​នាយករដ្ឋមន្ត្រី​ថ្មី​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​បង្កើត​ទារក​ដ្ឋា​ន​ ​នៅ​តាម​រោងចក្រ​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​នៅ​ក្នុង​ជំនួប​ជាមួយ​កម្មករ​-​កម្ម​ការី​នី​រោងចក្រ​។​  ​ខ្មែរ​ថា​ម​ស៍​៖​ ខឹ​ម​ សុ​វណ្ណា​រ៉ា​

 

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​ជំរុញ​ភាគី​ពាក់ព័ន្ធ​ពិនិត្យ​លទ្ធភាព​ ​និង​ពន្លឿន​បង្កើត​ទារក​ដ្ឋា​ន​ ​ម​ត្តេយ្យ​សិក្សា​សហគមន៍​ ​និង​អាហារដ្ឋាន​ ​ដើម្បី​កូន​ស្ត្រី​កម្មការិនី​រោងចក្រ​ទទួល​បាន​សេវា​ថែទាំ​ ​និង​មានឱកាស​រៀនសូត្រ​។​

​ការណែនាំ​ភាគី​ពាក់ព័ន្ធ​ខាងលើ​នេះ​ ​ធ្វើឡើង​ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ​និយោជិត​នៅ​តាម​រោងចក្រ​ ​សហគ្រាស​ក្នុង​តំបន់​ព្រៃ​ស្ពឺ​ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​ ​កាល​ពីម្សិលមិញ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​៖​ ​«​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ ​ក្រសួងការងារ​បណ្ដុះបណ្ដាល​ ​និង​វិជ្ជាជីវៈ​ ​ត្រូវ​សហការ​ជាមួយ​ក្រសួង​កិច្ចការ​នារី​ ​និង​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ព្រម​ទាំង​តំណាង​និយោជក​ ​និង​តំណាង​និយោជិត​ ​រួមគ្នា​សិក្សា​បង្កើត​ទារក​ដ្ឋា​ន​ ​និង​ម​ត្តេយ្យ​សិក្សា​សហគមន៍​ ​នៅ​ក្នុង​តំបន់​ដែល​មាន​រោងចក្រ​»​។​

​លោក​បន្ថែម​ថា​ ​ការ​បង្កើត​ឱ្យ​មាន​ទារក​ដ្ឋា​ន​ ​និង​
ម​ត្តេយ្យ​សិក្សា​ ​ដើម្បី​ជួយ​សម្រួល​ដល់​កូនចៅ​ស្ត្រី​កម្មការិនី​រោងចក្រ​ ​ដែល​ត្រូវ​អនុវត្ត​ជា​ដំណាក់កាល​នីមួយៗ​ទៅ​តាម​លទ្ធភាព​ ​ហិរញ្ញវត្ថុ​ ​និង​តម្រូវ​ការ​ជាក់ស្ដែង​។​

​លោក​បន្ត​ថា​ ​រដ្ឋាភិបាល​ ​មិន​ត្រឹម​គិតគូរ​តែ​ស្ត្រី​ជា​ម្ដាយ​នោះ​ទេ​ ​ថែមទាំង​គិតគូរ​ទាំង​កូន​របស់​ពួក​គេ​ទៀត​ផង​ ​ព្រោះ​នៅពេលដែល​ស្ត្រី​កម្មការិនី​មានកូន​ ​គឺ​មិន​ដឹង​ថា​ ​ត្រូវ​យក​កូន​តូច​ៗ​ទុក​នៅ​ទីណា​នោះ​ទេ​? ​ត្រូវ​យក​មក​ធ្វើការ​ជាមួយ​ ​ឬក៏​ពឹង​យាយ​តា​ឱ្យ​មើល​ថែ​ជំនួស​? ​ព្រោះ​បើ​នៅ​ស្រុក​កំណើត​អាច​មាន​យាយ​តា​ជួយ​មើល​។​

​ប៉ុន្តែ​សម្រាប់​អ្នកធ្វើការ​នៅ​ភ្នំពេញ​ ​ឬ​ក្រុង​ ​ឬក៏​ឆ្ងាយ​ពី​ស្រុក​កំណើត​ ​តើ​ត្រូវ​ពឹង​អ្នកជិតខាង​ ​ឬ​ជួល​គេ​ឱ្យ​មើល​ថែ​?

