នាយករដ្ឋមន្ត្រីចិនបានផ្ញើរសារអបអរសាទរ នាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា

Khmer Times Share:
AKP

លោក Li Qiang នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាមានិតចិន បានផ្ញើរសារអបអរសាទរឯកឧត្តមកិត្តិទេសាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកបានសរសេរក្នុងសារចុះថ្ងៃទី ២២ ខែសីហាថា “តាងនាមរដ្ឋាភិបាលចិន និងខ្ញុំផ្ទាល់ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ដែលបានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីនៃព្រះរាជាណាចក្រកម្ពុជា”។

លោកនាយករដ្ឋមន្ត្រីចិនក៏បានលើកឡើងពីទំនាក់ទំនងដ៏ល្អប្រសើររវាងចិន និងកម្ពុជា ដោយលោកបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរគឺជាអ្នកជិតខាងដែលមានចំណងមិត្តភាពជាបងប្អូន និងជាមិត្តដែលរាប់អានគ្នាដោយស្មោះអស់ពីចិត្ត។

ប៉ុន្មានឆ្នាំមកនេះ ប្រទេសទាំងពីរបានគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់គ្នាទៅវិញទៅមក ក្នុងការលើកកម្ពស់ស្ថិរភាព និងវិបុលភាព ខណៈដែលរួមគ្នាប្រកាន់ខ្ជាប់ភាពត្រឹមត្រូវ និងយុត្តិធម៌ក្នុងពិភពលោកនិងបានបង្ហាញយ៉ាងច្បាស់នូវអត្ថន័យដ៏ជ្រាលជ្រៅនៃសហគមន៍ចិន-កម្ពុជា ដែលមានជោគវាសនារួមគ្នា និងបង្កើតគំរូសម្រាប់ទម្រង់ថ្មីនៃទំនាក់ទំនងអន្តរជាតិ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «ចិនគាំទ្រកម្ពុជាយ៉ាងមុតមាំក្នុងការដើរលើមាគ៌ាសមស្របទៅនឹងលក្ខខណ្ឌជាតិរបស់ខ្លួន ហើយជឿជាក់ថា ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត និងរដ្ឋាភិបាលថ្មី ប្រជាជនកម្ពុជានឹងទទួលបាននូវវិបុលភាពកាន់តែច្រើនឡើង»។

លោកនាយករដ្ឋមន្រ្តីចិន​ក៏​បាន​បញ្ជាក់​ពី​ការ​ត្រៀម​ខ្លួន​ធ្វើ​ការ​ជាមួយឯកឧត្តមកិត្តិទេសាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីបន្តទំនាក់ទំនងមិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងរួមគ្នាកសាងសហគមន៍ចិន-កម្ពុជា ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដែលមានជោគវាសនារួមគ្នា ដើម្បីជាផលប្រយោជន៍សម្រាប់ប្រជាជនទាំងពីរ តាមទិសដៅយុទ្ធសាស្ត្រដែលបានកំណត់ដោយលោកប្រធានាធិបតី Xi Jinping  និងព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេច ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា។

មេដឹកនាំបរទេសផ្សេងទៀត រួមទាំងសាធារណៈរដ្ឋសង្គមនិយមវៀតណាម សាធារណរដ្ឋហ្កាណា ប្រ៊ុយណេ ជាដើម ក៏បានផ្ញើសារអបអរសាទរជូន ឯកឧត្តមកិត្តិទេសាលបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ។ AKP-C.Nika

Related Posts

Previous Article

លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ៖ នាយករដ្ឋមន្ត្រីថ្មីកម្ពុជា-ថៃ នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត

Next Article

​រដ្ឋាភិបាល​​ថ្មី​បង្កើត​រដ្ឋ​លេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​ ​