ជំនួយ​របស់​ចិន​លើ​ការងារ​បោស​សម្អាត​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅ​កម្ពុជា ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​ជាង ១​លាន​នាក់

Khmer Times Share:
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានប៉ាន់ប្រមាណថាមានគ្រាប់មីនប្រមាណពី ៤ ទៅ ៦ លានគ្រាប់នៅក្នុងប្រទេសកម្ពុជា ខណៈអ្នកខ្លះប៉ាន់ស្មានថាចំនួនអាចកើនដល់ ១០លានគ្រាប់។ សហការី

មន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍ថា ជំនួយរបស់ប្រទេសចិនក្នុងការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម (ERWs) នៅកម្ពុជាបានផ្តល់ផលប្រយោជន៍ដល់ប្រជាជនជាងមួយលាននាក់។

លោក លី ធុច ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃអាជ្ញាធរសកម្មភាពកម្ចាត់មីន និងជំនួយជនរងគ្រោះដោយសារមីនកម្ពុជា (CMAA) មានប្រសាសន៍ថា គម្រោងកម្ចាត់មីនកម្ពុជា ដែលផ្តល់ជំនួយដោយប្រទេសចិន បានអនុវត្តតាំងពីឆ្នាំ ២០១៨ ក្នុងខេត្តចំនួន ៧ គឺខេត្តកំពង់ធំ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង កំពង់ឆ្នាំង និងស្វាយរៀង។

ក្រោមគម្រោងនេះ កម្ពុជាបានបោសសម្អាតដីដែលមានគ្រាប់មីនចំនួន ១០៥,៨ គីឡូម៉ែត្រក្រឡា ដោយលោកបានបន្ថែមថា គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម សរុបចំនួន ៧៦,០៣៧គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។

លោក លី ធុច បានប្រាប់សារព័ត៌មាន Xinhua ថា “គម្រោងនេះបានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ៣៤៣,១៥៨គ្រួសារ ដែលមានចំនួន ១,២៨ លាននាក់” ។ “ជំនួយមនុស្សធម៌របស់ប្រទេសចិនបានជួយសង្គ្រោះជីវិតមនុស្សជាច្រើន កាត់បន្ថយការស្លាប់និងរបួស និងបានជួយកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទរបស់ប្រទេសកម្ពុជា”។

លោកបានមានប្រសាសន៍ថា គម្រោងកម្ចាត់មីនកម្ពុជាដែលផ្តល់ជំនួយដោយប្រទេសចិនក្នុងដំណាក់កាលទី៣ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ត្រូវបានគេរំពឹងថានឹងបោសសម្អាតដីមីន និងដីដែលមានសំណល់ជាតិផ្ទុះពីសង្គ្រាម ចំនួន ១០១,៥គីឡូម៉ែត្រការ៉េ ហើយប្រជាជនប្រហែល ២លាននាក់នឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។

លោក លី ធុច បានមានប្រសាសន៍ថា “តាមរយៈជំនួយរបស់ប្រទេសចិន យើងសង្ឃឹមថា កម្ពុជានឹងទទួលបានជោគជ័យក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រជាតិសម្រាប់សកម្មភាពមីន ២០១៨-២០២៥ ឆ្ពោះទៅរកប្រទេសកម្ពុជាគ្មានគ្រាប់មីននៅឆ្នាំ ២០២៥”។

កម្ពុជា​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​រង​គ្រោះ​ខ្លាំងបំផុត​ដោយ​សារ​គ្រាប់​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ មានគ្រាប់មីនប្រហែលពី ៤លានទៅ ៦លានគ្រាប់ និងសំណល់ជាតិផ្ទុះផ្សេងទៀតត្រូវបានបន្សល់ទុកពីសង្គ្រាម និងជម្លោះផ្ទៃក្នុងរយៈពេល ៣ទសវត្សរ៍ ដែលបានបញ្ចប់ក្នុងឆ្នាំ១៩៩៨។

យោងតាមសាកលវិទ្យាល័យ Yale បានឱ្យដឹងថា ចន្លោះឆ្នាំ ១៩៦៥ ដល់ឆ្នាំ ១៩៧៣ សហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកប្រមាណ ២៣០,៥១៦ គ្រាប់លើទីតាំងចំនួន ១១៣,៧១៦កន្លែង ក្នុងប្រទេសកម្ពុជា។

លោក លី ធុច បានមានប្រសាសន៍ថា ចាប់ពីឆ្នាំ ១៩៧៩ ដល់ខែមិថុនា ឆ្នាំ ២០២៣ ការផ្ទុះមីន និង សំណល់ជាតិផ្ទុះសល់ពីសង្រ្គាម បានសម្លាប់មនុស្ស ១៩,៨២១ នាក់ និងបង្ករបួស និងពិការមនុស្សចំនួន ៤៥,២០៥ នាក់ផ្សេងទៀត “ធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមួយដែលមានចំនួនអ្នកស្លាប់និងរបួសច្រើនជាងគេ” ។

លោកបានមានប្រសាសន៍ថា ចាប់តាំងពីឆ្នាំ១៩៩២ មក ផ្ទៃដីទំហំ ២,៧៦១គីឡូម៉ែត្រការ៉េត្រូវបានសម្អាត ដោយកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសពី ៤,៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកចំនួនតិចជាង១០០នាក់ ក្នុងមួយឆ្នាំជាមធ្យមក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។

ទោះជាយ៉ាងនេះក្តី កម្ពុជានៅតែត្រូវបោសសម្អាតផ្ទៃដីដែលនៅសេសសល់ចំនួន ១,៨១៧ គីឡូម៉ែត្រក្រឡា ដោយលោកបានបន្ថែមថា ផ្ទៃដីប្រមាណ ៥៣៨ គីឡូម៉ែត្រក្រឡា នៅមានសំណល់ជាតិផ្ទុះ។

លោកបានមានប្រសាសន៍ថា “យើងត្រូវតែបង្កើនកិច្ចខិតខំប្រឹងប្រែង និងពន្លឿនសកម្មភាពដើម្បីសម្រេចបាននូវគោលដៅនៃប្រទេសកម្ពុជាគ្មានមីននៅឆ្នាំ២០២៥” ៕ Xinhua

Related Posts

Previous Article

ការសិក្សា​បង្ហាញ​ពី​ជំងឺ​ផ្ដាសាយ​ជ្រូក​ចម្រុះ​ដែលឆ្លងសត្វ​ជ្រូកនៅ​កម្ពុជា​រយៈពេល​១៥​ឆ្នាំ​

Next Article

សេចក្តីថ្លែងការណ៍របស់ទីក្រុងញូវដែលីនៃកិច្ចប្រជុំ G20 ឆ្លុះបញ្ចាំងពីភាពចាស់ទុំ និងឆ្លាតវៃរបស់ឥណ្ឌាចំពោះបញ្ហាភូមិសាស្ត្រនយោបាយ