​រដ្ឋាភិបាល​ ​ចេញ​អនុក្រឹត្យ​ផ្ទេរ​ថវិកា​បន្ថែម​៥​ឆ្នាំ​ ​ដល់​រដ្ឋបាល​ឃុំ​-សង្កាត់​ ​សម្រាប់​អភិវឌ្ឍន៍​មូលដ្ឋាន​

​ហង្ស​ ​ពណ្ណរាយ​ / Khmer Times Share:
​កម្មករ​ធ្វើ​ផ្លូវ​មួយ​កន្លែងនៅ​រាជធានី​ភ្នំពេញ​។​ ​​ រូបភាព៖ ​រដ្ឋបាល​ខណ្ឌ​មានជ័យ​

 

​រដ្ឋាភិបាល​ ​ចេញ​អនុក្រឹត្យ​ផ្ទេរ​ថវិកា​រដ្ឋ​បន្ថែម​រយៈពេល​៥​ឆ្នាំ​ ​ដល់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​សម្រាប់​ចំណាយ​អភិវឌ្ឍន៍​នៅ​តាម​មូលដ្ឋាន​ ​ដើម្បី​លើក​ក​ម្ពស់​ការ​ផ្ដល់​សេវា​សាធារណៈ​ ​និង​អភិវឌ្ឍ​នៅ​មូលដ្ឋាន​។​

​ក្នុង​អនុក្រឹត្យ​ស្ដីពី​ ​ការផ្ទេរ​ធនធាន​បន្ថែម​ពី​ថវិកា​រដ្ឋ​ដល់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ ​កាលពី​ថ្ងៃចន្ទ​ ឱ្យ​ដឹង​ថា​ ​អនុក្រឹត្យ​នេះ​កំណត់​អំពី​ទំហំ​ ​ការផ្ទេរ​ ​និង​ការ​គ្រប់គ្រង​បន្ថែម​ពី​ថវិកា​រដ្ឋ​សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ ​ចាប់ពី​ឆ្នាំ​២​០​២​៤​ ​ដល់​ឆ្នាំ​២​០​២​៨​។​

​អនុក្រឹត្យ​នេះ​ ​មាន​វិសាលភាព​គ្របដណ្តប់​លើ​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​ទាំងអស់​នៅ​កម្ពុជា​ ​លើកលែងតែ​រដ្ឋបាល​សង្កាត់​ ​ចំណុះ​ឱ្យ​រាជធានី​ភ្នំពេញ​។​

​ក្នុង​អនុក្រឹត្យ​បន្ថែម​ថា​ ​ក​ម្រិ​ត​នៃ​ការផ្ទេរ​ធនធាន​បន្ថែម​នេះ​ ​ថវិកា​ឆ្នាំ​២​០​២​៤​ ​គឺ​ចំនួន​ ​១​ភាគរយ​ ​នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ ​ដែល​បាន​អនុម័ត​ឆ្នាំ​២​០​២​៣​។​ ​ថវិកា​ឆ្នាំ​
២​០​២​៥​ ​ចំនួន​ ​១​ភាគរយ​ ​នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ ​ដែល​បាន​អនុម័ត​ឆ្នាំ​២​០​២​៤​។​

​ថវិកា​ឆ្នាំ​២​០​២​៦​ ​ចំនួន​ ​១​ភាគរយ​ ​នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ ​ដែល​បាន​អនុម័ត​ឆ្នាំ​២​០​២​៥​។​ ​ថវិកា​ឆ្នាំ​
២​០​២​៧​ ​ចំនួន​ ​១​ភាគរយ​ ​នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ ​ដែល​បាន​អនុម័ត​ឆ្នាំ​២​០​២​៦​។​ថវិកា​ឆ្នាំ​២​០​២​៨​ ​ចំនួន​ ​១​ភាគរយ​ ​នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់​ជាតិ​ ​ដែល​បាន​អនុម័ត​ឆ្នាំ​២​០​២​៧​។​

