កំណើន​សេដ្ឋកិច្ចក្នុងតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នឹងមានសន្ទុះលឿនដូចកំណើនសេដ្ឋកិច្ចរបស់ចិន​

Khmer Times Share:
កិច្ចព្រមព្រៀង RCEP ត្រូវបានបង្កើតឡើងក្នុងខែវិច្ឆិកា ឆ្នាំ ២០១២ ដើម្បី ផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ រូបថត៖ vnexpress

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បាននិយាយថា នៅឆ្នាំនេះ ប្រទេសកំពុងអភិវឌ្ឍនៅអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានគេព្យាករណ៍ថានឹងមានកំណើនប្រសើរជាងឆ្នាំ២០២២ ដោយសារការបន្តបន្ធូរបន្ថយវិធានការជំងឺរាតត្បាត ជំរុញការបញ្ជាទិញ ទេសចរណ៍ និងការវិនិយោគ ដោយគូសបញ្ជាក់ថាការបើកប្រទេសចិនឡើងវិញគឺជាកត្តាចម្បងដែលបំភ្លឺនូវទស្សនវិស័យកំណើនក្នុងតំបន់”។

សេដ្ឋកិច្ចនៅអាស៊ី និងប៉ាស៊ីហ្វិកត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤.៨ ភាគរយនៅឆ្នាំនេះ និងឆ្នាំក្រោយ បើធៀបនឹងការកើនឡើង ៤.២ ភាគរយក្នុងឆ្នាំ២០២២ នេះបើយោងតាមរបាយការណ៍ចុងក្រោយបង្អស់របស់ Asian Development Outlook ចេញផ្សាយក្នុងខែមេសា។

របាយការណ៍បានបង្ហាញទៀតថា ការកើនឡើងនូវតម្រូវការប្រើប្រាស់ និងការវិនិយោគកំពុងជំរុញការងើបឡើងវិញរបស់សេដ្ឋកិច្ចក្នុងតំបន់ជាច្រើន ដែលបណ្តាលមកផលប៉ះពាល់នៃការកើនឡើងតម្លៃអាហារ និងថាមពលដែលបង្កឡើងដោយជម្លោះរុស្ស៊ី-អ៊ុយក្រែន និងបញ្ហាជាសកលផ្សេងទៀត ដោយបន្ថែមថាវិស័យទេសចរណ៍ និងការផ្ញើរលុយមកស្រុកកំណើតរបស់ពលករមាននិន្នាការកើនឡើង ដោយសារវិធានការរឹតបន្តឹងជំងឺរាតត្បាតត្រូវបានបន្ធូរបន្ថយ។ ហើយនៅក្នុងប្រទេសដែលពឹងផ្អែកលើវិស័យទេសចរណ៍ខ្លាំង ការមកដល់របស់ភ្ញៀវទេសចរកំពុងមានភាពប្រសើរឡើងជាលំដាប់ឆ្ពោះទៅរកកម្រិតមុនពេលមានជំងឺរាតត្បាត។

របាយការណ៍បានបន្តថា ជាមួយនឹងការកែសម្រួលយុទ្ធសាស្ត្រ COVID-19 សេដ្ឋកិច្ចចិនត្រូវបានគេរំពឹងថានឹងកើនឡើង ៥.០ ភាគរយនៅឆ្នាំនេះ និង ៤.៥ ភាគរយនៅឆ្នាំ២០២៤ បើធៀបនឹងកំណើន ៣.០ ភាគរយនៅឆ្នាំ២០២២។

កំណើនទេសចរណ៍ដ៏រឹងមាំ និងតម្រូវការក្នុងស្រុកកំពុងជំរុញសេដ្ឋកិច្ចប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន និងវៀតណាម ដោយត្រូវបានព្យាករណ៍ថានឹងកើនឡើង ៤.៧ ភាគរយនៅឆ្នាំនេះ និង ៥.០ ភាគរយនៅឆ្នាំ២០២៤ ។

លោក Albert Park ប្រធានសេដ្ឋវិទូរបស់ ADB បាននិយាយថា “ទស្សនវិស័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសនៅអាស៊ី និងប៉ាស៊ីហ្វិកកាន់តែមានភាពភ្លឺស្វាង ហើយពួកគេបានត្រៀមខ្លួនសម្រាប់ការងើបឡើងវិញដ៏រឹងមាំ នៅពេលត្រលប់ទៅរកភាពប្រក្រតីឡើងវិញ បន្ទាប់ពីជំងឺរាតត្បាត” ។

លោកបានបន្តថា “មនុស្សម្នាកំពុងចាប់ផ្តើមធ្វើដំណើរកំសាន្ត និងការងារ ហើយសកម្មភាពសេដ្ឋកិច្ចកំពុងមានភាពមមាញឹកឡើងវិញ។ ដោយសារតែបញ្ហាប្រឈមជាច្រើននៅតែមាន រដ្ឋាភិបាលក្នុងតំបន់ចាំបាច់ត្រូវបន្តផ្តោតលើគោលនយោបាយដែលគាំទ្រកិច្ចសហប្រតិបត្តិការ និងសមាហរណកម្មកាន់តែរឹងមាំ ដើម្បីលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ផលិតភាព និងភាពធន់។

