ក្រសួងអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិដែលអាចកើតមាន

Khmer Times Share:
កម្ពុជា​នឹង​រងការបោកបក់ដោយ​អាកាសធាតុ​អាក្រក់​ចាប់ពី​ថ្ងៃនេះ​ដល់​សប្តាហ៍​ក្រោយ។ AKP

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងដល់សាធារណជនអំពីគ្រោះធម្មជាតិដែលអាចកើតមាន ជាពិសេសខ្យល់បក់បោកខ្លាំង និងរលកខ្ពស់ៗនៅតាមតំបន់មាត់សមុទ្រ ចន្លោះពីថ្ងៃទី១៩-២៥ ខែកក្កដា ឆ្នាំ២០២៣។

ក្រសួងធនធានទឹក និងឧតុនិយម បានក្រើនរំលឹកនៅក្នុងសេចក្តីជូនដំណឹងរបស់ខ្លួន ស្តីពីការព្យាករណ៍អាកាសធាតុថ្មី នៅព្រឹកនេះ ដោយបន្ថែមថា ក្នុងអំឡុងពេលនោះ មានភ្លៀងធ្លាក់ពីតិចទៅច្រើន អមដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ នៅទូទាំងប្រទេស ។

សេចក្តីជូនដំណឹងបានគូសបញ្ជាក់ថា សម្រាប់​តំបន់ទំនាបភាគកណ្តាល ​​នឹងមានសីតុណ្ហភាពចន្លោះ​ពី​២៣ ​ទៅ​៣២​អង្សា​សេ តំបន់ខ្ពង់រាបមានចាប់ពី​២២​ដល់​៣១​អង្សា​សេ និង​តំបន់​មាត់សមុទ្រ​មាន​ពី​២៤​ទៅ​៣៤​អង្សា​សេ​។

កាលពីពេលថ្មីៗនេះ រដ្ឋបាលខេត្តព្រះសីហនុ ណែនាំឲ្យផ្អាកការដឹកជញ្ជូនភ្ញៀវទេសចរណ៍ទៅលេងកោះ និងសកម្មភាពនេសាទ ដោយសារអាកាសធាតុមិនល្អ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកក្កដា។

នៅថ្ងៃច័ន្ទនេះ រដ្ឋបាលខេត្តបានបញ្ជូនសាឡាងចំនួន ៦ ទៅយកភ្ញៀវទេសចរជាតិ និងអន្តរជាតិចំនួន ៧០៨ នាក់ ក្នុងនោះស្រី ៣៤៧ នាក់ និងកុមារ ១៥ នាក់ ដែលជាប់គាំងនៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ដោយសារភ្លៀង ខ្យល់ព្យុះ និងរលកខ្លាំង៕ ផល សុផានិត – AKP

Related Posts

Previous Article

បង់ក្លាដែស ស្វែងរកការគាំទ្រពីកម្ពុជា ដើម្បីក្លាយជាដៃគូអាស៊ាន

Next Article

ចិន និងអាស៊ានបានសង្កត់ធ្ងន់លើផ្នែកនុវានុវត្តន៍ និងការផ្ទេរបច្ចេកវិទ្យា