មេដឹកនាំកម្ពុជា និងម៉ាឡេស៊ីខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

Khmer Times Share:
AKP

មេដឹកនាំនៃប្រទេសកម្ពុជា និងម៉ាឡេស៊ីបានជួបពិភាក្សាការងារដើម្បីបង្កើនកិច្ចសហប្រតិបត្តិការកាន់អោយកាន់តែស៊ីជម្រៅក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីកាលពីម្សិលមិញ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Dato’ Seri Anwar bin Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានពិភាក្សាគ្នាដើម្បីស្វែងរកវិធីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ ពាណិជ្ជកម្ម ការវិនិយោគ ការអប់រំ សន្តិសុខថាមពល ការងារ និង ការទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។

ក្នុងវិស័យសន្តិសុខថាមពល ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ដែលឆ្លងកាត់ព្រំដែនសមុទ្រនៃប្រទេសម៉ាឡេស៊ី ដែលនេះជាផ្នែកនៃគម្រោងពាណិជ្ជកម្មថាមពលបៃតងរវាងកម្ពុជា និងសិង្ហបុរី។

លោក Dato’ Seri Anwar bin Ibrahim បានសម្តែងនូវការអបអរសាទរចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីកម្ពុជា  ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនឹងបន្តរីកលូតលាស់បន្ថែមទៀត។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានសម្តែងនូវការគោរពកោតសរសើរចំពោះ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អរបស់ម៉ាឡេស៊ី និងរូបលោកផ្ទាល់។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលម៉ាឡេស៊ីដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និង សមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ៕ AKP-Heng Panha

Related Posts

Previous Article

កម្ពុជា និងសិង្ហបុរីពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពល

Next Article

ក្រុម​ការងារជូសជុល​​បង្ហាញ​ការ​តាំង​ចិត្តក្នុងការ​​ជួសជុល​ប្រាសាទ​បុរាណ​ដោយ​ប្រើ​បច្ចេកទេស​បុរាណ