ក្រុម​ការងារជូសជុល​​បង្ហាញ​ការ​តាំង​ចិត្តក្នុងការ​​ជួសជុល​ប្រាសាទ​បុរាណ​ដោយ​ប្រើ​បច្ចេកទេស​បុរាណ

Khmer Times Share:

អាជ្ញាធរជាតិអប្សរា ចេញសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញថា​ ក្រុមការងារជួសជុលប្រាសាទបុរាណ បង្ហាញការតាំងចិត្តក្នុងការជួសជុលដោយប្រើបច្ចេកទេសបុរាណ។​

យោងតាមប្រភពដដែល ក្រុមការងារជួសជុលមួយក្រុមនៅការដ្ឋានជ្រុងនិរតីនៃប្រាសាទបាយ័ន កំពុងមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។

ពេលខ្លះក្រុមការងារក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទនិងគោរពតាមធម្មនុញ្ញអង្គរ។

លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ ជាភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជាអ្នកជួសជុលប្រាសាទវិញនោះ បាននិយាយថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ គាត់បានបន្តទៀតថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ ហើយគាត់ក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្លះគាត់ក៏ជួយអូសថ្មដែរ។

គាត់បានបន្ថែមថា ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅពីប្រើជំនាញនិងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយនិងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។

គាត់មិនធ្លាប់សង្ឃឹមថា គាត់អាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើអោយគាត់មានជំនាញនិងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតា។

លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង ឃុំក្រវ៉ាន់ ស្រុកនគរធំ ជាអ្នកជួសជុលប្រាសាទបុរាណម្នាក់ទៀតនៅក្នុងរមណីយដ្ឋានអង្គរជាង២០ឆ្នាំហើយ។ គាត់បាននិយាយថា អ្វីដែលលំបាកសម្រាប់ក្រុមការងារជួសជុលថ្មគឺការរៀបចំផ្គុំថ្មមិនត្រូវតាមលំនាំដើម ដែលទាមទារពេលវេលា ការអត់ធ្មត់ និងការសាមគ្គី។ ពេលខ្លះគាត់ក៏អន់ចិត្តនិងខ្លួនឯងដែលរៀបថ្មមិនត្រូវ។

បើទោះបីជាការងារជួសជុលប្រាសាទបុរាណ មានការលំបាកយ៉ាងណា ក៏កម្មករជំនាញ ដែលកំពុងរួមគ្នាជួសជុលប្រាសាទជាច្រើនមិនបានបង្ហាញអារម្មណ៍នឿយណាយទេ គឺពួកគាត់តែង បង្ហាញអារម្មណ៍រីករាយសប្បាយចិត្ត ដែលបានចូលរួមជួសជុលប្រាសាទបុរាណពីព្រោះថារបស់ទាំងនោះមិនមែនជារបស់ក្រុមអ្នកជួសជុលតែម្នាក់ឯងនោះទេ ប៉ុន្តែជារបស់មនុស្សគ្រប់រូប ហើយពួកយើងអាចចូលរួមអភិរក្សបាន តាមរយៈរូបភាពផ្សេងៗគ្នា។ AKP-C.Nika

Related Posts

Previous Article

មេដឹកនាំកម្ពុជា និងម៉ាឡេស៊ីខិតខំបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀត

Next Article

ហ៊្វុ​ន​ស៊ិន​ប៉ិច​ ​និង​បក្ស​កុម្មុ​យ​នី​ស្ដ​ចិន​​បង្កើន កិច្ច​​សហប្រតិបត្តិការ​ផ្នែក​វប្បធម៌​ ​និង​ការទូត​