កម្ពុជា​នឹង​ប្រកាស​លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សកល​នៅ​ថ្ងៃ​ទី​៤ ខែ​សីហា

Khmer Times Share:
លោក ហ៊ុន ម៉ាណែត បេក្ខភាព​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជាបាន​ទៅ​បោះឆ្នោត​នៅ​សាលា​បឋម​សិក្សា​ទួលគោក រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​អាទិត្យ។   KT/Yarn Soveit

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាននិយាយនៅថ្ងៃអង្គារនេះថា លទ្ធផលផ្លូវការនៃការបោះឆ្នោតសកលរបស់កម្ពុជា ជាមួយនឹងការបែងចែកអាសនៈក្នុងរដ្ឋសភា នឹងត្រូវប្រកាសនៅថ្ងៃទី៤ ខែសីហា។

យោងតាមលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះលើសលប់នៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី២៣ខែកក្កដា។

គណបក្សនយោបាយសរុបចំនួន ១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ដើម្បីជ្រើសរើសសមាជិកសភាសម្រាប់១២៥ អាសនៈ។

លទ្ធផលបណ្ដោះអាសន្នបានបង្ហាញថា គណបក្សប្រជាជនកម្ពុជាទទួលបាន ៦.៣៩៨.៣១១ សំឡេង ក្នុងចំណោមសន្លឹកឆ្នោតបានការសរុប ៧.៧៧៤.២៧៦ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦.៤៩០ សំឡេង។

ផ្អែកលើលទ្ធផលបណ្តោះអាសន្នរបស់ គ.ជ.ប គណបក្សប្រជាជនកម្ពុជាបាននិយាយថា ខ្លួនទទួលបានអាសនៈសភាចំនួន ១២០ ខណៈគណបក្សហ៊្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈដែលនៅសល់។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីកម្ពុជាជាង៣៨ឆ្នាំ បានប្រកាសកាលពីសប្តាហ៍មុនថា លោកនឹងចុះចេញពីដំណែងនៅថ្ងៃទី២២ ខែសីហា ហើយនឹងផ្ទេរតំណែងបន្តទៅកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត។

លោកបានមានប្រសាសន៍ទៀតថា រដ្ឋសភានឹងបើកសម័យប្រជុំលើកដំបូងនៅថ្ងៃទី២១ ខែសីហា ហើយគណៈរដ្ឋមន្ត្រីថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត នឹងស្បថចូលកាន់តំណែងនៅថ្ងៃទី ២២ ខែសីហា។

បច្ចុប្បន្ន លោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ៕ Xinhua

Related Posts

Previous Article

JICA នឹងជំរុញទំនាក់ទំនងរវាងកម្ពុជា និងជប៉ុនឱ្យកាន់តែស៊ីជម្រៅ

Next Article

រន្ទះបាញ់  អគ្គិភ័យ ខ្យល់ព្យុះបានឆក់យកជីវិតមនុស្សចំនួន ៩០ នាក់ ពីខែមករាដល់ខែកក្កដា