​អាជ្ញាធរ​ជាតិ​អប្សរា​ដាំ​ឈើ​ចម្រុះ​ជាង​ពីរ​លាន​ដើម​ដោយ​ប្រើ​ពេល​ ​១​៩​ឆ្នាំ​ ​ដើម្បី​លើក​សោភ័ណ​ភាព​ប្រាសាទ​

​ត​ន​ ​វិបុល​ / Khmer Times Share:
​ក្រុម​ម​ន្រ្តី​អាជ្ញាធរ​អប្សរា​ដាំ​កូនឈើ​ក្នុង​ឧទ្យាន​អង្គរវត្ត​។​ ​រូបភាព​៖​ ​អាជ្ញាធរ​អប្សរា

​អាជ្ញាធរ​ជាតិ​អប្សរា​បាន​អះអាង​ថា​ ​ពួកគេ​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​ប្រមាណ​ពីរ​លាន​ដើម​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ដោយ​ប្រើ​ពេល​១​៩​ឆ្នាំ​ ​គឺ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៤​ ​មក​ទល់នឹង​ឆ្នាំ​២​០​២​៣​នេះ​ ​ដើម្បី​លើក​សោភ័ណ​ភាព​របស់​ប្រាសាទ​។​

ការ​អះអាង​នេះ​ធ្វើ​នៅពេលដែល​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​ដឹកនាំ​មន្ត្រី​ប្រមាណ​៥​០​០​នាក់​ ​ដើម្បី​ដាំ​កូន​ចំនួន​ ​១​ ​២​០​០​ដើម​ទៀត​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរវត្ត​ក្បែរ​ស្រះ​ទឹក​ត្រពាំង​សេស​នៅ​ថ្ងៃពុធ​។​

​ទីតាំង​ដែល​បាន​ដាំ​ស្មៅ​និង​កូនឈើ​ឡើងវិញ​នេះ​ ​ជា​ទីតាំង​ល្អ​បំផុត​នៅ​បរិវេណ​ខាងមុខ​ប្រាសាទអង្គរ​ ​ព្រោះ​ទីនេះ​ជា​អតីត​សំណង់​សម្រាប់​ដាក់​ស​ម្ភារៈ​ដែល​អាជ្ញាធរ​ជាតិ​អប្សរា​រៀបចំ​ ​ដើម្បី​បម្រើ​ការងារ​ជួសជុល​ស្ពាន​ហាល​និង​ការប្រើប្រាស់​ផ្សេងៗ​។​

​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​និយាយ​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​រៀបចំ​បរិស្ថាន​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ​ចាប់តាំង​ពី​ឆ្នាំ​២​០​០​៤​មក​ ​ជាពិសេស​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​កើន​ឡើង​កាន់តែ​ច្រើន​។​

​លោក​បន្ត​ថា​ ​រហូតមក​ទល់នឹង​ពេលនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​ប្រមាណ​ពីរ​លាន​ដើម​ដោយ​ប្រើ​ពេលវេលា​១​៩​ឆ្នាំ​ ​ហើយ​កូនឈើ​ទាំងនោះ​មិនបាន​រាប់​ប​ញ្ជូ​ល​ការចែក​ចាយ​កូនឈើ​ទៅកាន់​ស្ថាប័នរដ្ឋ​និង​ឯកជន​ឡើយ​។​

​លោក​បន្ថែម​ថា​ ​ចាប​តាំងពី​រដ្ឋាភិបាល​សម្រេច​ដាក់​ចេញ​ផែន​ការរៀបចំ​ឡើងវិញ​នៅ​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ ​ដើម្បី​ដោះស្រាយបញ្ហា​ប៉ះពាល់​ទេសភាព​វប្បធម៌​និង​តម្លៃ​ជាសាកល​របស់​រមណីយដ្ឋាន​អង្គរ​កាលពី​ឆ្នាំ​ ​២​០​២​២​ ​និង​ឆ្នាំ​២​០​២​៣​ ​ទើប​អាជ្ញាធរ​ជាតិ​អប្សរា​មានឱកាស​បង្កើន​ការថែទាំ​និង​លើក​តម្លៃ​តំបន់​រមណីយដ្ឋាន​អង្គរ​។​

ពី​ចុង​ឆ្នាំ​២​០​២​២​ ​មកដល់ពេលនេះ​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ដាំ​កូនឈើ​ចម្រុះ​គ្នា​ជាង​ ​៤​៧​ ​០​០​០​ដើម​ទៀត​នៅ​លើ​ផ្ទៃដី​ជុំវិញ​តំបន់​អង្គរ​និង​ទីតាំង​ភូមិ​ចាស់​របស់​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិត្ត​រុះរើ​លំនៅឋាន​ពី​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ទៅ​រស់នៅ​តំបន់​ថ្មី​តាម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ ​គឺ​មាននៅ​តំបន់​អភិវឌ្ឍ​រុន​តា​ឯក​ ​ស្រុក​បន្ទាយស្រី​ ​និង​ពាក់ស្នែង​ ​ស្រុក​អង្គរធំ​ ​ខេត្ត​សៀមរាប​។​

