ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀង RCEP កើនឡើង ២៤ ភាគរយនៅក្នុងឆមាសទី១

Khmer Times Share:
ត្រៀមក្នុងការដឹកជញ្ជូន៖ ក្រោមកិច្ចព្រមព្រៀង RCEP កម្ពុជារំពឹងថានឹងឃើញពីកំណើនក្នុងការនាំចេញ។ KT/Chor Sokunthea

កាលពីថ្ងៃអង្គារ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានអោយដឹងថា ការនាំចេញសរុបរបស់កម្ពុជាទៅកាន់ប្រទេសសមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគួសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) មានចំនួន ៤.០៧ ពាន់លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ កើនឡើង២៤ភាគរយពី ៣.២៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

របាយ​ការណ៍​បាន​បន្ត​ថា​ក្នុង​អំឡុង​ខែ​មករា​ដល់​ខែ​មិថុនា​ឆ្នាំ​នេះ ទិសដៅ​នាំ​ចេញ​កំពូល​ទាំង​បី​របស់​កម្ពុជា​ក្រោមកិច្ចព្រមព្រៀង​ RCEP គឺ​ប្រទេស​វៀតណាម ចិន និង​ជប៉ុន។

កម្ពុជាបាននាំចេញផលិតផលដែលមានតម្លៃជិត ១.៤៣ ពាន់លានដុល្លារទៅកាន់ប្រទេសវៀតណាម កើនឡើង ២២ ភាគរយ  ៧១៤ លានដុល្លារទៅប្រទេសចិន កើនឡើង ១៧ ភាគរយ  និង ៥៤៥ លាន​ដុល្លារ​ទៅ​ប្រទេស​ជប៉ុន កើនឡើង ១ ភាគរយ។

កិច្ចព្រមព្រៀងពាណិជ្ជកម្ម RCEP មានសមាជិកចំនួន១៥ប្រទេស ដូចជារដ្ឋសមាជិកអាស៊ានចំនួន ១០រួមទាំងប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បាននិយាយថា កិច្ចព្រមព្រៀង RCEP ដែលចូលជាធរមាននៅថ្ងៃទី១ខែមករា ឆ្នាំ២០២២ គឺជាកម្លាំងចលករដ៏សំខាន់សម្រាប់ការនាំចេញរបស់កម្ពុជាក្នុងយុគសម័យក្រោយជំងឺរាតត្បាតកូវីដ-១៩។

លោកបានបន្តថា “កំណើននេះបង្ហាញយ៉ាងច្បាស់ថាបណ្តាប្រទេសដែលជាសមាជិក RCEP គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់ផលិតផលដែលផលិតនៅក្នុងប្រទេសកម្ពុជា” ។ “ជាមួយនឹងពន្ធអនុគ្រោះ ក្រោមកិច្ចព្រមព្រៀង RCEP  ការនាំចេញរបស់យើងទៅកាន់ប្រទេសដែលជាសមាជិក RCEP នឹងបន្តកើនឡើងពេញមួយឆមាសទីពីរនៃឆ្នាំនេះ និងឆ្នាំក្រោយ”។

លោកបានបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោកនេះ ក៏បានក្លាយជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកម្ពុជា។

លោកបានលើកឡើងទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំនេះ រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត នឹងជួយកម្ពុជាឱ្យផុតពីឋានៈប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ២០២៧ និងសម្រេចបាននូវគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០៕

Related Posts

Previous Article

ក្រុម​ហ៊ុន​ថាមពល​ជាច្រើនងាក​ទៅ​ផ្តោត​លើ​គម្រោង​បៃតង​  ដោយប្រទេស​កម្ពុជា​នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងទាំងនេះ

Next Article

​ក្រសួង​កសិកម្ម​ ​ដាក់​គោល​នយោបាយ​អាទិភាព​ ​៤​ចំណុច​ ​សម្រាប់​អាណត្តិ​ទី​៧​ ​