​អនុក្រឹត្យ​បន្ត​ថា​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ជា​អ្នក​គ្រប់គ្រង​ថវិកា​រដ្ឋ​ដល់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​សម្រាប់​ចំណាយ​អភិវឌ្ឍន៍​មូលដ្ឋាន​ ​និង​ផ្ដល់​ទៅ​រដ្ឋបាល​ឃុំ​ ​សង្កាត់​នីមួយៗ​មុន​ដំណាច់ខែ​មិថុនា​ ​តាម​គណនី​ប្រាក់​បញ្ញើ​របស់​រដ្ឋបាល​ឃុំ​ ​សង្កាត់​។​

​អនុក្រឹត្យ​បញ្ជាក់​ថា​ ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​ត្រូវ​ផ្ទេរ​ថវិកា​ចូល​គណនី​ប្រាក់​បញ្ញើ​របស់​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​ចំនួន​៤​លើក​ ​មាន​ដូចជា​ ​លើក​ទី​១​ ​ផ្ទេរ​ ​២​៥​ភាគរយ​ ​នៃ​ថវិកា​សរុប​នៅដើម​ត្រីមាស​ទី​១​។​

​លើក​ទី​២​ ​ផ្ទេរ​ ​២​៥​ភាគរយ​ ​នៃ​ថវិកា​សរុប​នៅដើម​ត្រីមាស​ទី​២​ ​និង​លើក​ទី​៣​ ​ផ្ទេរ​ ​២​៥​ភាគរយ​ ​នៃ​ថវិកា​សរុប​នៅ​ដើម​ព្រី​មាស​ទី​៣​ ​ហើយ​លើក​ទី​៤​ ​ផ្ទេរ​ ​២​៥​ភា​គរ​យ​ ​នៃ​ថវិកា​សរុប​នៅដើម​ត្រីមាស​ទី​៤​។​

​កាសែត​ខ្មែរ​ថា​ម​ស៍ ​ពុំអាច​ទាក់ទង​លោក​ ​សក់​ ​សេដ្ឋា​ ​រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ ​ដើម្បី​បញ្ជាក់​បន្ថែម​បាន​ឡើយ​កាល​ពីម្សិលមិញ​។​

​អ្នកនាំពាក្យ​ក្រសួងសេដ្ឋកិច្ច​ ​និង​ហិរញ្ញវត្ថុ​ ​លោក​ ​គីម​ សុភៈ ​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍ ​កាល​ពីម្សិលមិញ​ថា​ ​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​នឹង​ទទួល​ថវិកា​បន្ថែម​សម្រាប់​ចំណាយ​អភិវឌ្ឍ​មូលដ្ឋាន​សរុប​ចន្លោះ​ពី​ប្រមាណ​
​៦​៣​,​១​លាន​ដុល្លារ​ ​នៅ​ឆ្នាំ​២​០​២​៤​ ​ដល់​ ​១​០​២​,​៤​ ​លាន​ដុល្លារ​ ​នៅ​ឆ្នាំ​២​០​២​៨​។​

​លោក​បន្ថែម​ថា​ ​ការ​ផ្តល់​បន្ថែម​សម្រាប់​អភិវឌ្ឍ​មូលដ្ឋាន​នេះ​ ​គឺ​មានការ​កើន​ឡើង​រៀងរាល់​ឆ្នាំ​ ​ដោយសារ​ចំណូល​ចរន្ត​ថវិកា​រដ្ឋ​មាន​កំណើន​រៀងរាល់​ឆ្នាំ​។​

