កម្ពុជា​បញ្ជាក់​ជំហរ​ជាថ្មី​ក្នុងការបង្កើត​បរិយាកាស​អំណោយផល​សម្រាប់​ដោះស្រាយ​វិបត្តិ​មីយ៉ាន់ម៉ា

Khmer Times Share:

កម្ពុជា​ក្នុង​អំឡុង​ពេល​ធ្វើ​ជា​ប្រធាន​អាស៊ាន​​ឆ្នាំ​២០២២ បាន​ប្រឹងប្រែង​គ្រប់​បែប​យ៉ាង​ដើម្បី​បង្កើតបរិយាកាស​អំណោយផល​សម្រាប់​​ដោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា។

​លោក គង់ ភោគ រដ្ឋលេខាធិការ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និងជាឧត្តមមន្រ្តីអាស៊ានកម្ពុជា ​ បានបញ្ជាក់​ជំហរ​របស់​​កម្ពុជា​ឡើងវិញ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ស្តីពី​ការចូលរួមរបស់ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១១-១៤ ខែកក្កដា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ីនាពេលថ្មីៗនេះ។

លោកបានលើកឡើងថា តាំងពីដើមដំបូងមក ជំហររបស់កម្ពុជាគឺបង្កើតបរិយាកាសអំណោយផល ដែលប្រធានអាស៊ានបន្ទាប់អាចពឹងផ្អែកលើវឌ្ឍនភាពដែលយើងសម្រេចបាន ហើយបន្តស្វែងរកវឌ្ឍនភាពបន្ថែមទៀតសម្រាប់មីយ៉ាន់ម៉ា។

លោកបានគូសបញ្ជាក់ថា«គ្រប់គ្នាត្រូវតែទទួលស្គាល់ថាបញ្ហានៅមីយ៉ាន់ម៉ាត្រូវការពេលវេលា ដូច្នេះអ្វីដែលកម្ពុជាកំពុងព្យាយាមធ្វើគឺបង្កើតបរិយាកាសអំណោយផលមិនត្រឹមតែសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ប្រទេសផ្សេងទៀតដែលអាចប្រើប្រាស់នូវវឌ្ឍនភាពដែលមានស្រាប់ដើម្បីបង្កើតវឌ្ឍនភាពថ្មី [ដំណោះស្រាយសម្រាប់វិបត្តិមីយ៉ានម៉ា]” ។

លោកបានរំលឹកថា នៅឆ្នាំ២០២២ កម្ពុជាក្នុងឋានៈជាប្រធានអាស៊ាន បានបង្កើតយន្តការអាស៊ាន Troika  រួមមានអតីតប្រធានអាស៊ាន ប្រធានអាស៊ានបច្ចុប្បន្ន និងប្រធានអាស៊ានបន្ទាប់ ដើម្បីសម្របសម្រួល និងត្រួតពិនិត្យការអនុវត្តការព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុច ជាមួយ ដើម្បី​​ជួយ​មី​យ៉ាន់​ម៉ា​ឱ្យ​វិល​មក​រក​ភាព​ប្រក្រតី​វិញ ។

លោកបានបន្តថា ដោយសារតែកម្ពុជាជឿជាក់ថាបញ្ហាមីយ៉ាន់ម៉ាមានភាពស្មុគ្រស្មាញ និងទាមទារដំណោះស្រាយរយៈពេលវែង នេះមិនមែនជាកិច្ចការដែលអាចត្រូវបានបញ្ចប់ក្នុងអំឡុងអាណត្តិមួយឆ្នាំរបស់ប្រេសិតពិសេស ឬអំឡុងពេលធ្វើជាប្រធានអាស៊ាននោះទេ។ ការព្រមព្រៀងជាឯកច្ឆន្ទចំនួន៥ចំណុចតម្រូវអោយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ នេះបញ្ជាក់ថា សមាជិកអាស៊ានទាំងអស់យល់ពីភាពស្មុគស្មាញនៃបញ្ហានេះ ហើយក៏បានយល់ព្រមកំណត់គោលដៅជួយមីយ៉ាន់ម៉ាផងដែរ៕ Nika – AKP

Related Posts

Previous Article

ចំណង​មិត្តភាព​កម្ពុជា​-​ចិន​ឈានដល់​កម្រិត​ថ្មី​ក្នុង​រយៈពេល ​៦៥​ឆ្នាំ​

Next Article

លោកហ៊ុន ម៉ាណែត ជំរុញឱ្យ​ទប់​ស្កាត់​ការ​ធ្វើ​រដ្ឋប្រហារ​ និង​ការ​បំផុស​បដិវត្ត​ប្រឆាំង​ដើម្បី​ផ្លាស់ប្ដូរ​រដ្ឋាភិបាល