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ការ​បង្កើត​ឱ្យ​មាន​ទារកដ្ឋា​ន​ ​និង​ម​ត្តេយ្យ​សិក្សា​សហគមន៍​ ​គឺ​នៅ​ពេល​ម្ដាយៗ​ចូល​ទៅ​បម្រើ​ការងារ​ ​នោះ​ពួកគេ​មាន​កន្លែង​សម្រាប់​មើល​ថែទាំ​កូន​ ​ហើយ​នៅ​ពេល​ក្មេងៗ​ដល់​វ័យ​ចូលរៀន​ថ្នាក់​
ម​ត្តេយ្យ​សិក្សា​ ​ពួកគេ​អាច​ចុះឈ្មោះ​កូន​ចូលរៀន​ក្នុង​សាលា​ដែល​នៅក្បែរ​រោងចក្រ​តែម្ដង​។​

​លោក​នាយករដ្ឋមន្ត្រី​បន្ថែម​ថា​ ​នៅ​ពេល​បង្កើត​ឱ្យ​មាន​ទារក​ដ្ឋា​ន​ ​និង​ម​ត្តេយ្យ​សិក្សា​សហគមន៍​ ​គឺ​ត្រូវ​ឆ្លងកាត់​អ្នក​ជំនាញ​ត្រួតពិនិត្យ​ ​និង​វាយ​តម្លៃ​ជាមុន​សិន​ ​ដើម្បី​កុំ​ឱ្យ​បង្ក​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក​ ​កុមារ​ ​និង​សុខភាព​ម្ដាយ​។​

​លោក​ថ្លែង​ថា​ ​ក្រៅពី​បង្កើត​ឱ្យ​មាន​ទារក​ដ្ឋា​ន​ ​និង​ម​ត្តេយ្យ​សិក្សា​ ​រដ្ឋាភិបាល​ក្នុង​អាណត្តិ​ថ្មី​ ​ក៏បាន​គិតគូរ​ពី​អាហារូបត្ថម្ភ​ ​និង​ទឹកដោះគោ​សម្រាប់​ទារក​ ​និង​ក្មេងៗ​ ​ដើម្បី​សម្រួល​ដល់​ការពិបាក​ ​និង​ចំណាយ​ច្រើន​របស់​ម្ដាយ​ៗ​ផង​ដែរ​។​

​លោក​បញ្ជាក់​ថា​ ​គោល​នយោបាយ​ ​ធ្វើឡើង​មិនមែន​សម្រាប់​តែ​មនុស្សចាស់​ ​ឬ​មនុស្ស​ពេញវ័យ​នោះ​ទេ​ ​ប៉ុន្តែ​គិតគូរ​ឡើង​តាំងពី​ទារក​ឡើង​ទៅ​។​

​លោក​ ​ហ៊ុន​ ​ម៉ា​ណែ​ត​ ​បញ្ជាក់​ថា​ ​ក្រៅពី​ចំណុច​ខាងលើ​នេះ​ ​ក៏​ស្នើ​ភាគី​ពាក់ព័ន្ធ​កែ​លម្អ​កន្លែង​សម្រាប់​ហូប​អាហារ​ ​ឬ​ភោជនីយដ្ឋាន​ ​នៅ​តាម​រោងចក្រ​ដែល​កំពុង​ដំណើរការ​ឱ្យ​មាន​ភាព​ល្អ​ប្រសើរ​ ​ដើម្បី​ធានា​សុខភាព​របស់​កម្មករ​ ​កម្មការិនី​ ​ជាពិសេស​រោងចក្រ​ដែល​បង្កើត​ថ្មី​ ​ត្រូវ​រៀប​ចំកន្លែង​ហូបបាយ​ឱ្យ​បាន​ត្រឹមត្រូវ​ ​ដែល​មាន​ស្ដង់​ដារ​ ​និង​ផាសុកភាព​។​

​អ្នកស្រី​ ​សែម​ មុន្នី​នាថ​ ​កម្មការិនី​រោងចក្រ​ ​នៅ​ស្រុក​ក្រគរ​ ​ខេត្ត​ពោធិ៍សាត់​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​បង្កើត​ឱ្យ​មាន​កន្លែង​ថែទាំ​ទារក​ ​និង​សាលា​ ​សម្រាប់​បង្រៀន​ក្មេងៗ​ ​ដែល​ជា​កូន​របស់​កម្មការិនី​រោងចក្រ​ ​គឺជា​ការ​គិតគូរ​ដល់​ការ​បង្កើន​ធនធានមនុស្ស​ ​ជាពិសេស​ជួយ​សម្រាល​ភាព​លំបាក​ដល់​ស្ត្រី​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ទូទាំង​ប្រទេស​។​

