គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបាន​និយាយ​ថា គណបក្សប្រជាជនកម្ពុជា​​ទទួល​បាន​សំឡេង​គាំទ្រ ៨២.៣ ភាគរយនៅ​ក្នុង​ការ​បោះឆ្នោត

Khmer Times Share:
បុរស​ម្នាក់​ទៅ​បោះឆ្នោត​នៅ​ការិយាល័យ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី២៣ ខែ​កក្កដា ឆ្នាំ​២០២៣។ AFP

នៅថ្ងៃពុធនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យ។

គណបក្សនយោបាយសរុបចំនួន ១៨ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដែលធ្វើឡើងរៀងរាល់ ៥ ឆ្នាំម្តង ដើម្បីជ្រើសរើសសមាជិកសភាដែលមានចំនួន ១២៥ អាសនៈ។

លទ្ធផលបានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងគាំទ្រជិត ៦.៤លាន ស្មើនឹង ៨២.៣ភាគរយ នៃសន្លឹកឆ្នោតបានការសរុបចំនួន ៧.៧៧លាន ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៧១៦,៤៤៣សំឡេង ស្មើនឹង ៩,២២ភាគរយ នៃសន្លឹកឆ្នោតបានការសរុប។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បាននិយាយថា ដោយផ្អែកលើលទ្ធផលបឋមរបស់ គ.ជ.ប  គណបក្សប្រជាជនកម្ពុជា ទទួលបាន ១២០ អាសនៈ ហើយគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥ អាសនៈ។

លោកបានប្រាប់ស៊ីនហួថា “នេះគឺជាជោគជ័យដ៏អស្ចារ្យមួយទៀតសម្រាប់គណបក្សប្រជាជន ហើយពិតជាឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ប្រជាជនចំពោះការដឹកនាំរបស់គណបក្ស”។ «​យើង​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព​ដើម្បី​បន្ត​បម្រើ​ប្រជាជន​»​។

នៅក្នុងសារជាសំឡេងពិសេសមួយកាលពីថ្ងៃពុធ លោកនាយករដ្ឋមន្ត្រីបាននិយាយថា កូនប្រុសច្បងរបស់លោក គឺ លោកហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីជំនួសលោកនៅក្នុងរដ្ឋាភិបាលអាណត្តិថ្មី។

លោក ហ៊ុន សែន ដែលធ្វើជានាយករដ្ឋមន្ត្រីអស់រយៈពេលជិត៣៨ឆ្នាំ បានមានប្រសាសន៍ថា លោកនឹងប្រគល់តួនាទីឲ្យលោក ហ៊ុន ម៉ាណែត នៅថ្ងៃទី២២ ខែសីហា។

លោក ហ៊ុន ម៉ាណែត អាយុ ៤៥ឆ្នាំ បច្ចុប្បន្នជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រជាជនកម្ពុជា និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ។

ការបោះឆ្នោតសកលកាលពីថ្ងៃអាទិត្យគឺជាការបោះឆ្នោតលើកទី៧នៅ ចាប់តាំងពីឆ្នាំ១៩៩៣ មក។ កាលពីការបោះឆ្នោតក្នុងឆ្នាំ ២០១៨  គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈទាំងអស់នៅក្នុងរដ្ឋសភាដែលមានចំនួន១២៥អាសនៈ  ។

គណបក្ស​ប្រជាជន​កម្ពុជា​បាន​ដឹកនាំប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​១៩៧៩។ Xinhua

Related Posts

Previous Article

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថា សន្លឹកឆ្នោតរបស់ប្រជាជនដែលបានបោះជូនគណបក្សប្រជាជនកម្ពុជា បង្ហាញយ៉ាងច្បាស់នូវចំណុចចំនួន៣

Next Article

​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ប្រកាស​លាលែង​ពី​តំណែង​ហើយ​ជំនួស​ដោយ​លោក​ ​ហ៊ុន​ ​ម៉ា​ណែត