កំណើន​ឧស្សាហកម្ម​យឺត​ប៉ះពាល់​ដល់​​សេដ្ឋកិច្ច​របស់​កម្ពុជា ខណៈ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​រំពឹង​ថា​នឹង​ជំរុញ​ការ​នាំ​ចេញ​របស់​កម្ពុជា

Khmer Times Share:
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រកពាណិជ្ជកម្មដ៏សំខាន់របស់ប្រទេស។ Realestate.com

យោងតាមរបាយការណ៍សេដ្ឋកិច្ចរបស់ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃពុធ កំណើនសេដ្ឋកិច្ចរបស់កម្ពុជានឹងធ្លាក់មកនៅត្រឹម ៥.៣ ភាគរយ ពី៥.៥ ភាគរយ នេះបណ្តាលមកពីកំណើនយឺតជាងការរំពឹងទុកនៅក្នុងវិស័យឧស្សាហកម្ម។

យោងតាមរបាយការណ៍ ការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរបានធ្លាក់ចុះ ១៨.៦ ភាគរយនៅឆមាសទីមួយនៃឆ្នាំ២០២៣។ ទោះជាយ៉ាងណាក៏ដោយ ការនាំចេញទំនិញផលិតផ្សេងទៀត ដូចជា គ្រឿងបន្លាស់រថយន្ត បន្ទះស្រូបពន្លឺព្រះអាទិត្យ និងគ្រឿងសង្ហារឹមបានកើនឡើង ២២.៩ ភាគរយ។

លោក Jyotsana Varma នាយកធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំប្រទេសកម្ពុជាបាននិយាយថា ទោះបីជាមានការធ្លាក់ចុះនៃកំណើនឧស្សាហកម្មក្នុងស្រុកកាលពីដើមឆ្នាំនេះក៏ដោយ ប៉ុន្តែការរំពឹងទុកនៃកំណើននៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនគួរតែជំរុញការនាំចេញរបស់កម្ពុជាសម្រាប់ខែដែលនៅសេសសល់ក្នុងឆ្នាំ២០២៣។

លោកក៏បានកត់សម្គាល់ផងដែរថា វិស័យសេវាកម្មបានរួមចំណែកយ៉ាងសំខាន់ដល់កំណើន ដែលលើសពីការរំពឹងទុកនៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ដែលបណ្តាលមកពីកំណើនទេសចរណ៍ដ៏រឹងមាំ។

របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានកែសម្រួលការព្យាករណ៍កំណើនសម្រាប់វិស័យផ្សេងៗ ក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០២៣។ ការព្យាករណ៍កំណើនវិស័យសេវាកម្មត្រូវបានកែសម្រួលពី ៧.៣ ភាគរយទៅ៨ ភាគរយ ខណៈដែលការព្យាករណ៍សម្រាប់កំណើនទិន្នផលឧស្សាហកម្មត្រូវបានកែសម្រួលពី៥.៨ ភាគរយទៅ ៤.៨ ភាគរយ។ ការ​ព្យាករ​សម្រាប់​កំណើន​វិស័យ​កសិកម្ម​ក៏​បាន​ធ្លាក់​ចុះ​បន្តិច​ដែរ​ពី ១.១ ភាគរយ​មក​ត្រឹម ០.៩ ភាគរយ។

ទាក់ទងនឹងអតិផរណា របាយការណ៍នេះបានរក្សាការព្យាករណ៍របស់ខ្លួនត្រឹម៣ ភាគរយសម្រាប់ឆ្នាំនេះ និង ៤ភាគរយសម្រាប់ឆ្នាំក្រោយនេះបណ្តាលមកពីការងើបឡើងវិញនៃវិស័យទេសចរណ៍ និងការជួញដូរពាណិជ្ជកម្មទំនិញ ដែលគួរតែជួយកាត់បន្ថយឱនភាពគណនីចរន្ត។

ទន្ទឹមនឹងនេះ របាយការណ៍ក៏បានលើកឡើងពីហានិភ័យមួយចំនួនចំពោះសេដ្ឋកិច្ចរបស់កម្ពុជា។ ហានិភ័យទាំងនេះរួមមានកំណើនយឺតនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន ចំនួនភ្ញៀវទេសចរធ្លាក់ចុះ លំហូរវិនិយោគផ្ទាល់ពីបរទេស ការរឹតបន្តឹងលក្ខខណ្ឌហិរញ្ញវត្ថុអន្តជាតិ ការកើនឡើងតម្លៃថាមពល កង្វល់អំពីបំណុលឯកជនខ្ពស់ ស្ថិរភាពហិរញ្ញវត្ថុក្នុងស្រុក និងបញ្ហាអាកាសធាតុ។

ឆ្ពោះទៅមុខ ធនាគារអភិវឌ្ឍន៍អាស៊ីបានរក្សាការព្យាករណ៍កំណើនសម្រាប់កម្ពុជាក្នុងអត្រា៦ ភាគរយក្នុងឆ្នាំ២០២៤៕

Related Posts

Previous Article

វៀតណាម ឡាវ និងកម្ពុជា បង្កើនទំនាក់ទំនងក្នុងការស្រាវជ្រាវបែបវិទ្យាសាស្ត្រ

Next Article

កម្ពុជា និង​ចិន​ចុះ​ហត្ថលេខា​លើ​ពិធីសារ​ស្តីពីតម្រូវការ​រភូតគាមអនាម័យ​សម្រាប់​ការ​នាំ​ចេញ​ដូង​ស្រស់