កម្ពុជាថ្លែងអំណរគុណដល់អ្នកសង្កេតការណ៍អន្តរជាតិសម្រាប់ការវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន

Khmer Times Share:
លោក សួស យ៉ារ៉ា (ទី៣ ពីស្តាំ) ជាមួយអ្នកសង្កេតការណ៍។ AKP

កម្ពុជាបានថ្លែងអំណរគុណចំពោះអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិដែលបានចូលរួមសង្កេតការបោះឆ្នោតនៅកម្ពុជា ដែលនេះបានចូលរួមចំណែកយ៉ាងធំធេង និងវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

ក្នុងជំនួបនាពេលថ្មីៗនេះ នៅរាជធានីភ្នំពេញ ជាមួយគណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិផ្សេងៗ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណចំពោះការចូលរួមរបស់អ្នកសង្កេតការណ៍ក្នុងការបោះឆ្នោត ដោយលោកបានសង្កត់ធ្ងន់ថា អ្នកសង្កេតការណ៍បានរួមចំណែកយ៉ាងធំធេងក្នុងការវាយតម្លៃប្រកបដោយភាពយុត្តិធម៌ដល់ការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

លោកបានបន្តទៀតថា វត្តមានរបស់គណៈប្រតិភូអ្នកសង្កេតការណ៍អន្តរជាតិនៅកម្ពុជា មិនត្រឹមតែឆ្លុះបញ្ចាំងពីការបោះឆ្នោតប្រកបដោយតម្លាភាព សេរី និងយុត្តិធម៌របស់ប្រទេសប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកក្នុងការលើកកម្ពស់ទំនាក់ទំនងជិតស្និទ្ធ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងប្រជាជាតិនានាជុំវិញពិភពលោក។

លោកក៏បានថ្លែងអំណរគុណ និងពេញចិត្តចំពោះការវាយតម្លៃត្រឹមត្រូវ របស់អ្នកសង្កេតការណ៍អន្តរជាតិនៃដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោតនៅកម្ពុជា។

ក្នុងសន្និសីទសារព័ត៌មានដាច់ដោយឡែកក្រោយការបោះឆ្នោត អ្នកសង្កេតការណ៍អន្តរជាតិបាននិយាយថា ការបោះឆ្នោតសកលលើកទី៧ របស់កម្ពុជាមានលក្ខណៈសេរី ត្រឹមត្រូវ និងតម្លាភាព ហើយលទ្ធផលបោះឆ្នោតបានឆ្លុះបញ្ចាំងពីឆន្ទៈពិតប្រាកដរបស់ប្រជាជនកម្ពុជា។

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ បានប្រព្រឹត្តិទៅកាលពីថ្ងៃទី២៣ ខែកក្កដា នៅតាមការិយាល័យបោះឆ្នោតចំនួន ២៣.៧៨៩ នៅទូទាំងប្រទេស ដោយមានការចូលរួមពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជិត ១០ម៉ឺននាក់។

យោងតាមលទ្ធផលបឋមដែលទទួលបានពីការិយាល័យបោះឆ្នោតទូទាំងប្រទេស បានបង្ហាញថា គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតភ្លូកទឹកភ្លូកដី។

លទ្ធផលបណ្តោះអាសន្ននឹងត្រូវប្រកាសនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ ហើយបើគ្មានការតវ៉ាណាមួយពាក់ព័ន្ធនឹងលទ្ធផលនោះ គ.ជ.ប នឹងប្រកាសលទ្ធផលផ្លូវការនៅចន្លោះថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣៕ Lim Nary – AKP

Related Posts

Previous Article

ផ្លូវក្រវ៉ាត់ក្រុងទី៣ នឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសប្តាហ៍ក្រោយ

Next Article

មានភ្ញៀវទេសចរជិត ២៧០,០០០ នាក់បានដើរលេងកម្សាន្តនៅកម្ពុជាក្នុងអំឡុងសប្តាហ៍បោះឆ្នោត