​អ្នកស្រី​បន្ថែម​ថា​ ​នៅ​ពេល​មាន​កន្លែង​មើល​ថែទាំ​កុមារ​បាន​ត្រឹមត្រូវ​ ​និង​មាន​កន្លែង​រៀនសូត្រ​ ​ដែល​មាន​ការ​ទទួល​ស្គាល់​ច្បាស់លាស់​ ​បាន​ជួយ​កាត់​បន្ថយ​ចំណាយ​របស់​ឪពុក​ម្ដាយ​ ​ជាពិសេស​អត្រា​បោះបង់​ការសិក្សា​របស់​កូន​អ្នកក្រ​ ​ក៏​ត្រូវ​កាត់បន្ថយ​ផង​ដែរ​។​

​អ្នកស្រី​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​គាំទ្រ​គោល​នយោបាយ​ថ្មី​នេះ​ ​ព្រោះ​ជា​ការ​គិតគូរ​ដល់​ស្ត្រី​បម្រើ​ការងារ​នៅ​តាម​រោងចក្រ​ ​ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា​ ​លោក​នាយករដ្ឋមន្ត្រី​ថ្មី​ ​នឹង​ធ្វើ​ឱ្យ​បាន​ដូច​អ្វី​ដែល​គាត់​បាន​លើកឡើង​ពិតមែន​ ​មិនមែន​ជា​ការ​និយាយ​ឱ្យ​តែ​បាន​ៗ​នោះ​ទេ​ ​ព្រោះ​ពួក​ខ្ញុំ​រង់ចាំ​មើល​»​។​

​ក្នុង​កម្មវិធី​នយោបាយ​របស់​រដ្ឋាភិបាល​ ​នីតិកាល​ទី​៧​ ​នៃ​រដ្ឋសភា​ ​ត្រង់​ទំព័រ​ទី​៣​០​ ​បាន​ឱ្យ​ដឹង​ថា​ ​រដ្ឋាភិបាល​ថ្មី​ ​បន្ត​លើក​ក​ម្ពស់​ជីវភាព​របស់​កម្មករ​ ​តាមរយៈ​ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា​ ​និង​អត្ថប្រយោជន៍​ផ្សេងៗ​។​

​ក្នុង​កម្មវិធី​នយោបាយ​បន្ថែម​ថា​ ​បន្ត​ជួយ​សម្រាល​បន្ទុក​ចំណាយ​របស់​កម្មករ​និយោជិត​ ​ដោយ​ពង្រីក​ការ​ត​បណ្តាញ​អគ្គិសនី​ ​និង​ទឹក​ស្អាត​ ​ក្នុង​តម្លៃ​សមរម្យ​ ​សម្រាប់​កម្មករ​និយោជិត​នៅ​តាម​ផ្ទះ​ជួល​ ​និង​បន្ត​លើកលែង​ពន្ធ​លើ​ប្រាក់​អត្ថប្រយោជន៍​បន្ថែម​។​

​ជាពិសេស​កែ​សម្រួល​ក​ម្រិ​ត​បៀវត្ស​អប្បបរមា​ត្រូវ​​​ជាប់​ពន្ធ​ ​និង​ធានា​កា​របើក​ប្រាក់ឈ្នួល​ចំនួន​ ​២​ដង​ ​ក្នុង​មួយ​ខែ​ ​ព្រមទាំង​ទូទាត់ប្រាក់​បំណាច់​អតីតភាព​ការងារ​រៀងរាល់​ ​៦​ខែ​ម្តង​៕

Related Posts

Previous Article

កម្ពុជា​បម្រុង​ថវិការប្រមាណ ១០០​លាន​ដុល្លារ​សម្រាប់​ជំរុញ​វិស័យ​កសិកម្ម

Next Article

​រដ្ឋមន្ត្រី​ថ្មី​របស់​​​ក្រសួង​មុខងារ​សាធារណៈ​ប្ដេជ្ញា​កែ​ទម្រង់​និង​ពង្រឹង​រដ្ឋបាល​សាធារណៈ​