​លោក​បញ្ជាក់​ថា​៖​ ​«​ការផ្ទេរ​ធនធាន​បន្ថែម​១​ភាគរយ​ ​នៃ​ចំណូល​ចរន្ត​ថវិកា​រដ្ឋ​នេះ​ ​បាន​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ ​ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​ថ្មីៗ​ ​និង​ការ​លើក​ក​ម្ពស់​ការ​ផ្តល់​សេវា​ស​ធារ​ណៈ​បន្ថែម​លើ​ធនធាន​ដែល​មាន​ស្រាប់​ ​គឺ​មូលនិធិ​ឃុំ​ ​សង្កាត់​»​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​បន្ថែម​ថា​ ​តាមរយៈ​ការ​បង្កើន​ថវិកា​ជា​រៀងរាល់​ឆ្នាំនេះ​ ​មិន​ត្រឹមតែ​ចំណាយ​អភិវឌ្ឍ​មានការ​កើន​ឡើង​ប៉ុណ្ណោះ​ទេ​ ​តែ​រដ្ឋបាល​ឃុំ​ ​សង្កាត់​ ​មានលទ្ធភាព​អនុវត្ត​ចំណាយ​ចាំបាច់​ដទៃទៀត​ ​ដូចជា​ ​ចំណាយ​លើ​សកម្មភាព​សេវា​សង្គម​ ​និង​ចំណាយ​សម្រាប់​ការងារ​គ្រប់គ្រង​អនាម័យ​ ​និង​បរិស្ថាន​ ​នៅ​មូលដ្ឋាន​ផង​ដែរ​។​

​ក្រុមប្រឹក្សា​សង្កាត់​រលាប​ ​ក្រុង​ពោធិ៍សាត់​ ​លោក​ ​ស​ ​សា​រឹម​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​ថវិកា​រដ្ឋ​ដែល​ផ្ដល់​ដល់​រដ្ឋបាល​ពី​មួយ​ឆ្នាំទៅមួយ​ឆ្នាំ​ ​ដើម្បី​អភិ​ឌ្ឍ​នៅ​មូលដ្ឋាន​មិន​គ្រប់គ្រាន់​នោះ​ទេ​ ​ព្រោះ​តម្រូវ​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនា​សម្ពន្ធ​មាន​ច្រើន​។​

​លោក​បន្ថែម​ថា​ ​រដ្ឋ​ផ្ដល់​ថវិកា​ចំនួន​ប៉ុន្មាន​ ​រដ្ឋបាល​សង្កាត់​ ​អភិវឌ្ឍ​មូលដ្ឋាន​ប៉ុណ្ណឹង​ ​គឺ​អភិវឌ្ឍ​ទៅ​តាម​លទ្ធភាព​ ​និង​ធនធាន​ដែល​មានស្រាប់​។​

​លោក​បន្ត​ថា​ ​សម្រាប់​សង្កាត់​រលាប​ ​ជា​សង្កាត់​មួយ​នៃ​ក្រុង​ពោធិ៍សាត់​ ​មាន​ទំហំ​ធំ​ទូលំទូលាយ​ ​និង​មាន​ចំនួន​ប្រជាពលរដ្ឋ​ច្រើន​ ​ដូច្នេះ​ ​ការ​អភិវឌ្ឍ​មូលដ្ឋាន​ក្នុង​ភូមិសាស្ត្រ​សង្កាត់​រលាប​ ​តម្រូវ​ការ​ខ្ពស់​ ​និង​ចំណាយ​ច្រើន​ ​ជាពិសេស​ ​លើ​ការ​កសាង​ ​ផ្លូវ​គ្រួស​ ​ផ្លូវដី​ស​ ​ផ្លូវលំ​ ​ផ្លូវ​កៅ​ស៊ូ ​និង​ស្ដារ​ប្រឡាយ​ ​ជាដើម​។​

​លោក​ ​ស​ ​សា​រឹម​ ​បញ្ជាក់​ថា​៖​ ​«​ក្នុង​មួយ​ឆ្នាំ​ ​បើ​យើង​ធ្វើ​ផ្លូវ​គ្រោះ​ក្រហម​ ​បាន​ចំនួន​២​ខ្សែ​ ​តែ​បើ​ធ្វើ​ផ្លូវ​បេតុង​ ​បាន​ត្រឹមតែ​មួយ​ខ្សែ​ ​ហើយ​បាន​ក៏​មិន​វែង​ដែរ​ ​ព្រោះ​ស​ម្ភារៈ​ធ្វើ​ផ្លូវ​ ​ថ្នល់​ ​គឺ​ថ្លៃ​»​។​

