​ត្រី​ស៊ីសាច់​ជា​អាហារ​ (​P​i​r​an​h​a​) ​ដែល​នាំចូល​ពីក្រៅ​ត្រូវ​អ្នកជំនាញ​ចុះ​បង្ក្រាប​ ​និង​បំផ្លាញ​ចោល​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
មន្ត្រីជំនាញពិនិត្យត្រីពីរ៉ាន់ញ៉ា។ ​ ​ រូបភាព៖ CEN​

​ត្រី​ស៊ីសាច់​ជា​អាហារ​មានឈ្មោះ​ថា​ ​ពី​រ៉ា​ន់ញ៉ា (​P​i​r​an​h​a​) ​ដែល​លួច​នាំចូល​ពីក្រៅ​ប្រទេស​ ​ត្រូវ​បាន​មន្ត្រី​ជំនាញ​រដ្ឋបាល​ជលផល​ ​នៃ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​ចុះ​បង្ក្រាប​ ​និង​បំផ្លាញ​ចោល​ ​ដើម្បី​សុវត្ថិភាព​ដល់​ប្រភេទ​ត្រី​ធម្មជាតិ​ ​មនុស្ស​ ​សត្វ​ ​និង​បរិស្ថាន​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​​​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កាលពី​រសៀល​ថ្ងៃអាទិត្យ​ ​បញ្ជាក់​ថា​ ​ម្ចាស់​អាជីវកម្ម​ ​ដែល​នាំចូល​ត្រី​ពី​រ៉ា​ន់ញ៉ា ​បាន​ធ្វើ​កិច្ចសន្យា​ឈប់​នាំចូល​ ​និង​ឯកភាព​បំផ្លាញ​ចោល​រួចរាល់​ហើយ​។​

​ក្រសួង​បន្ថែម​ថា​ ​កាលពី​ថ្មីៗ​កន្លងទៅ​នេះ​ ​មានការ​ផ្សព្វផ្សាយ​លើ​បណ្តាញ​ ​T​i​k​to​k ​និង​ហ្វេសប៊ុក​ ​អំពី​ការនាំចូល​ ​និង​លក់​ចែកចាយ​ប្រភេទ​ត្រី​ពី​រ៉ា​ន់ញ៉ា ​ដែល​មាន​លក្ខណៈ​កាច​សាហាវ​ ​និង​ស៊ីសាច់​ជា​អាហារ​។​

​ក្រសួង​បន្ត​ថា​ ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ​ ​រដ្ឋបាល​ជលផល​ ​បាន​ចុះ​ត្រួតពិនិត្យ​ ​និង​អនុវត្ត​ច្បាប់​ដល់​ទីកន្លែង​លក់​តាំងពី​ថ្ងៃ​ទី​៦​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​។​ ​ក្នុង​នោះ​ ​ម្ចាស់​អាជីវកម្ម​បាន​ធ្វើ​កិច្ចសន្យា​ឈប់​នាំចូល​ ​និង​បាន​ឯកភាព​បំផ្លាញ​ចោល​ត្រី​ពី​រ៉ា​ន់ញ៉ា ​ដែល​បាន​នាំចូល​រួចរាល់​ហើយ​។​

​ក្រសួង​ខាងលើ​នេះ​ ​បាន​អំពាវនាវ​ដល់​សាធារណជន​ ​ព្រមទាំង​អាជីវករ​ ​មិន​ត្រូវ​នាំចូល​ប្រភេទ​ត្រី​ពី​វ៉ាន់​ញ៉ា ​ឬ​ប្រភេទ​ត្រី​ផ្សេងទៀត​ ​ដែល​អាច​នាំ​ឱ្យ​មានផល​ប៉ះពាល់​ដល់​ប្រភេទ​ត្រី​ធម្មជាតិ​ ​ក៏​ដូច​មនុស្ស​ ​សត្វ​ ​និង​បរិស្ថាន​នោះ​ឡើយ​។​

​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​បន្ថែម​ថា​ ​ចំពោះ​ប្រជាពលរដ្ឋ​ដែល​បាន​ដឹង​អំពី​ការនាំចូល​ត្រី​ពី​រ៉ា​ន់ញ៉ា ​ឬ​ប្រភេទ​ត្រី​កាច​សាហាវ​ផ្សេងទៀត​យកមក​ចិញ្ចឹម​ ​ឬ​ចិញ្ចឹម​លម្អ​ ​ត្រូវ​រាយការណ៍​ដល់​សមត្ថកិច្ច​ជំនាញ​ជលផល​ ​ដើម្បី​ចាត់វិធានការ​សមស្រប​។​

​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​បន្ត​ថា​ ​ចំពោះ​អ្នក​ដែល​កំពុង​ចិញ្ចឹម​ប្រភេទ​ត្រី​ទាំងនេះ​ ​សូម​កុំ​លែង​ចូល​ធម្មជាតិ​ ​តែ​ត្រូវ​ប្រគល់​ឱ្យ​រដ្ឋបាល​ជលផល​ជាកំហិត​។​

