​ប្រជាជន​កម្ពុជា​កើន​ពី​១​១​,​៤​លាន​នាក់​មកដល់​១​៦​,​៨​លាន​នាក់​ក្នុងរយៈពេល​២​៤​ឆ្នាំ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ក្រុម​យុវជន​​ជួបជុំគ្នា​នៅមុខ​ព្រះបរមរាជវាំង​។​ ​ខ្មែរ​ថា​ម​ស៍​៖​ ​Pier​r​e​ ​Rouse​l​

 

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​អះអាង​ថា​ ​ចាប់ពី​ឆ្នាំ​១​៩​៩​៨​ ​មកដល់​ឆ្នាំ​ ២​០​២​២​ ​អត្រា​ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ពី​១​១​,​៤​លាន​នាក់​មកដល់​១​៦​,​៨​លាន​នាក់​។​ ​ក្នុង​រយៈពេល​២​៤​ឆ្នាំ​មកនេះ​ ​អត្រា​ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​៥​,​៤​លាន​នាក់​ ​ដែល​ជា​អត្រា​កំណើន​កើន​ឡើង​យឺត​។​

​ពីម្សិលមិញ​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ផ្ញើ​សារលិខិត​សម្រាប់​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣​៤​ ​ដែល​ប្រារព្ធ​ធ្វើ​ក្រោម​ប្រធាន​បទ​ ​«​ការ​បញ្ចេញ​អនុភាព​នៃ​សមភាព​យេ​ន​ឌ​័​រ​៖​ ​ការ​ជ្រោង​ឡើង​នូវ​សំឡេង​ស្ត្រី​និង​ក្មេង​ស្រី​ដើម្បី​បង្ហាញ​ពី​លទ្ធភាព​គ្មាន​ដែន​កំណត់​នៃ​ពិភពលោក​យើង​»​។​

​ក្នុង​សារលិខិត​ក​ម្រាស់​៥​ទំព័រ​ ​ដែល​មាន​ហត្ថលេខា​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​ឱ្យ​ដឹង​ថា​ ​ការ​កើន​ឡើង​ប្រជាជន​កម្ពុជា​រយៈពេល​ជាង​ពីរ​ទ​ស្ស​វត្សរ៍​មកនេះ​ ​គឺ​បណ្តាល​មក​ពី​ការ​ធ្លាក​់ចុះ​នៃ​អត្រា​មរណភាព​ ​ការ​កើន​ឡើង​នៃ​អាយុ​សង្ឃឹម​រស់​ ​និង​សន្ទុះ​កំណើន​។​

​លោក​ ​ហ៊ុន​ ​សែន​ ​​បញ្ជាក់​ក្នុង​សារលិខិត​ថា​ ​អត្រា​មរណភាព​មាតា​បាន​ធ្លាក់ចុះ​ពី​៨​១​០​នាក់​ក្នុង​ ​១​០​០​ ​០​០​០​កំណើត​រស​់នៅ​ឆ្នាំ​២០០៨​ ​មក​ត្រឹម​១​៧​០​នាក់​ក្នុង​១​០​០​ ​០​០​០​កំណើត​រស់​នៅ​ឆ្នាំ​២​០​១​៤​ ​និង​នៅ​ត្រឹម​១​៥​៤​នាក់​ក្នុង​១០០ ០០០​កំណើត​រស់​នៅ​ឆ្នាំ​២​០​២​១​-​២​០​២​២​។​

​ចំពោះ​អត្រា​មរណភាព​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​បាន​ថយ​ចុះ​ពី​១​២​៤​នាក់​ក្នុង​ ​១​ ​០​០​០​កំណើត​រស់​នៅ​ឆ្នាំ​២​០​០​០​ ​មក​ត្រឹម​៥​៥​នាក់​ក្នុង​ ​១​ ​០​០​០​កំណើត​រស់​នៅ​ឆ្នាំ​២​០​១​០​ ​និង​មក​ត្រឹម​១​៦​នាក់​ក្នុង​ ​១​ ​០​០​០​កំណើត​រស់នៅ​ឆ្នាំ​២​០​២​១​-​២​០​២​២​។​

