពោះ​គ្រោះថ្នាក់​ដោយសារ​រន្ទះ​កើតឡើង​ចំនួន​ ​១​០​០​លើក​ ​ប៉ះពាល់​ផ្ទះ​ ​៧​ខ្នង​ ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​ ​៥​៩​នាក់​ ​មនុស្ស​របួស​ ​៤​៥​នាក់​ ​និង​គោ​ ​ក្របី​ ​ងាប់​ ​៨​៧​ក្បាល៕

Related Posts

Previous Article

​រដ្ឋាភិបាល​ចេញ​អនុក្រឹត្យ​កំណត់​ស្ថានភាព​ជន​មាន​ពិការភាព​ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ទទួល​អត្ថប្រយោជន៍​

Next Article

សហព័ន្ឋ​ពាណិជ្ជកម្ម​សិង្ហបុរី​ពង្រីក​ទំនាក់ទំនង​ពាណិជ្ជកម្ម​នៅ​កម្ពុជា​