​ក្រុមប្រឹក្សា​សង្កាត់​ខាង​លើ​បន្ថែម​ថា​ ​ក្រៅ​ពី​ទទួល​បាន​ថវិកា​ពី​រដ្ឋ​ ​រដ្ឋបាល​សង្កាត់​ស្វែងរក​មូលនិធិ​ពី​សម្បុរ​ជន​នានា​បន្ថែម​ ​ដើម្បី​បូក​ផ្សំ​គ្នា​ធ្វើ​ផ្លូវ​លំ​ ​ឬ​ផ្លូវ​គ្រោះ​ ​សម្រាប់​ជា​មធ្យោបាយ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។​

​លោក​បញ្ជាក់​ថា​ ​កាលពី​អាណត្តិ​ទី​៤​ ​ដែល​លោក​ធ្វើ​ជា​ចៅសង្កាត់​រលាប​ ​គឺ​រដ្ឋបាល​សង្កាត់​របស់​លោក​ទទួល​ថវិកា​ពី​រដ្ឋ​ប្រមាណ​ជាង​ ​២​០​០​លាន​រៀល​ ​ប៉ុន្តែ​សម្រាប់​អ​ណ​ត្តិ​ទី​៥​នេះ​ ​លោក​ចាំ​មិន​ច្បាស់​ទេ​ ​ព្រោះ​ចៅ​សង្កាត់​ថ្មី​ ​ជា​អ្នកគ្រប់គ្រង​។​

​មេឃុំ​ចំណារ​លើ​ ​នៃ​ស្រុក​ស្ទោង​ ​ខេត្ត​កំពង់ធំ​ ​លោក​ ​ញឹម​ ​សា​រ៉ុ​ម​ ​បាន​ឱ្យ​ដឹង​ថា​ ​សម្រាប់​អាណត្តិ​ទី​៥​ ​រដ្ឋបាល​ឃុំ​ចំណារ​លើ​ ​ទទួល​បាន​ថវិកា​ពី​រដ្ឋ​ប្រមាណ​ ​
១​៦​០​លាន​រៀល​។​

​លោក​បន្ថែម​ថា​ ​ថវិកា​ខាងលើ​នេះ​ ​មិន​គ្រប់គ្រាន់​សម្រាប់​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​របស់​លោក​នោះ​ទេ​ ​ព្រោះ​រដ្ឋបាល​ឃុំ​ត្រូវការ​កសាង​ ​និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ជាច្រើន​បន្ថែម​ទៀត​ ​ប៉ុន្តែ​កញ្ចប់​ថវិកា​មាន​តិច​ ​គឺ​អភិវឌ្ឍ​ទៅ​តាម​លទ្ធភាព​ជាក់ស្ដែង​។​

​លោក​ ​ញឹក​ ​សា​រ៉ុ​ម​ ​បញ្ជាក់​ថា​៖​ ​«​បច្ចុប្បន្ន​ ​គម្រោង​អភិវឌ្ឍ​របស់​រដ្ឋបាល​ឃុំ​យើង​នេះ​ ​គឺ​មាន​ច្រើន​ណាស់​ ​ប៉ុន្តែ​ជំហាន​ដំបូង​យើង​ផ្ដោ​ត​សំខាន់​ទៅ​លើ​ ​សាលា​រៀន​ ​ផ្លូវ​ ​ថ្នល់​ ​និង​ហេដ្ឋា​រចនា​សម្ពន្ធ​ពាក់ព័ន្ធ​ជាច្រើន​ផ្សេង​ទៀត»៕​

Related Posts

Previous Article

គម្រោង Financial transparency corridor ត្រូវបានបង្កើតឡើងដោយកម្ពុជា និងសិង្ហបុរី ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យម

Next Article

​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅ​កំពែង​ប្រាសាទអង្គរវត្ត​ ដើម្បី​សិក្សា​ទីតាំង​មនុស្ស​ រស់នៅ​ក្នុង​សម័យ​អង្គរ​