​ចំណែក​អាយុ​សង្ឃឹម​រស់​របស់​ប្រជាជន​កម្ពុជា​បាន​កើន​ឡើង​ជាលំដាប់​ ​គឺ​កើន​ពី​៥​៤​ឆ្នាំ​សម្រាប់​បុរស​និង​៥​៨​ឆ្នាំ​សម្រាប់​ស្ត្រី​នៅ​ឆ្នាំ​១​៩​៩​៨​ ​ដល់​៦​១​ឆ្នាំ​សម្រាប់​បុរស​និង​៦​៤​ឆ្នាំ​សម្រាប់​ស្ត្រី​នៅ​ឆ្នាំ​២​០​០​៨​ ​ហើយ​បន្ត​កើន​ដល់​៧​៤​,​៣​ឆ្នាំ​សម្រាប់​បុរស​និង​៧​៦​,​៨​ឆ្នាំ​សម្រាប់​ស្ត្រី​នៅ​ឆ្នាំ​២​០​១​៩​។​

​លោក​នាយករដ្ឋមន្ត្រី​ ​ហ៊ុន​ ​សែន​ ​បាន​មាន​ប្រសាសន៍ថា​៖​ ​«​នេះ​ជា​ជោគជ័យ​ដ៏​ធំធេង​ដែល​កើត​ចេញ​ពី​ការ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ​ទាំង​រាជរដ្ឋាភិបាល​ ​ទាំង​ដៃគូ​អភិវឌ្ឍ​ ​រួម​ទាំង​វិ​ស​័​យ​ឯកជន​និង​សង្គម​ស៊ីវិល​ក្នុង​ការ​កែ​លម្អ​និង​ការ​អភិវឌ្ឍ​វិ​ស​័​យ​សុខភាព​សាធារណៈ​»​។​

​លោក​បាន​បន្ត​ថា​៖​ ​«​កម្ពុជា​កំពុង​ស្ថិត​ក្នុង​
បរិ​បទ​ប្រជាសាស្ត្រ​មួយ​ល្អ​ប្រសើរ​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​ ​សេដ្ឋកិច្ច​ជាតិ​បាន​លឿន​ជាង​មុន​ ​ដោយសារ​មាន​ប្រជាជន​ក្នុង​វ័យ​ធ្វើក​ារ​ច្រើន​ ​និង​ប្រជាជន​វ័យ​ក្នុង​បន្ទុក​តិច​។​ ​ចំនួន​ប្រជាជន​វ័យ​
១​៥​-​៦​០​ឆ្នាំ​នឹង​កើន​ដល់​៦​៥​ភាគរយ​នៃ​ប្រជាជន​សរុប​ ​និង​ផល​ធៀប​វ័យ​ក្នុង​បន្ទុក​សរុប​នឹង​ថយ​ចុះ​ដល់​ចំនួន​៥​៤​នាក់​ក្នុង​ចំណោម​ប្រជាជន​វ័យ​១​៥​-​៦​០​ឆ្នាំ​១​០​០​នាក់​នៅ​ឆ្នាំ​២​០​៤​០​»​។​

​ទោះជាយ៉ាងណា​ ​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ ​ដូចជា​អត្រា​មរណភាព​មាតា​នៅ​តែ​មាន​ក​ម្រិ​ត​ខ្ពស់​ប្រៀបធៀប​ជាមួយនឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​ ​សេវា​សុខភាព​និង​សុខភាព​បន្ត​ពូជ​របស់​ស្ត្រី​មិនទាន់​គ្របដណ្តប់​ជាស​កល​ ​កម្លាំង​ពលកម្ម​ជា​ស្ត្រី​មាន​ច្រើន​ ​ក៏​ប៉ុន្តែ​ស្ត្រី​ជាច្រើន​ធ​្វើការងារ​គ្មាន​ប្រាក់​ក​ម្រៃ​ឬ​ការងារ​មាន​ប្រាក់ចំណូល​ទាប​។​

​លោកស្រី​ ​ហង្ស​ ​លី​ណា​ ​អគ្គ​នាយិកា​រ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៃ​ក្រសួងផែនការ​ ​និង​ជា​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ស្ថិតិ​ ​បាន​លើក​ឡើង​ថា​ ​អត្រា​ប្រជាជន​កម្ពុជា​កើន​ឡើង​យឺត​ដោយសារតែ​ខាង​ក្រសួង​សុខាភិបាល​បាន​ធ្វើ​កម្មវិធី​ពន្យារ​កំណើត​សម្រាប់​ស្ត្រី​ ​ដែល​បាន​ធ្វើ​ឱ្យ​កំណើត​កើន​ឡើង​យឺត​។​