ទោះជាយ៉ាងណាក៏ដោយ ហានិភ័យនៅតែកើតមាន ដោយលើកឡើងពីជម្លោះរុស្ស៊ី និងអ៊ុយក្រែន ដែលអាចបង្កឱ្យមានការកើនឡើងជាថ្មីនៃតម្លៃទំនិញ និងអតិផរណាក្នុងពិភពលោក និងបង្កឱ្យមានការរឹតបន្តឹងតម្លៃរូបិយវត្ថុបន្ថែមទៀត ប្រសិនបើបញ្ហានៅតែអូសបន្លាយ ឬមានភាពធ្ងន់ធ្ងរជាងមុន។

ពាណិជ្ជកម្ម សេវាកម្ម ការវិនិយោគឆ្លងដែន ការចល័តកម្លាំងពលកម្ម និងការផ្ទេរបច្ចេកវិជ្ជាគាំទ្រដល់ការបង្កើតទីផ្សារសមាហរណកម្មក្នុងតំបន់ដែលមានទំហំធំជាងមុន ដែលត្រូវបានជំរុញដោយកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែលនឹងជះ​ឥទ្ធិពល​ដល់​សមាជិក​ទាំង ១៥ របស់​ខ្លួន។

អ្នកជំនាញរបស់ ADB បានប្រាប់ Xinhua ថា RCEP ត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់តាមរយៈការលុបបំបាត់ពន្ធគយ ពង្រឹងច្បាប់នៃប្រភពដើមរបស់ទំនិញ និងបទប្បញ្ញត្តិនៃការប្រមូលផ្តុំក្នុងតំបន់ ដែលត្រូវបានគេរំពឹងថានឹងផ្តល់ភាពបត់បែនដល់អាជីវកម្មក្នុងការទាញយកអត្ថប្រយោជន៍នៃការចូលប្រើប្រាស់ទីផ្សារ ខណៈដែលពង្រឹងការផ្គត់ផ្គង់ក្នុងតំបន់។

គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) ដែលផ្តួចផ្តើមដោយប្រទេសចិនក្នុងឆ្នាំ២០១៣ ដើម្បីកសាងបណ្តាញពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់អាស៊ីទៅអឺរ៉ុប និងអាហ្រ្វិក បន្ថែមពីលើផ្លូវសូត្រពាណិជ្ជកម្មបុរាណបានជំរុញការតភ្ជាប់ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

លោក Joseph Matthews សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ក្នុងរាជធានីភ្នំពេញ បានប្រាប់ស៊ីនហួរថា BRI បានបំពេញបន្ថែមនូវផែនការមេស្តីពីការតភ្ជាប់អាស៊ាន ហើយគំនិតផ្តួចផ្តើមនេះបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនដល់ប្រទេសកម្ពុជា អាស៊ាន និងពិភពលោកទាំងមូល។

Neeraj Aggarwal ប្រធានក្រុមហ៊ុនប្រឹក្សាប្រចាំតំបន់ប៉ាស៊ីហ្វិកនៅទីក្រុង Boston បាននិយាយថា ដោយ អាស៊ីមានតួនាទីសំខាន់ក្នុងការប្រែប្រួលអាកាសធាតុ និងចីរភាព ដូច្នេះ ក្រុមហ៊ុនបញ្ញាសប្បនិម្មិត និង ឌីជីថល បានកំពុងពិចារណាក្នុងការផ្លាស់ប្តូរទីតាំងទៅតំបន់អាស៊ី។

“ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ មូលធននីយកម្មទីផ្សារនៅអាស៊ីប៉ាស៊ីហ្វិកបានកើនឡើងចំនួន១៥ ពាន់ពាន់លានដុល្លារ ដែលស្ទើរតែទ្វេដងនៃទំហំនៃទីផ្សារភាគហ៊ុនក្នុងតំបន់។ ក្នុងរយៈពេលពីរបីឆ្នាំទៀត អាស៊ីត្រូវបានគេព្យាករណ៍ថានឹងមានប្រជាជនច្រើនជាងគេក្នុងពិភពលោក»។

យោងតាមទិន្នន័យចុងក្រោយបំផុតពីការិយាល័យស្ថិតិជាតិ សន្ទស្សន៍នៃការទិញ (PMI) សម្រាប់វិស័យផលិតកម្មរបស់ប្រទេសចិនបានជាប់ចំណាត់ថ្នាក់ទី៤៩ ក្នុងខែមិថុនា កើនឡើងពី ៤៨.៨ ក្នុងខែឧសភា ដែលជាសញ្ញាលើកទឹកចិត្តមួយទៀតនៃការពង្រឹងសន្ទុះសេដ្ឋកិច្ច។

ប្រទេសចិនមានបំណងពង្រីកសេដ្ឋកិច្ចរបស់ខ្លួនប្រហែល៥ ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាមរបាយការណ៍ការងាររបស់រដ្ឋាភិបាលនៅឆ្នាំនេះ។ ទិន្នន័យផ្លូវការបានបង្ហាញថា ផលិតផលសរុប របស់ប្រទេសបានកើនឡើង ៤.៥ ភាគរយ ដល់ ៣.៩៧ ទ្រ៊ីលានដុល្លារ នៅក្នុងត្រីមាសទី១នៃឆ្នាំ២០២៣ បើធៀបនឹងឆ្នាំមុន៕ Xinhua

Related Posts

Previous Article

CMAC បើកវគ្គបណ្តុះបណ្តាលរាវរកមីនដល់អ៊ុយក្រែន

Next Article

ការ​សាងសង់អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​សម្រេច​បាន​ជាង ៥០ ភាគរយ