​ក្រសួង​ធនធាន​ទឹក​ ​ស្នើ​ធនាគារ​ពិភពលោក​​បង្កើត​ផែនការ​គ្រប់គ្រង​អាង​ទន្លេសាប​ ​និង​ទន្លេមេគង្គ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ថោ​ ​ជេដ្ឋា​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​និង​លោកស្រី​ ​ M​aria​m​ ​She​r​man​ ​នាយិកា​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​កម្ពុជា​ ​និង​ឡាវ​។​ ​ ​ ​រូបភាព​៖​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម

 

​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ស្នើ​ធនាគារ​ពិភពលោក​ ​បង្កើត​ផែនការ​គ្រប់គ្រង​ទន្លេសាប​ ​និង​ទន្លេមេគង្គ​ ​ដើម្បី​ធានា​ធនធាន​ទឹក​ ​កែ​លម្អ​ការ​កាត់​បន្ថយ​ទឹកជំនន់​ ​និង​ស្ដារ​ទន្លេ​ដែល​ងាយ​រងគ្រោះ​។​

​ការ​ស្នើ​ខាងលើ​នេះ​ ​ធ្វើឡើង​ក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ ​ថោ​ ​ជេដ្ឋា​ ​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​និង​លោកស្រី​ ​M​aria​m​ ​She​r​man​ ​នាយិកា​ធនាគារ​ពិភពលោក​ប្រចាំ​ប្រទេស​មី​យ៉ា​ន់​ម៉ា​ ​កម្ពុជា​ ​និង​ឡាវ​ ​នៅ​ទីស្ដីការ​ក្រសួង​កាល​ពីម្សិលមិញ​។​

​ក្នុង​ជំនួប​ខាងលើ​នេះ​ ​លោក​ ​ថោ​ ​ជេដ្ឋា​ ​បាន​ស្វាគមន៍​ចំពោះ​ប្រតិភូ​ធនាគារ​ពិ​ភ​លោក​ ​និង​សហការី​ ​ដែល​បាន​ជួបពិភាក្សា​អំពី​ការ​អភិវឌ្ឍ​ធនធាន​ទឹក​នៅ​កម្ពុជា​ ​ក៏​ដូច​ជួប​សម្តែង​ការគួរសម​ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​សម្រាប់​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​។​

​រដ្ឋមន្ត្រី​បាន​ស្នើ​ធនាគារ​ពិភពលោក​ជួយ​ពង្រឹង​គោល​នយោបាយ​ជាតិ​ ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​ស្ថាប័ន​នៅ​ថ្នាក់​ជាតិ​ ​និង​ថ្នាក់ក្រោម​ជាតិ​។​

​លោក​ក៏បាន​ស្នើ​ធនាគារ​ពិភពលោក​ ​ជួយ​ស្តារ​ ​និង​រៀបចំ​ឡើងវិញ​នូវ​ហេដ្ឋារចនាសម្ពន្ធ​ធនធាន​ទឹក​ ​និង​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ព្រមទាំង​កែ​លម្អ​ការ​គ្រប់គ្រង​ធនធាន​ទឹកជា​ចម្បង​លើ​ដៃទន្លេ​។​

​ជាពិសេស​ស្នើ​ជួយ​គាំទ្រ​លើ​ការ​បង្កើត​ផែនការ​គ្រប់គ្រង​អាង​ទន្លេសាប​ ​និង​ទន្លេមេគង្គ​ ​D​e​t​l​a​ ​ជា​កម្មវិធី​វិនិយោគ​យុទ្ធសាស្ត្រ​នៅ​តំបន់​អាង​ទន្លេសាប​ ​និង​ដីសណ្ដ​ទន្លេមេគង្គ​ ​ដើម្បី​ធានា​ធនធាន​ទឹក​ ​កែ​លម្អ​ការ​កាត​់ប​ន្ថយ​ទឹកជំនន់​ ​និង​ស្ដារ​ទន្លេ​ដែល​ងាយ​រងគ្រោះ​។​