​លោកស្រី​បន្ត​ថា​ ​ទោះបីជា​កម្ពុជា​មាន​កម្មវិធី​ពន្យារ​កំណើត​ក៏​ពិត​មែន​ ​ប៉ុន្តែ​ខាង​ក្រសួង​ផែនការ​បាន​ណែនាំ​ឱ្យ​ត្រួត​ពិនិត្យ​អំពី​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាជន​ផង​ដែរ​។​ ​ប្រសិន​បើ​សេដ្ឋកិច្ច​គ្រួសារ​ប្រជាជន​រីក​ចម្រើន​ ​ដែល​អាច​ទប់ទល់​​​នឹង​ជីវភាព​និង​អាច​ចិញ្ចឹម​កូន​ប្រកប​ដោយ​គុណភាព​ ​ប្រជាជន​ចង់​បាន​យក​កូន​ប៉ុន្មាន​អាស្រ័យ​លើក​ប្រជាជន​ខ្លួនឯង​ ​ប៉ុន្តែ​ប្រសិនបើ​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​របស់​ពួក​គេ​មាន​ការលំបាក​រហូតដល់​មិន​អាច​ចិញ្ចឹម​កូន​មាន​គុណ​ភាព​បានទេ​ ​ក៏​មិន​អាច​ជំរុញ​ឱ្យ​ពួក​គេ​យក​កូន​ច្រើន​បាន​នោះ​ដែរ​។​

​លោកស្រី​ ​ហង្ស​ ​លី​ណា​ ​បាន​មាន​ប្រសាសន៍​ថា​៖​ ​«​យើង​មិន​មាន​ផែន​ការកំណត់​គ្រួសារ​យក​កូន​តិច​ឬ​ច្រើន​ទេ​ ​ប៉ុន្តែ​យើង​គ្រាន់​តែ​ជា​អ្នក​ប្រមូល​ព័ត៌មាន​ ​ហើយ​ផ្ដល់​ព័ត៌មាន​នោះ​ទៅ​ខាង​ក្រសួង​សុខាភិបាល​ ​ក៏ដូចជា​អគ្គលេខាធិការ​ប្រជាជន​ ​ដើម្បី​ពួក​គាត់​រៀបចំ​គោល​នយោបាយ​សម​សម្រប​នឹង​កំណើត​សេដ្ឋកិច្ច​ជាតិ​។​ ​ប្រសិន​បើ​អត្រា​កំណើន​ប្រជាជន​កើន​ ​តែ​សេដ្ឋកិច្ច​ជាតិ​មិន​កើន​ ​នោះ​មិន​មាន​តុល្យភាព​គ្នា​ដែរ​»​។​

​តាម​គោល​នយោបាយ​ជាតិ​ប្រជាជន​ឆ្នាំ​២​០​១​៦​ ​ដល់​ឆ្នាំ​២​០​៣​០​ ​របស់​រដ្ឋាភិបាល​ ​គឺ​បាន​ទទួល​ស្គាល់​និង​គាំទ្រ​ចំពោះ​សិទ្ធិ​របស់​គូ​ស្វាមីភរិយា​ ​និង​បុគ្គល​ទាំងអស់​មាន​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​សម្រេច​ចិត្ត​ដោយសេរី​ ​និង​ដោយ​ទទួល​ខុសត្រូវ​លើ​ចំនួន​កូន​និង​ការ​ព​ន្យា​កំណើត​ ​ហើយ​បង្ក​លទ្ធភាព​ឱ្យ​ស្ត្រី​និង​ក្មេង​ស្ត្រី​ទទួល​បាន​នូវ​ព័ត៌មាន​អប់រំ​ ​សេវា​ ​និង​មធ្យោបាយ​ ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​នេះ៕

Related Posts

Previous Article

ធនាគារ​ជាតិ​​ថា​ ​អតិផរណា​ធ្លាក់ចុះ​ទាប​បំផុត​ដល់​ ​០,៤៨​ ​ភាគរយ​

Next Article

សៀវភៅកំណត់​ហេតុ​របស់​សម្តេចព្រះមហាក្សត្រី​ នរោត្តម​ មុនិនាថ​ សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