កម្ពុជា​ជំរុញ​ការ​អភិវឌ្ឍន៍​ស្តង់ដារម្ហូប​អាហារ​

Khmer Times Share:
ក្នុងទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ AKP

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងក្នុងពិធីអបអរសាទរទិវាសុវត្ថិភាពម្ហូបអាហារពិភពលោក ដែលត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធនេះថា កម្ពុជាប្តេជ្ញាធានានូវការផ្គត់ផ្គង់អាហាររបស់ខ្លួនអោយមានសុវត្ថិភាព និងសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់ ដោយនាំពួកគេទៅរករបបអាហារដែលមានសុវត្ថិភាព និងមានសុខភាពល្អ។

ឯកឧត្តមបានបន្តថា “យើងប្តេជ្ញាធានាថាការផ្គត់ផ្គង់អាហាររបស់យើងអោយមានសុវត្ថិភាព និងសុខភាពល្អសម្រាប់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈវិធីសាស្រ្តពហុវិស័យ ដែលនឹងនាំទៅរករបបអាហារដែលមានសុវត្ថិភាព និងមានសុខភាពល្អ អាចប្រើប្រាស់បានតាមរយៈការកំណត់តម្លៃត្រឹមត្រូវ និងឆ្លើយតបទៅនឹងគ្រប់ទម្រង់នៃប្រភេទអាហារូបត្ថម្ភ”។

ទោះជាយ៉ាងណាក៏ដោយ កិច្ចការនេះទាមទារឱ្យមានកិច្ចសហប្រតិបត្តិការល្អ និងឆន្ទៈពីភាគីពាក់ព័ន្ធ ដើម្បីអនុវត្តសុវត្ថិភាពចំណីអាហារ។ អ្នក​ពាក់ព័ន្ធ​ទាំង​នេះ ​រួម​មាន​អតិថិជន វិស័យ​ឯកជន និង​រដ្ឋាភិបាល​ពី​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម​ជាតិ។

នេះជាលើកទី២ក្នុងការប្រារព្ធទិវាសុវត្ថិភាពម្ហូបអាហារពិភពលោកនៅកម្ពុជា  ក្រោមប្រធានបទ “ស្តង់ដាម្ហូបអាហារ ជួយសង្គ្រោះជីវិត”ដែលត្រូវបានរៀបចំឡើងក្រោមក្រុមប្រឹក្សាអភិវឌ្ឍន៍កសិកម្ម និងជនបទ (CARD)។

លោកបណ្ឌិត Nargiza Khodjaeva ប្រធានស្តីទីតំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបាននិយាយថា សុវត្ថិភាពចំណីអាហារ អាហារូបត្ថម្ភ និងសន្តិសុខស្បៀងមិនត្រឹមតែរួមចំណែកដល់សុខភាព និងសុខុមាលភាពរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់សេដ្ឋកិច្ចជាតិ ជំរុញការអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ។

លោកបានបន្តថា “តំបន់អាស៊ីអាគ្នេយ៍មានអត្រាគ្រោះថ្នាក់ និងអត្រាស្លាប់ខ្ពស់បំផុតទាក់ទងនឹងចំណីអាហារមិនល្អ ជំហានវិជ្ជមានដែលរាជរដ្ឋាភិបាលកម្ពុជាបានធ្វើដើម្បីពង្រឹងសុវត្ថិភាពចំណីអាហារហូតមកដល់បច្ចុប្បន្ន នឹងជួយការពារសុខភាពប្រជាជនកម្ពុជាទាំងអស់”។

លោក សុខ ណារិន តំណាងប្រចាំប្រទេសនៃអង្គការអភិវឌ្ឍន៍ឧស្សាហកម្មនៃអង្គការសហប្រជាជាតិ (UNIDO) បាននិយាយថា តាមរយៈការផ្តល់មូលនិធិរបស់សហភាពអឺរ៉ុប យើងកំពុងអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារក្នុងវិស័យជលផល ស្របតាមតម្រូវការរបស់សហភាពអឺរ៉ុប ដែលអាចយកមកធ្វើគំរូក្នុងវិស័យផ្សេងទៀតបាន។

លោកបានបន្ថែមថា “ឧស្សាហកម្មកែច្នៃម្ហូបអាហាររបស់កម្ពុជាមានសក្តានុពលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច។ រដ្ឋាភិបាលបានខិតខំធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាព និងស្តង់ដារម្ហូបអាហារ ខណៈដែលកម្ពុជាបានចូលទៅក្នុងទីផ្សារពិភពលោក។ បច្ចុប្បន្នយើងកំពុងជួយក្នុងការអភិវឌ្ឍក្របខ័ណ្ឌច្បាប់ និងប្រព័ន្ធត្រួតពិនិត្យ ខណៈដែលកសាងសមត្ថភាពដើម្បីធានាបាននូវការធ្វើអោយស្តង់ដារម្ហូបអាហារមានភាពប្រសើរឡើង ក៏ដូចជាតម្រូវការសុខភាពសាធារណៈត្រូវបានបំពេញ” ។

អ្នកពាក់ព័ន្ធចំនួនបីរយនាក់ក្នុងវិស័យកសិកម្ម អាហារ និងអាហារូបត្ថម្ភបានមកជួបជុំគ្នានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដើម្បីចូលរូមទិវាសុវត្ថិភាពម្ហូបអាហារពិភពលោករបស់កម្ពុជា ក្នុងគោលបំណងទាក់ទាញការយកចិត្តទុកដាក់ និងបំផុសសកម្មភាពស្តីពីសុវត្ថិភាពចំណីអាហារ៕ Chea Vannak – AKP

Related Posts

Previous Article

នគរបាល​ជប៉ុន​ចាប់​ខ្លួន​ជន​សង្ស័យ​ឆបោក​ ២​នាក់និងបាន​និរទេសចេញ​ពី​កម្ពុជា

Next Article

កម្ពុជាទទួលបាន​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣​លាន​នាក់​ក្នុង​រយៈពេល ​៧​ខែ​