​លោក​ ​ថោ​ ​ជេដ្ឋា​ ​ថ្លែង​ថា​ ​ក្នុងនាម​រដ្ឋាភិបាល​កម្ពុជា​ ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កិច្ច​សហប្រតិបត្តិការ​នានា​ ​និង​បាន​ទទួលស្គាល់​នូវ​ភាពជា​ដៃគូ​ដ៏​សំខាន់​រវាង​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ជាមួយនឹង​ធនាគារ​ពិភពលោក​ ​ដើម្បី​កសាង​ ​និង​អភិវឌ្ឍ​​ធនធាន​ទឹក​រយៈពេល​វែង​នៅ​កម្ពុជា​។​

​លោក​បន្ថែម​ថា​ ​ការ​ពង្រឹង​ស្ថាប័ន​ ​និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ ​គឺជា​អាទិភាព​ទីមួយ​ ​ដូច្នេះ​ ​ធនាគារ​ពិភពលោក​ ​ជា​មជ្ឈមណ្ឌល​ចំណេះ​ដឹង​ ​ដើម្បី​គាំទ្រ​ដល់​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ឱ្យ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​របស់​ខ្លួន​។​

​រដ្ឋមន្ត្រី​ក្រសួង​ខាងលើ​ក៏បាន​អរគុណ​ចំពោះ​ធនាគារ​ពិភពលោក​ ​ដែល​តែង​គាំទ្រ​ ​និង​មាន​កិច្ច​សហការ​យ៉ាង​រឹង​មាំ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​អភិវឌ្ឍន៍​ជាច្រើន​នា​ពេល​កន្លងមក​។​

​លោក​ក៏បាន​ណែនាំ​ក្រុម​ការងារ​ថ្មី​របស់​​​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​ដែល​ប្រមូលផ្តុំ​ពី​នាយកដ្ឋាន​បច្ចេកទេស​ ​និង​មាន​បទ​ពិសោធ​គ្រប់គ្រង​គម្រោង​របស់​ដៃគូ​អភិវឌ្ឍន៍​។​

​រដ្ឋមន្ត្រី​ក៏បាន​ស្នើ​ឱ្យ​ធនាគារ​ពិភពលោក​ ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុម​ការងារ​ថ្មី​ ​និង​ពង្រឹង​សមត្ថភាព​ ​P​I​Us​ ​ថ្មី​របស់​​​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​សម្រាប់​ការ​អនុវត្ត​គម្រោង​។​

​រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក​ ​និង​ឧតុនិយម​ ​លោក​ ​អាន​ ​ពេជ្រ​ហត្ថ​ដា​ ​បាន​ឱ្យ​ដឹង​ថា​ ​ក្នុង​វេទិកា​ទឹក​អន្តរជាតិ​ ​ទន្លេមេគង្គ​-​កូរ៉េ​ ​កាលពីដើម​ខែកញ្ញា​ ​កម្ពុជា​ក៏បាន​ស្នើ​ប្រទេស​ពាក់ព័ន្ធ​ឱ្យ​មាន​កិច្ចប្រឹងប្រែង​រួមគ្នា​បង្កើន​ភាពជា​ដៃគូ​អន្តរជាតិ​ ​និង​កិច្ច​គាំទ្រ​ ​ដើម្បី​ដោះស្រាយបញ្ហា​ប្រឈម​នានា​ដែល​បាន​កើតមានឡើង​ក្នុង​អាង​ទន្លេមេគង្គ​ ​រួម​មាន​ ​រំហូរ​ទឹក​ទន្លេមេគង្គ​ទាប​ ​និង​ការ​ធ្លាក់ចុះ​ផល​ស្តុក​ត្រី​ ​ជាដើម​៕​

Related Posts

Previous Article

​ក្រសួងការងារ​ច្រានចោល​របាយការណ៍​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពាក់ព័ន្ធ​ការ​បាត់បង់​ប្រាក់ឈ្នួល​កម្មករ​

Next Article

​ក្រសួង​វប្បធម៌​បញ្ជាក់​ជាថ្មី​ពី​ជំហរ​ដោះស្រាយបញ្ហា​សំណង់​ប្រាសាទ​នៅ​ថៃ​