​រដ្ឋមន្ត្រី​អប់រំ​​ផ្អាក​បង្កើត​គ្រឹះស្ថាន​សិក្សា​ឯកជន​ថ្មី​ដើម្បី​វាយ​តម្លៃ​គ្រូបង្រៀន​សាលារៀន​រដ្ឋ​

​ត​ន​ ​វិបុល​ / Khmer Times Share:
សិស្សកំពុងសិក្សា​នៅសាលារដ្ឋមួយនៅរាជធានីភ្នំពេញ។ រូបភាព៖ ខ្មែរថាមស៍

 

​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​បាន​សម្រេច​ផ្អាក​បណ្តោះ​អាសន្ន​ការ​បង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​ ​ជាពិសេស​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ដើម្បី​វាយ​តម្លៃ​គ្រូបង្រៀន​នៅ​វិ​ស​័​យ​អប់រំ​សាធារណៈ​ដែល​បាន​ទៅ​បង្រៀន​នៅ​គ្រឹះស្ថានសិក្សា​ឯកជន​ទាំងនោះ​។​

​ការ​សម្រេច​ផ្អាក​បង្កើត​គ្រឹះស្ថាន​អប់រំ​ក្នុង​វិ​ស​័​យ​ឯកជន​ជា​បណ្ដោះអាសន្ន​នេះ​ត្រូវ​បាន​លោក​ ​ហ​ង់​ជួនណា​រ៉ុ​ន​ ​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការ​ផ្សព្វផ្សាយ​យុទ្ធសាស្ដ្រ​កំណែ​ទម្រង់​វិ​ស​័​យ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​ឆ្នាំ​២​០​២​៣​-​
២​០​២​៨​ ​កាលពី​ថ្ងៃ​ពី​ថ្ងៃសៅរ៍​ស​ប្ដាហ៍​មុន​។​

​លោក​ ​ហ​ង់​ជួន​ ​ណា​រ៉ុ​ន​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​បាន​និយាយ​ថា​ ​លោក​សម្រេច​ឈប់​ឱ្យ​បើក​គ្រឹះស្ថាន​អប់រំ​ក្នុង​វិ​ស​័​យ​ឯកជន​ជា​បណ្ដោះអាសន្ន​ ​បន្ទាប់ពី​ពិនិត្យ​មើល​ឃើញ​ពេល​អនុញ្ញាត​ឱ្យ​បន្ត​បង្កើត​គ្រឹះស្ថានសិក្សា​ឯកជន​ ​គឺ​ប្រាកដជា​សាលារៀន​ឯ​ន​ជន​ទាំងនោះ​យក​គ្រូ​បង្រៀន​ពី​សាលារៀន​សាធារណៈ​ដែល​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​គុណភាព​បង្រៀន​នៅ​គ្រឹះស្ថាន​អប់រំ​របស់​រដ្ឋ​។​

​ទន្ទឹម​នឹង​ការ​សម្រេច​ផ្អាក​នេះ​ ​លោក​បាន​ដាក់​ភារកិច្ច​ដល់​ក្រុម​ការងារ​គោល​នយោបាយ​គិតគូរ​និង​សិក្សា​វាយ​តម្លៃ​លើ​ករណី​នេះ​ ​ហើយ​លោក​នឹង​អនុញ្ញាត​ឱ្យ​បង្កើត​សាលារៀន​ឯកជន​បន្ត​ទៀត​នៅ​ពេល​មាន​ការសិក្សា​និង​វាយ​តម្លៃ​គ្រូបង្រៀន​ច្បាស់លាស់​។​

​លោក​បាន​ទទួលស្គាល់​ថា​៖​ ​«​គ្រឹះស្ថាន​អប់រំ​ក្នុង​វិ​ស​័​យ​ឯកជន​ល្អ​ ​ប៉ុន្តែ​ប្រសិន​បន្ត​បង្កើត​កាន់តែ​ច្រើន​ ​គឺ​ទាញ​យក​គ្រូបង្រៀន​របស់យើង​កាន់តែ​ច្រើន​ ​ហើយ​ទាញ​យក​សិស្ស​ពី​សាលារៀន​របស់​រដ្ឋ​កាន់តែ​ច្រើន​ផង​ដែរ​។​ ​អ៊ីចឹង​សូម​សិក្សា​វា​តម្លៃ​យ៉ាងណា​ឱ្យ​មាន​តុល្យភាព​រវាង​សាលារៀន​ឯកជន​និង​សាលារៀន​របស់​រដ្ឋ​»​។​

