JICA នឹងជំរុញទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែស៊ីជម្រៅ

Khmer Times Share:
រូបភាព៖ ការិយាល័យ JICA នៅកម្ពុជា

ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានសន្យាថានឹងបន្តរឹតបន្តឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន បន្ទាប់ពីមានវត្តមាននៅកម្ពុជាអស់រយៈពេល ៣០ឆ្នាំ។

លោក SANUI Kazumasa ប្រធានតំណាងការិយាល័យ JICA ប្រចាំកម្ពុជាបាននិយាយក្នុងឱកាសអបអរសាទរខួបលើកទី៣០ នៃការបង្កើតការិយាល័យ JICA នៅកម្ពុជាថា “ខ្ញុំសន្យានឹងអ្នកថា JICA នឹងតែងតែនៅជាមួយអ្នក ដើរជាមួយអ្នក ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងដើម្បីធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជាកាន់តែស៊ីជម្រៅ”។

សារ​របស់​លោក​មាន​ខ្លឹមសារ​ដូច​តទៅ៖

“ឆ្នាំ២០២៣ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសជប៉ុន និងកម្ពុជា ព្រមទាំងជាខួបលើកទី៣០ នៃការបង្កើតការិយាល័យ JICA នៅកម្ពុជា។ ខ្ញុំ​មាន​កិត្តិយស​ដែល​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​តំណាង​ការិយាល័យ JICA ប្រចាំ​ប្រទេស​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នេះ។

យើងមានមោទនភាពដែលយើងបានចូលរួមចំណែកក្នុងការកសាងមិត្តភាពដ៏រឹងមាំជាមួយប្រជាជនកម្ពុជា តាមរយៈគម្រោងសហប្រតិបត្តិការផ្សេងៗ។ ក្នុងចំណោមគម្រោងសហប្រតិបត្តិការទាំងនោះ គម្រោងផ្គត់ផ្គង់ទឹកដែលហៅថា “ភាពមហាអស្ចារ្យនៃទីក្រុងភ្នំពេញ​ (Miracle of Phnom Penh)” ផ្លូវកាត់ទន្លេចំនួនពីរដែលមានបង្ហាញនៅលើក្រដាសប្រាក់ និងការគាំទ្ររយៈពេលជាង២០ ឆ្នាំនៃច្បាប់ស៊ីវិល ដែលបច្ចុប្បន្នត្រូវបានគេស្គាល់នៅជុំវិញពិភពលោក។ សព្វថ្ងៃនេះ យើងបន្តអភិវឌ្ឍគម្រោងលើវិស័យជាច្រើន រួមមាន កសិកម្ម សុខាភិបាល អប់រំ បរិស្ថាន ការអភិវឌ្ឍន៍ជនបទ។ល។

យើងជឿជាក់ឱកាសដែលយើងមានជាច្រើនគឺជាលទ្ធផលនៃទំនាក់ទំនងប្រកបដោយការជឿទុកចិត្តដែលត្រូវបានថែរក្សាក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ យើងនឹងបន្តធ្វើសកម្មភាពជាមួយប្រជាជនកម្ពុជា មិនត្រឹមតែធ្វើអោយលទ្ធផលនៃគម្រោងរបស់យើងទទួលបានជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគិតអំពីអនាគតរួមគ្នាក្នុងដំណើរការអនុវត្តគម្រោងរបស់យើង។

ពិភពលោកបច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិជាច្រើន រួមមានជំងឺរាតត្បាត ជម្លោះ និងការប្រែប្រួលអាកាសធាតុ ហើយប្រទេសកម្ពុជាបានរងផលប៉ះពាល់យ៉ាងខ្លាំងពីវិបត្តិទាំងនេះ។ ស្ថានភាពដ៏លំបាកនេះបានធ្វើឱ្យយើងយល់ដឹងកាន់តែច្រើនអំពីបញ្ហាប្រឈមក្នុងប្រទេស ដូចជាកង្វះសេវាសាធារណៈ និងវិសមភាពដែលកំពុងមានស្រាប់។ នៅក្នុងពិភពលោកដែលពិបាកនឹងទស្សន៍ទាយអំពីអនាគត យើងត្រូវបានបង្ខំឱ្យដោះស្រាយបញ្ហាសកល ដូចជាធានាការផ្គត់ផ្គង់ធនធានធម្មជាតិ ថាមពលអោយមានស្ថិរភាព និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់ឡើងវិញ។

បន្ថែមពីលើកិច្ចខិតខំប្រឹងប្រែងដែលធ្លាប់បានធ្វើកន្លងមកដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ ចាំបាច់ត្រូវបង្កើតដំណោះស្រាយដែលមិនធ្លាប់មានពីមុនមក ដោយប្រើគំនិត និងបច្ចេកវិទ្យាថ្មីៗ។ លើសពីនេះ ត្រូវបង្កើតបរិយាកាសដែលវិស័យសាធារណៈ និងឯកជនអាចសហការជាមួយគ្នាបាន ដើម្បីបង្កើនសម្ថភាពរៀងៗខ្លួន។ ទន្ទឹមនឹងនេះ យើងក៏ត្រូវការវេទិការមួយដែលមនុស្សគ្រប់គ្នាអាចទទួលបានព័ត៌មាន និងយល់អំពីស្ថានការណ៍បានត្រឹមត្រូវ។

JICA នឹងបង្កើតបរិយាកាសដែលអនុញ្ញាតអោយមនុស្សចូលរួមដោះស្រាយបញ្ហា នៅពេលដែលពួកគេមានគំនិត និងដំណោះស្រាយតាមរយៈការផ្តល់ពត៌មានពាក់ព័ន្ធ និងឱកាសដល់សាធារណជន។ តាមរយៈការដើរតួជាមជ្ឈមណ្ឌលព័ត៌មាន និងជំរុញសកម្មភាព យើងមានបំណងគោលបំណងធំជាងមុន និងរួមចំណែកដល់ការបង្កើតសង្គមប្រកបដោយចីរភាព និងវិបុលភាព។

ខ្ញុំសន្យានឹងអ្នកថា JICA នឹងនៅក្បែរអ្នក ដើរជាមួយអ្នកជានិច្ច ហើយនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងរវាងប្រទេសជប៉ុន និងកម្ពុជា៕ AKP-Phal Sophanith

Related Posts

Previous Article

កម្ពុជា​ដណ្តើម​បាន​មេដាយ​៣​គ្រឿង​ក្នុង​ព្រឹត្តិការណ៍ប្រកួត ISTF World Tour 2023 International Soft Tennis Championship

Next Article

កម្ពុជា​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា