រដ្ឋាភិបាល​ថ្មី​របស់​កម្ពុជា ប្រកាន់​ខ្ជាប់នូវ​គោលនយោបាយ​ចិន​តែមួយ

Khmer Times Share:
AKP

រាជរដ្ឋាភិបាលថ្មី​របស់កម្ពុជា​​នឹង​រក្សា​ជំហរ​មិនកែប្រែ​របស់​ប្រទេស​​ក្នុង​ការ​គាំទ្រ​គោលនយោបាយ​ចិន​តែមួយ និង​ការ​មិន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។

ជំហរនេះត្រូវបានគូសបញ្ជាក់ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងជំនួបជាមួយលោក Wang Yi សមាជិកការិយាល័យនយោបាយ និងជាប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីម្សិលមិញ។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានទទួលយកការអញ្ជើញចូលរួមក្នុងពិធីរំលឹកខួបលើកទី១០ នៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវនៅទីក្រុងប៉េកាំង នាពាក់កណ្តាលខែតុលាឆ្នាំនេះ។

ចំណែកលោក Wang Yi ក៏បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តរបស់ប្រទេសចិនក្នុងការបន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព និងជិតស្និទ្ធជាមួយកម្ពុជា និងត្រៀមខ្លួនក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការ និងវត្តមានរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុង​ពិព័រណ៍​ចិន-អាស៊ាន​លើក​ទី​២០ ឆ្នាំ​២០២៣ ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ណាននីង ប្រទេស​ចិន នៅ​ពាក់​កណ្តាល​ខែ​កញ្ញា។

មេដឹកនាំទាំងពីរបានសន្យាជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនបន្ថែមទៀត ដោយរក្សាបាននូវសមិទ្ធផលនាពេលកន្លងមក ក៏ដូចជាការពង្រីកទិសដៅនៃកិច្ចសហប្រតិបត្តិការលើវិស័យថ្មីៗ ដូចជាអគ្គិសនី ជាពិសេសវារីអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម ពាណិជ្ជកម្ម។ល។

មេដឹកនាំទាំងពីរក៏បានឯកភាពបន្តកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ និងគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។ AKP-C.Nika

Related Posts

Previous Article

កម្ពុជា-ចិនប្តេជ្ញាពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ

Next Article

កម្ពុជា-ចិន ប្ដេជ្ញាលើកកម្ពស់ការកសាងសហគមន៍ដែលមានជោគវាសនារួមគ្នា