យុទ្ធនាការរបស់អង្គការ UNICEF ប្រយុទ្ធប្រឆាំងនឹងការកេងប្រវ័ញ្ចផ្លូវភេទលើកុមារនៅកម្ពុជាតាមប្រព័ន្ធឌីជីថល

Khmer Times Share:
UNICEF

មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា កំពុងអនុវត្តយុទ្ធនាការឌីជីថលដែលមានឈ្មោះថា “តោះ និយាយ” ដើម្បីដោះស្រាយភាពងាយរងគ្រោះរបស់ក្មេងជំទង់កម្ពុជាតាមប្រព័ន្ធអ៊ីនធឺណិត។

ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃពុធថា យុទ្ធនាការរយៈពេលបីខែចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែសីហា មានគោលបំណងកាត់បន្ថយចំនួនកុមារដែលរងការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត តាមរយៈយុទ្ធនាការប្រកបដោយភាពច្នៃប្រឌិត និងអន្តរកម្មដែលនិយាយអំពី “ការរំលោពបំពាន” ។

នៅក្នុងប្រទេសកម្ពុជា ១១% នៃកុមារដែលប្រើអ៊ីនធឺណិតមានអាយុពី ១២-១៧ ឆ្នាំបានជួបប្រទះ ការកេងប្រវ័ញ្ចផ្លូវភេទ និងការរំលោភបំពានតាមប្រព័ន្ធអ៊ីនធឺណិត នេះរួមបញ្ចូលទាំងការបង្ខំកុមារឱ្យចូលរួមក្នុងសកម្មភាពផ្លូវភេទ និងចែករំលែករូបភាពអាសអាភាស។

កុមារប្រហែល ១៦% មានវិបត្តិផ្លូវចិត្តបណ្តាលមកពីការនិយាយមិនសមរម្យនៅលើបណ្តាញសង្គមដែលធ្វើឱ្យពួកគេមានអារម្មណ៍មិនស្រួល។

លោក Will Parks តំណាងអង្គការយូនីសេហ្វកម្ពុជា បាននិយាយថា “នៅក្នុងបរិបទដែលការរាយការណ៍អំពីការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទតាមអ៊ីនធឺណិតជាបញ្ហាគួរឱ្យអាម៉ាស់ វាជារឿងសំខាន់ដែលយើងត្រូវបង្កើតបរិយាកាសល្អដែលពួកគេអាចផ្តល់ព័ត៌មាន ប្រសិនបើយើងចង់បង្កើតការផ្លាស់ប្តូរប្រកបដោយប្រសិទ្ធភាព និងកាត់បន្ថយហានិភ័យសម្រាប់មនុស្សវ័យជំទង់។

លោកបានបន្តថា “យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយសង្គមនេះជួយយុវជនដោយប្រើប្រាស់បច្ចេកទេសនិយាយ និងបច្ចេកវិទ្យាដើម្បីពង្រឹង និងការពារពួកគេពីគ្រោះថ្នាក់”។

សេចក្តីប្រកាសព័ត៌មានបានឱ្យដឹងទៀតថា យុវជន និងសាធារណជនអាចទំនាក់ទំនងគ្នានៅលើបណ្តាញសង្គម Facebook និង Instagram របស់អង្គការ UNICEF ដោយរំពឹងថានឹងមានយុវជនជាងពីរលាននាក់ចូលរួមជាមួយយុទ្ធនាការតាមប្រព័ន្ធអ៊ីនធឺណិតក្នុងរយៈពេលបីខែនេះ៕ Xinhua

Related Posts

Previous Article

អជ្ញាធរជាតិអប្សរា រៀបចំទិសដៅទស្សនាសម្រាប់ភ្ញៀវទេសចរនៅប្រាសាទតាកែវ

Next Article

កម្ពុជា​សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃមជ្ឈ​ភាព​អាស៊ាន​ដើម្បីភ្ជាប់ទំនាក់ទំនង​ជាមួយ​ដៃគូ​ខាងក្រៅ