ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ២៣ ពាន់លានដុល្លារនៅក្នុងឆមាសទី១

Khmer Times Share:
AKP

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានបង្ហាញកាលពីថ្ងៃចន្ទថា ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួន ២៣,៦៩ ពាន់លានដុល្លារក្នុងរយៈពេល៦ខែដំបូងនៃឆ្នាំនេះ ធ្លាក់ចុះ ១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ចាប់ពីខែមករាដល់ខែមិថុនា កម្ពុជាបាននាំចេញទំនិញសរុបមានចំនួនប្រមាណ ១១,៤៦ ពាន់លានដុល្លារ កើនឡើង ០,៨%។

របាយការណ៍​បាន​បន្ត​ថា ការ​នាំ​ចូល​របស់​កម្ពុជា​បាន​ធ្លាក់​ចុះ ២២,៩ ភាគរយ​មក​នៅ​ត្រឹម ១២,២២ ពាន់​លាន​ដុល្លារ។

សហរដ្ឋអាមេរិកនៅតែជាទីផ្សារដ៏ធំបំផុតសម្រាប់កម្ពុជា ដោយបាននាំចូលទំនិញប្រមាណ ៤.២៣ ពាន់លានដុល្លារ ធ្លាក់ចុះ ៨.៩% បើធៀបនឹងឆ្នាំមុន នាំមុខវៀតណាមដែលនាំចូលទំនិញពីកម្ពុជាមានទំហំទឹកប្រាក់ ១.៤២ ពាន់លានដុល្លារ កើនឡើង ២១.៧%។

ដៃគូពាណិជ្ជកម្មសំខាន់ៗផ្សេងទៀតរបស់កម្ពុជា គឺប្រទេសថៃ ជប៉ុន សហភាពអឺរ៉ុប និងចិន។

លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបាននិយាយថា ទោះបីជាការនាំចេញធ្លាក់ចុះក៏ដោយ ក៏កំណើនពាណិជ្ជកម្មរបស់កម្ពុជារំពឹងថានឹងកើនឡើងខ្ពស់នៅឆ្នាំនេះ ដោយសារកម្ពុជាទទួលបានការបញ្ជាទិញពីអ្នកទិញនៅក្នុងប្រទេសដៃគូធំៗរបស់ខ្លួន។

លោកបានបន្តថា “កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន និងកូរ៉េបានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ផលិតផលដែលផលិតនៅកម្ពុជា និងធ្វើឱ្យផលិតផលកម្ពុជាមានភាពទាក់ទាញក្នុងរយៈពេលវែង។

ទំនិញសម្រាប់នាំចេញសំខាន់ៗរបស់កម្ពុជាមានដូចជា សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង គ្រឿងចក្រ និងឧបករណ៍អគ្គិសនី កង់ ទំនិញស្បែក គ្រាប់ធញ្ញជាតិ គ្រឿងសង្ហារឹម កៅស៊ូ ផ្លែឈើ បន្លែ គុជ និងប្រដាប់ក្មេងលេង។

ឧស្សាហកម្ម​កាត់ដេរ ស្បែកជើង និង​ទំនិញ​ធ្វើ​ដំណើរ​គឺជា​វិស័យ​រក​ប្រាក់​ចំណូល​ពី​បរទេស​ធំជាងគេ​សម្រាប់​កម្ពុជា។ វិស័យនេះមានរោងចក្រ និងសាខាប្រហែល ១,៣០០ទីតាំង ដែលផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ៨៤០,០០០ នាក់ ដែលភាគច្រើនជាស្ត្រី៕ AKP

Related Posts

Previous Article

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម

Next Article

​៦​ខែ​ដើម​ឆ្នាំនេះ​ ​អាជ្ញាធរ​កម្ពុជា​រឹបអូស​គ្រឿង​ញៀន​៨​៣​៨​គីឡូ​ ​និង​ឃាត់​ជន​សង្ស័យ​ជាង​ ​៧​ ​៤​០​០​នាក់​