នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំជាន់ខ្ពស់លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម

Khmer Times Share:
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ AKP

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំជាន់ខ្ពស៉លើកទី១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម​ តាមរយៈ​ប្រព័ន្ធវីដេអូ​​កាលពី​ថ្ងៃអាទិត្យ និង​ថ្ងៃ​ចន្ទ​។

ក្នុង​សុន្ទរកថា​ លោកបាន​អបអរសាទរ​រដ្ឋាភិបាល​ចិន​ដែល​បាន​រៀបចំ​ព្រឹត្តិការណ៍​នេះ។ ពិភពលោកបាននឹងកំពុងងើបចេញពីវិបត្តិ COVID-19 ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចពិភពលោក និងប្រទេសកំពុងអភិវឌ្ឍបន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច សង្គម និង បរិស្ថាន។

លោកបានបន្តថា យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់ប្រទេសចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយ ពហុភាគីនិយម ជាពិសេស ការដាក់ចេញនូវ «គំនិតផ្តួច ផ្តើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្ដើម សន្តិសុខសកល (GSI) ដោយលោកប្រធានាធិបតី ស៊ី ជីនពីង ដែលបាននិងកំពុងក្លាយជាកម្លាំងចលករ ដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០។

លោកបានបន្តថា  នៅក្នុងបរិការណ៍សកលបច្ចុប្បន្នដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល ការលើកកម្ពស់ ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍ ពិតជាមានភាពចំបាច់ មិនអាចខ្វះបាន តាមរយៈការដាក់ចេញនូវសកម្មភាពអនុវត្តជាក់ស្ដែងលើការអភិវឌ្ឍមូលធនមនុស្ស ការកាត់បន្ថយគម្លាតឌីជីថល ការពង្រឹងខ្សែរសង្វាក់ផ្គត់ផ្គង់ ផលិតកម្មតំបន់និងសកល ការជំរុញការវិនិយោគដោយផ្ទាល់ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនិងសេដ្ឋកិច្ចបៃតង និងភាពធន់ទៅនឹងអាកាសធាតុ ព្រមទាំងការគាំទ្រផ្នែកហិរញ្ញប្បទាន ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម និងចាប់ឱ្យបាននូវកាលានុវត្តភាពនៅក្នុងប្រទេសនីមួយៗ។ ជាមួយគ្នានេះដែរ ខ្ញុំយល់ថាយើងគួរមានក្របខណ្ឌរួមមួយ ដែលគិតគូរលម្អិតពីយុទ្ធសាស្ត្រ និង យន្តការសហប្រតិបត្តិការ ជាពិសេស ការរៀបចំផែនការ និង ការផ្គត់ផ្គង់ហិរញ្ញប្បទាន សម្រាប់គម្រោងអាទិភាពនានាក្នុងការធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគំនិតផ្ដួចផ្ដើមទាំងនេះ។

លោកបានលើកឡើងទៀតថា “ទន្ទឹមនឹងនោះ ខ្ញុំមានទស្សនៈថា នៅក្នុងក្របខណ្ឌទ្វេភាគី កម្ពុជានិងចិន បានខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការដល់កម្រិតកំពូលដោយក្លាយជា «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» និង បានដាក់ចេញនូវ «សេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមកម្ពុជា-ចិននៅក្នុងយុគសម័យថ្មី (២០២៤-២០២៨)» ។

លោកបានជឿជាក់ថា ការលើកកម្ពស់កិច្ចសហប្រតិបត្តិការកម្ពុជា-ចិននេះ នឹងបំពេញបន្ថែមដល់គំនិតផ្តួចផ្តើមនានាសម្រាប់ការអភិវឌ្ឍសកលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

វេទិកានេះមានការចូលរួមពីប្រតិភូជាន់ខ្ពស់មកពី២៧ ប្រទេស និងទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការមិនមែនរដ្ឋាភិបាលអន្តរជាតិប្រហែល២០ស្ថាប័ន៕ AKP

Related Posts

Previous Article

​សហគមន៍​សកម្មភាព​មីន​គាំទ្រ​ដល់​ការ​អំពាវនាវ​របស់​លោក​នាយករដ្ឋមន្ត្រី​ប្រឆាំង​នឹង​គ្រាប់បែក​ចង្កោម​ដែល​យកមក​ប្រើ​ក្នុង​សង្គ្រាម​រុស្ស៊ី-​អ៊ុយ​ក្រែ​ន​

Next Article

ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានចំនួនប្រមាណ២៣ ពាន់លានដុល្លារនៅក្នុងឆមាសទី១