​បន្ថែម​លើស​ពី​នេះ​ ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ជំរុញ​ឱ្យ​ពង្រឹង​សាលារៀន​ក្នុង​វិ​ស​័​យ​សាធារណៈ​ជាមួយនឹង​ការសិក្សា​ពី​លំ​ហូរ​សិស្ស​នុ​សិស្ស​។​

​លោក​ ​ហែម​ ​ស៊ីណា​រ៉េត​ ​ប្រធានមន្ទីរ​អប់រំ​ ​យុវជន​ ​និង​កីឡា​ ​រាជធានី​ភ្នំពេញ​ ​បាន​លើកឡើង​ថា​ ​លោក​មិនទាន់​បាន​ដឹង​លម្អិត​ទាក់ទង​នឹង​គោល​នយោបាយ​កំណែ​ទម្រង់​របស់​​​ក្រសួង​អប់រំ​ ​ព្រោះ​មន្ទីរអប់រំ​មាន​តួនាទី​ត្រឹមតែ​ទទួល​យក​ផែនការ​មក​អនុវត្ត​តាម​ប៉ុណ្ណោះ​។​

​យ៉ាងណា​លោក​បាន​ចំណាប់អារម្មណ៍​លើ​រឿង​នេះ​ថា​ ​គ្រូបង្រៀន​ដែល​ទៅ​បង្រៀន​នៅ​សាលារៀន​ឯកជន​ភាគច្រើន​ ​គឺជា​គ្រូបង្រៀន​របស់​សាលារៀន​សាធារណៈ​។​

​លោក​ពន្យល់​ថា​ ​ការ​បង្កើត​សាលារៀន​ឯកជន​មាន​ច្រើន​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ​ហើយ​ជា​ធម្មតា​គ្រូបង្រៀន​ដែល​មាន​តួនាទី​នៅ​ក្នុង​សាលារៀន​របស់​រដ្ឋ​តែងតែ​ទៅ​បង្រៀន​សិស្ស​នៅ​សាលារៀន​ឯកជន​ ​បន្ទាប់ពី​ពួកគេ​បញ្ចប់​ភារកិច្ច​បង្រៀន​នៅ​សាលារៀន​របស់​រដ្ឋ​ ​ប៉ុន្តែ​នេះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួកគេ​។​

​លោក​កត់​សម្គាល់​ឃើញ​បញ្ហា​សំខាន់​នៅ​ក្នុង​រឿង​នេះ​ ​គឺ​នៅ​តំបន់​ណា​ដែល​បង្កើត​សាលារៀន​ឯកជន​ច្រើន​ ​សិស្ស​របស់​សាលារៀន​រដ្ឋ​នឹង​ថយ​ចុះ​។​ ​បញ្ហា​ថយ​ចុះ​នេះ​ធ្វើ​ឱ្យ​គ្រូបង្រៀន​នៅ​សាលារៀន​សាធារណៈ​លើស​គ្រូបង្រៀន​។​

​លោក​បាន​បញ្ជាក់​ថា​៖​ ​«​ខ្ញុំ​គ្រប់គ្រង​សាលារៀន​សាធារណៈ​ក្នុង​ខណ្ឌ​ទាំង​១​៤​ ​គឺ​សាលារៀន​សាធារណៈ​ចំនួន​ពីរ​នៅ​ក្នុង​ខណ្ឌ​ចំការមន​និង​ខណ្ឌ​បឹង​កេងកង​ ​ដែល​មាន​គ្រូបង្រៀន​សល់​ច្រើន​ដោយសារ​សិស្ស​នៅ​សាលារៀន​ទាំងនោះ​មានការ​ថយ​ចុះ​បណ្ដាលមកពី​ក្នុង​ខណ្ឌ​ទាំងពីរ​នេះ​មាន​សាលារៀន​ឯកជន​ច្រើន​»​។​

​លោក​បន្ត​ថា​៖​ ​«​ទោះបីជា​មានការ​បង្កើត​សាលារៀន​ឯកជន​ច្រើន​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ពង្រឹង​ការ​គ្រប់គ្រង​ការ​តាមដាន​ការ​បង្រៀន​នៅ​តាម​សាលារៀន​សាធារណៈ​ឱ្យ​បាន​ល្អិតល្អន់​ ​គឺជា​ចំណែក​មួយ​នៃ​ការ​ទប់​ស្កាត់​លំ​ហូរ​សិស្ស​ទៅ​រៀន​នៅ​សាលារៀន​ឯកជន​»​។​

​លោក​ទទួលស្គាល់​ថា​៖​ ​«​កន្លង​មកសាលារៀន​សាធារណៈ​បាន​ផ្ដល់​ព័ត៌មាន​របស់​សិស្ស​ទៅកាន់​អាណា​ព្យា​បាយ​របស់​ពួកគេ​មាន​ភាព​យឺតយ៉ាវ​។​ ​ចំណែក​សាលារៀន​ឯកជន​បាន​ផ្ដល់​ព័ត៌មាន​ភ្លាម​ៗ​អាណាព្យាបាល​នៅពេលដែល​កូន​ពួកគេ​អវត្តមាន​»​។​

​ទាក់ទង​នឹង​គុណភាព​អប់រំ​រវាង​សាលារៀន​ឯកជន​និង​សាលារៀន​សាធារណៈ​ត្រូវ​បាន​លោក​វាយ​តម្លៃ​មានគុណ​ភាព​ដូចគ្នា​ ​ប៉ុន្តែ​ដោយសារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ប្រកាន់យក​សេដ្ឋកិច្ច​ទី​ផ្សារ​សេរី​ ​គួបផ្សំ​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​អាណាព្យាបាល​សិស្ស​មានលទ្ធភាព​បាន​ជ្រើសរើស​សាលារៀន​ឯកជន​ជាគោល​ដៅ​អប់រំ​កូន​ ​គឺជា​ការ​សម្រេច​ចិត្ត​របស់​ពួកគេ​។​

​អ្នកស្រី​ ​អ៊ុក​ ​ឆា​យ៉ា​វី​ ​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ ​បាន​មើលឃើញ​ថា​ ​ប្រសិនបើ​ក្រសួង​អប់រំ​ធ្វើ​បែប​នេះ​ ​គួរតែ​ក្រសួង​អប់រំ​យកចិត្តទុកដាក់​និង​គិតគូរ​ដល់​សាលារៀន​សាធារណៈ​ឱ្យ​បាន​ខ្លាំង​ ​ពីព្រោះ​សព្វថ្ងៃ​សាលារៀន​សាធារណៈ​មិនសូវ​មានការ​យកចិត្ត​ទុកដ​ាក់​ពី​ក្រសួង​អប់រំ​ទេ​។​

​អ្នកស្រី​បន្ត​ថា​ ​ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ ​គ្រូបង្រៀន​ជាច្រើន​បាន​សម្រេច​ទៅ​បង្រៀន​នៅ​សាលារៀន​ឯកជន​ ​ដើម្បី​ទទួល​បាន​ប្រាក់ចំណូល​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​របស់​ពួកគាត់​។​ ​ដូច្នេះ​ប្រសិនបើ​មិន​ចង់​ឱ្យ​គ្រូបង្រៀន​ទៅ​បង្រៀន​សាលារៀន​ឯកជន​លុះត្រាតែ​ក្រសួង​អប់រំ​បង្កើន​ប្រាក់ចំណូល​សម្រាប់​គ្រូបង្រៀន​ឱ្យ​បាន​សមរម្យ។​ ​ពេល​នោះ​ការ​លើក​ក​ម្ពស់​សាលារៀន​សាធារណៈ​កាន់តែ​ល្អ​ប្រសើរ​។​

​អ្នកស្រី​និយាយ​ថា​៖​ ​«​សព្វថ្ងៃ​សាលារៀន​របស់​រដ្ឋ​ ​ក៏ដូចជា​សាលារៀន​ឯកជន​ដែរ​ ​ព្រោះ​តម្រូវ​ឱ្យ​អាណាព្យាបាល​បង់លុយ​សម្រាប់​កូន​ពួកគាត់​បាន​សិក្សា​។​ ​ចំណុច​នេះ​ហើយដែល​ដូចជា​សាលារៀន​ឯកជន​»​៕​​

Related Posts

Previous Article

ធនាគារជាតិនៃកម្ពុជា​ត្រៀម​ចាត់​វិធានការ​រក្សា​ស្ថិរភាព​អត្រា​ប្ដូរ​ប្រាក់​

Next Article

កូរ៉េ​ខាងត្បូង​ ​នឹង​នាំ​សាច់គោ​លេខ​១​ ​H​an​woo​ ​មក​កម្ពុជា​ជាលើកដំបូង​