​អ្នកនាំពាក្យ​ក្រសួង​កសិកម្ម​ ​រុក្ខា​ប្រមាញ់​ ​និង​នេសាទ​ ​កញ្ញា​ អុឹ​ម​ ​រចនា​ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​ចំពោះ​ករណី​នាំ​ត្រី​ចូល​ខាងលើ​នេះ​ ​ក្រសួង​គ្មានអ្វី​បញ្ជាក់​បន្ថែម​ទៀត​នោះ​ទេ​ ​ព្រោះ​ក្រសួង​អាច​ពន្យល់​បាន​ត្រឹម​សេចក្ដីប្រកាស​ព័ត៌មាន​ដែល​ចេញ​ជា​សាធារណៈ​រួច​។​

​កញ្ញា​បាន​បន្ថែម​ថា​៖​ ​«​[,,,] ​ដោយសារតែ​រឿង​ហ្នឹង​ ​បាន​បញ្ចប់​រួចរាល់​ហើយ​ ​ហើយ​ក្រសួង​ក៏​គ្មាន​គោលការណ៍​អនុញ្ញាត​ឱ្យ​នាំចូល​ត្រី​ពី​រ៉ា​ន់ញ៉ា ​មក​ក្នុង​ប្រទេស​កម្ពុជា​ទេ​ ​ក្នុង​ពេល​ទាំង​អតីតកាល​ ​បច្ចុប្បន្ន​ ​និង​អនាគត​»​។​

​អ្នកនាំពាក្យ​បញ្ជាក់​ថា​ ​នៅ​ថ្ងៃខាងមុខ​ ​ក្រសួង​នឹង​បន្ត​ឃ្លាំមើល​ ​និង​តាមដាន​ឱ្យ​បាន​ដិតដល់​ពាក់ព័ន្ធ​នឹង​ការនាំចូល​ត្រី​ពី​រ៉ា​ន់ញ៉ា​ដោយ​ខុសច្បាប់​ ​បើ​សិន​មាន​ការនាំចូល​មក​ទៀត​ ​នឹង​បន្ត​ចាត់វិធានការ​ដូច​ករណី​ខាងលើ​នេះ​ដែរ​។​

​អនុប្រធាន​រដ្ឋបាល​ជលផល​ ​លោក​ ខូ​វ​ គួ​ង​ ​ថ្លែង​ថា​ ​ចំពោះ​ប្រភេទ​ត្រី​ស៊ីសាច់​ខាងលើ​នេះ​ ​នៅ​កម្ពុជា​ ​ហៅថា​ ​ត្រី​ចាប​ ​ដោយ​ត្រី​ចាប​នេះ​ ​មាន​ប្រភេទ​ត្រី​កាច​សាហាវ​ ​និង​មិនសូវ​កាច​ ​តែ​បើ​តាមច្បាប់​ ​គឺ​មិន​អនុញ្ញាត​ឱ្យ​នាំចូល​ជាដាច់ខាត​ ​ប៉ុន្តែ​ឈ្មួញ​ខ្លះ​លួច​នាំចូល​ដោយ​លួចលាក់​តាម​ប្រភព​ផ្សេងៗ​។​

​លោក​បញ្ជាក់​ថា​ ​ចំពោះ​វីដេអូ​ ​ដែល​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ ​មិនមែន​ជា​វីដេអូ​កើតឡើង​ថ្មីៗ​នេះ​ទេ​ ​ព្រោះ​ករណី​ខាងលើ​នេះ​ ​រដ្ឋបាល​ជលផល​បាន​ធ្វើការងារ​ចប់​សព្វគ្រប់​ហើយ​ ​តែ​ទើប​មាន​អ្នក​យក​ទៅកាត់​ត​ ​និង​បង្ហោះ​ឡើងវិញ​ ​ដែល​នាំ​ឱ្យ​សាធារណជន​មានការ​ភ្ញាក់ផ្អើល​។​

​លោក​ ខូ​វ​ គួ​ង​ ​បន្ថែម​ថា​៖​ ​«​ក្រោយ​ពី​ទទួល​ព័ត៌មាន​តាមរយៈ​ការ​ចែករំលែក​នៅ​លើ​បណ្តាញ​សង្គម​នានា​រួចមក​ ​មន្ត្រី​ជំនាញ​ជលផល​ ​បាន​ចុះទៅ​ដល់​ទីតាំង​លក់​ត្រី​ ​ហើយ​បាន​ធ្វើ​ការណែនាំ​ ​និង​ដកហូត​ត្រី​ទាំងនោះ​ ​ដើម្បី​យកទៅ​បំផ្លាញ​ចោល​ ​និង​បាន​ឱ្យ​អ្នក​លក់​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការនាំចូល​ប្រភេទ​ត្រី​នេះ​ ​និង​ស្នើ​ឱ្យ​លុប​វីដេអូ​ ​ដែល​បង្ហោះ​នោះ​ចេញ​»​៕

Related Posts

Previous Article

​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​ល្បែងភ្នាល់​អន​ឡា​ញ​នៅ​ប៉ោយ​ប៉ែត​ត្រូវ​ដកចេញ​បន្ទាប់ពី​មាន​ប្រតិកម្ម​ពី​ពលរដ្ឋ​

Next Article

​ឥណ្ឌូ​នេ​ស៊ី​សម្លឹង​មើល​ការនាំចូល​អង្ករ​ពី​កម្ពុជា​