​លោក​ ​ហ​ង់ ​ពៅ​ ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​ ​បាន​លើកឡើង​ថា​ ​ការ​ដាំ​ដើមឈើ​ឡើងវិញ​ពិតជា​មាន​សារប្រយោជន៍​សំខាន់​ណាស់​សម្រាប់​ប្រាសាទបុរាណ​។​

​លោក​បាន​មានប្រសាសន៍ថា​៖​ ​«​ស្ថេរ​ភាព​របស់​ប្រាសាទ​ត្រូវ​មាន​ទំនាក់ទំនង​នឹង​ទឹក​ក្រោម​ដី​ ​ដូច្នេះ​បើសិនជា​យើង​ដាំ​ដើមឈើ​ទាំងនោះ​នឹង​ជួយ​កាត់បន្ថយ​ភាព​រំហួត​នៃ​ទឹក​នៅ​ក្រោម​ដី​។​ ​ក្នុង​នោះ​ដើមឈើ​ដែល​ដុះ​នៅ​ជិត​ប្រាសាទ​ ​គឺ​ជួយ​កាត់បន្ថយ​ក​ម្តៅ ​ដែល​ធ្វើ​ឱ្យ​ថ្ម​ប្រាសាទ​មិន​ងាយ​ប្រះ​ ​រលំ​ ​ឬ​ភាព​សិ​ក​រិ​ក​រឹល​»​។​

​លោក​បន្ត​ថា​ ​ល្បឿន​ខ្យល់​ដែល​អាច​មានផល​ប៉ះពាល់​ទៅដល់​ប្រាសាទបុរាណ​ ​ក៏​នឹង​ត្រូវ​កាត់បន្ថយ​ដោយ​ព្រៃឈើ​ទាំងនេះ​។​

​អាជ្ញាធរ​ជាតិ​អប្សរា​ស​ង្ឈឹ​ម​ថា​ ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​តំបន់​រមណីយដ្ឋាន​អង្គរ​នឹង​កាន់តែ​មាន​ភាព​ស្រស់បំព្រង​ពោ​ពេញដោយ​ព្រៃឈើ​ ​ដែល​មាន​លក្ខណៈ​លម្អ​ដល់​ប្រាសាទ​ ​និង​បន្ថែម​គុណភាព​ជីវិត​សម្រាប់​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​តំបន់​រមណីយដ្ឋាន​អង្គរ​។​

​លោកស្រី​ ​ឆាយ​ ​ស៊ី​វលី​ន​ ​ប្រធាន​សមាគម​ទេសចរណ៍​កម្ពុជា​ ​បាន​លើកឡើង​ថា​ ​ផែនការ​ដាំ​ដើមឈើ​នៅ​តំបន់​រមណីយ​អង្គរ​ ​ដើម្បី​កែ​លម្អ​ទីតាំង​នោះ​ក្លាយ​ជា​តំបន់​ពណ៌បៃតង​ដោយ​ដើមឈើ​ ​គឺ​ពិតជា​ល្អ​ប្រសើរ​សម្រាប់​ការ​លើក​សម្រស់​ប្រាសាទ​បរា​ណ​។​

​លោកស្រី​បន្ត​ថា​ ​ដើមឈើ​ទាំងនោះ​នឹង​ក្លាយ​ជា​ម្លប់​សម្រាប់​ទេសចរ​ ​ព្រោះ​នៅ​កម្ពុជា​មាន​អាកាសធាតុ​ក្ដៅ​ខ្លាំង​ក្នុង​រដូវប្រាំង​។​

​លោកស្រី​បាន​កត់​សម្គាល់​ឃើញ​ថា​ ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ព្យាយាម​រៀបចំ​ការ​បណ្ដុះ​កូនឈើ​ ​ការ​ដាំ​កូនឈើ​ ​ការ​បង្កើត​ខ្សែ​វង់​ទស្សនា​ប្រាសាទ​នានា​ ​ដែល​មាន​ភាព​ល្អ​​​ជាង​កាលពីមុន​។​ ​កិច្ចការ​ទាំងនេះ​បាន​លើក​ក​ម្ពស់​សោភ័ណ​ភាព​ប្រាសាទ​ដ៏​ទាក់ទាញ​៕​

Related Posts

Previous Article

​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​ការ​កែ​សម្រួល​អត្រា​អាករ​ពិសេស​លើ​ផលិតផល​ភេសជ្ជៈ​គ្មាន​ជាតិ​អាល់កុល​ដែល​ផលិត​ក្នុងស្រុក​

Next Article

​រដ្ឋបាល​ខេត្ត​ព្រះ​សី​ហ​នុ​ហាម​នេសាទ​និង​ចត​នាវា​លើ​គន្លង​ខ្សែ​បណ្តាញ​អគ្គិសនី​កប់​ក្រោម​បាត​សមុទ្រ​