ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជាកំណត់គោលដៅជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០

Khmer Times Share:
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានឡើងថ្លែងសុន្ទរកថានៅ “ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨។ AKP

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​មាន​ប្រសាសន៍​ថា កម្ពុជា​បាន​កំណត់​យុទ្ធសាស្ត្រ​ប្រែក្លាយ​​ជា​ប្រទេសដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។

ឯកឧត្តមបណ្ឌិត បានលើកឡើងដូច្នេះនៅក្នុងសម័យប្រជុំលើកទី៧៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃសុក្រ។

ឯកឧត្តមបណ្ឌិតបានបន្ថែមថា “ដូចប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែរ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីសម្រេចគោលដៅរបស់យើងក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ និងរីកចម្រើននៅឆ្នាំ២០៥០”។

ឯកឧត្តមបណ្ឌិតបានបន្តថា “ រដ្ឋាភិបាលរបស់ខ្ញុំប្តេជ្ញាចាត់វិធានការផ្លាស់ប្តូរ តាមរយៈយុទ្ធសាស្ត្របញ្ចកោណ ដែលទើបនឹងត្រូវបានប្រកាសអោយអនុវត្តក្នុងពេលថ្មីៗសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេល ២៥ ឆ្នាំខាងមុខ”។

ឯកឧត្តមបណ្ឌិតបានមានប្រសាសន៍ទៀតថា យុទ្ធសាស្ត្របញ្ចកោណកំពុងត្រូវបានអនុវត្តចាប់ពីដំណាក់កាលទី១ ដែលមានបាវចនាចំនួន៥ គឺ «កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព» និងមានអាទិភាពគន្លឹះចំនួន៥ គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» 

បើតាម​ប្រមុខ​ដឹកនាំ​កម្ពុជា កម្ពុជា​កំពុង​ផ្លាស់ប្តូរ​បន្តិចម្តងក្នុងការចាកចេញពីប្រទេសដែលមានការ​អភិវឌ្ឍន៍​តិចតួច​ទៅជា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០២៧។

ឯកឧត្តមបណ្ឌិតបានលើកឡើងថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើង ៥.៦ ភាគរយនៅឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ដែលមានត្រឹមតែ៥.២ ភាគរយ។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ នឹងជួយកម្ពុជាបញ្ចប់ឋានៈជា ប្រទេសអភិវឌ្ឍន៍តិចតួច និងសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។

ឯកឧត្តមបានប្រាប់ Xinhua ថា “កិច្ចព្រមព្រៀង RCEP រួមជាមួយនឹងកិច្ចព្រមព្រៀងសេរីទ្វេភាគីផ្សេងទៀតមិនត្រឹមតែជំរុញដល់កំណើនពាណិជ្ជកម្មប្រកបដោយនិរន្តរភាពរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសបន្ថែមទៀត” ។

កិច្ចព្រមព្រៀង RCEP មានសមាជិកចំនួន១៥ប្រទេស ដូចជាប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។ Xinhua

Related Posts

Previous Article

នាវាកម្សាន្តទន្លេមេគង្គសេរីថ្មីរបស់ APT នឹងផ្តល់ដំណើរកម្សាន្តក្នុងប្រទេសវៀតណាម និងកម្ពុជា

Next Article

កម្ពុជា​គាំទ្រ​សំណើ​របស់​ទីម័រ​ខាងកើត​ជុំវិញ​ការ​ចូល​ជា​សមាជិកអាស៊ាន​ពេញ​សិទ្ធិ​​ក្នុង​ឆ្នាំ​២០២៥