តំបន់វាលស្មៅបាកានត្រូវបានប្រែក្លាយទៅជាតំបន់ការពារធម្មជាតិ

Share:
ប្រភេទបក្សីនៅវាលស្មៅដែលបានប្រែក្លាយទៅជាតំបន់ការពារធម្មជាតិ។ AKP/WCS

តំប់វាលស្មៅបាកានក្នុងខេត្តពោធិសាត់ ត្រូវបានហៅជាផ្លូវការថា តំបន់ការពារទេសភាពបាកាន។

សេចក្តីប្រកាសស្តីពីបង្កើតតំបន់នេះត្រូវបានរៀបចំឡើងដោយអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) កម្ពុជា សហការជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានពោធិ៍សាត់។

តាមការចេញផ្សាយព័ត៌មានរបស់អង្គការ WCS កាលពីថ្ងៃសុក្រ នេះគឺជាជំហានដ៏សំខាន់សម្រាប់ការ ការពារជម្រកជីវចម្រុះ និងអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលក្នុងនោះ ប្រទេសកម្ពុជាបាន ចូលរួមប្ដេជ្ញាការពារអភិរក្សធនធានធម្មជាតិនិងជីវចម្រុះឱ្យបាន៣០គុណ៣០ភាគរយទាំងផ្ទៃដីនិងសមុទ្រ លើផែនដីត្រឹមឆ្នាំ២០៣០។

យោងតាមប្រភពដដែលបានឱ្យដឹងថា តំបន់ការពារទេសភាពបាកានលាតសន្ធឹងលើផ្ទៃដីសរុបចំនួន ៣៨, ៤៣០ហិកតា បើប្រៀបធៀបទៅនឹងតំបន់រួមបញ្ចូលគ្នានៃកោះ Galapagos តំបន់ទេសភាពបាកាន គឺជាតំបន់ដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប។ តំបន់ការពារនេះ មានសភាព ជាវាលស្មៅលិចទឹក និងជាទីជម្រកសម្រាប់សត្វរស់នៅក្នុងទឹកក្នុងរដូវវស្សា។ តំបន់នេះក៏ជាទីជម្រកនៃប្រភេទសត្វបក្សីជិតផុតពូជដូចជា សត្វខ្សឹប​ សត្វចាបស្មៅម៉ាន់ជូរ​ ហើយជាពិសេសគឺសត្វចាបស្មៅចុងខ្នងត្នោត ដែលមានវត្តមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា។

ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ អង្គការសមាគមអភិរក្សសត្វព្រៃ និងដៃគូពាក់ព័ន្ធបានចំណាយពេលវេលាក្នុងការតស៊ូមតិនិងសម្របសម្រួលក្នុងការដាក់បញ្ចូលតំបន់នេះទៅជាតំបន់ការពារ ដោយយោងទៅលើគុណតម្លៃ និងការទទួលស្គាល់អំពីសារសំខាន់នៃប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់នេះតាំងពីដើមឆ្នាំ ២០០០ ។ នេះជាការដាក់បញ្ចូលតំបន់នេះទៅជាតំបន់ការពារលើកដំបូង ក្រោយពីមានវិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលទាំងនេះ បង្ហាញពីការយកចិត្តទុកដាក់លើការងារអភិរក្សប្រព័ន្ធអេកូឡូស៊ី។

ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ តំបន់បឹងទន្លេសាបបានប្រឈមនឹងបញ្ហាស្តីពីការប្រើប្រាស់ដីយ៉ាងគំហុក ដែលជា កត្តាគំរាមកំហែងដល់ជីវចម្រុះក្នុងតំបន់នេះ។ តំបន់ការពារទេសភាពបាកាន គឺជាទីជម្រកវាលស្មៅលិចទឹក ធម្មជាតិ ដ៏សំខាន់ចុងក្រោយដែលត្រូវការពារ នៅតំបន់ភាគខាងត្បូងនៃតំបន់ទំនាបទន្លេសាប។

សហគមន៍មូលដ្ឋានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិរក្សតំបន់នេះ។ មិនតែប៉ុណ្ណោះការចូលរួមរបស់សហគមន៍ គឺជាកត្តាដ៏សំខាន់ដែលធ្វើអោយមានការដាក់បញ្ចូលតំបន់នេះទៅជាតំបន់ការពារ ហើយពួកគេក៏នៅតែបន្តសកម្មភាព ចូលរួមនានាដែលមានលក្ខណៈបែបប្រពៃណីនិងការងារអភិរក្សប្រព័ន្ធអេកូចម្រុះនេះ។

ការបង្កើតតំបន់ការពារទេសភាពបាកានមិនគ្រាន់តែជាសមិទ្ធិផលថ្នាក់ជាតិប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាជំហានដ៏ធំមួយក្នុងការចូលរួម សកម្មភាពសកល ដោយអនុលោមទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ៣០ គុណ ៣០។ ប្រទេសជាង១០០ រួមមានទាំងប្រទេសកម្ពុជាក៏បានចូលរួមប្ដេជ្ញាក្នុងការស្ដារការបាត់បង់ជីវចម្រុះ ក៏ដូចជាឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងធានានូវអនាគតប្រកបដោយចីរភាពសម្រាប់ភពផែនដីរបស់យើង។

តាមរយៈ កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃក្រសួងបរិស្ថាន អង្គការ WCS Cambodia សហគមន៍មូលដ្ឋាន អង្គការ Rainforest Trust អង្គភាព Margaret A. Cargill Philanthropies និងគម្រោងទន្លេសាបយើងដែលស្ថិតក្រោមជំនួយរបស់សហភាពអឺរ៉ុប  ភាពជោគជ័យនេះគឺជានិមិត្តរូបនៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សតំបន់ការពារទេសភាពនិងការគាំទ្រសហគមន៍ផងដែរ។

  1. Nika – AKP

Related Posts

Previous Article

​សហ​ព័ន្ធ​ធុរកិច្ច​សិង្ហបុរី​៖​ ​ប្រទេស​កម្ពុជា​ជាគោល​ដៅ​ដ៏​ល្អ​សម្រាប់​ការ​វិនិយោគ​

Next Article

និស្សិតខ្មែរនៅអូស្ត្រាលីបង្កើតកម្មវិធីដែលកាត់បន្ថយគម្លាតភាសាបញ្ញាសិប្បនិម្មិត