កម្ពុជា និង​ចិន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ស្តីពីតម្រូវការ​រភូតគាមអនាម័យ​សម្រាប់​ការ​នាំ​ចេញ​ដូង​ស្រស់

Khmer Times Share:
ដូងស្រស់សម្រាប់ទីផ្សារនាំចេញ។ រូបថតឯកសារ

កាលពីពេលថ្មីៗនេះ កម្ពុជា និងចិនបានចុះហត្ថលេខាលើពិធីសារស្តីពីតម្រូវការរភូតគាមអនាម័យក្នុងការនាំចេញដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។

ពិធីសារនេះត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៥ ខែកញ្ញា រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) និងអគ្គរដ្ឋបាលគយនៃប្រទេសចិន។

លោកស្រី អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម នៅថ្ងៃទី២០ ខែកញ្ញា បានឲ្យដឹងថា អគ្គនាយកដ្ឋានកសិកម្មរបស់ក្រសួងបានចាប់ផ្តើមជូនដំណឹងដល់ម្ចាស់ចំការដូង សហគមន៍កសិករដាំដូងក្រអូប និងម្ចាស់ចំការដូងស្រស់ និង រោងចក្រវេចខ្ចប់ដែលមានបំណងផលិត និងកែច្នៃដូងស្រស់សម្រាប់ទីផ្សារប្រទេសចិនត្រូវអនុវត្តការចុះបញ្ជីចំការ និងរោងចក្ររបស់ពួកគេ។

លោកស្រីបានបន្ថែមថា “ក្រសួងនឹងធ្វើការជាមួយកសិករដើម្បីធានាថាពួកគេដាំដូងតាមស្តង់ដារអនាម័យ និងភូតគាមអនាម័យដែលកំណត់ដោយអគ្គរដ្ឋបាលគយរបស់ប្រទេសចិន”។

អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ថា បញ្ជីឈ្មោះចម្ការដូងស្រស់ និងរោងចក្រកែច្នៃ និងវេចខ្ចប់នឹងត្រូវបញ្ជូនទៅភាគីចិននៅដើមខែធ្នូ ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងវាយតម្លៃ មុនពេលឈានដល់ការនាំចេញជាផ្លូវការ។

បច្ចុប្បន្ន​កម្ពុជា​មាន​ចម្ការ​ដូង​ចំនួន ១៧ ០០០ ហិកតា ក្នុង​នោះ ១៤ ០០០ ហិកតា​ត្រៀម​ប្រមូល​ផល ដោយផ្តល់​ទិន្នផល ២៤៨ ០០០ តោន​ក្នុង​ឆ្នាំ ២០២២។៕ ជា វណ្ណៈ – AKP

Related Posts

Previous Article

កំណើន​ឧស្សាហកម្ម​យឺត​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​រំពឹង​ថា​នឹង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា

Next Article

ទំនាក់​ទំនង​ជាមួយអាស៊ាន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​គន្លឹះសម្រាប់ការ​អភិវឌ្ឍន៍ក្នុងតំបន់