វៀតណាម​ក្លាយជា​ដៃគូ​ពាណិជ្ជកម្ម​ធំជាងគេ​របស់​កម្ពុជា​

Khmer Times Share:
កុងតឺន័រទំនិញនៅកំពង់ផែ Saigon ប្រទេសវៀតណាម។ រូបថត VNA

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជាក្នុងចំណោមសមាជិកនៃប្រទេសអាស៊ាន ក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣  ខណៈដែលទំហំពាណិជ្ជកម្មទ្វេភាគីមានចំនួនជិត៥០% នៃទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងសមាជិកអាស៊ានក្នុងអំឡុងពេលនោះ។

ក្នុងរយៈពេល៥ខែ ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងដល់ ២.៨ ពាន់លានដុល្លារឬស្មើ ៣% បើធៀបនឹងឆ្នាំមុន។ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញមានទំហំទឹកប្រាក់ប្រមាណ ១,៣ ពាន់លានដុល្លារ និងនាំចូលប្រមាណ ១,៥ ពាន់លានដុល្លារពីប្រទេសវៀតណាម។

ជាមួយនឹងកំណើនពាណិជ្ជកម្មវិជ្ជមានបែបនេះ វៀតណាមមិនត្រឹមតែជាប្រទេសធំជាងគេក្នុងតំបន់អាស៊ានប៉ុណ្ណោះទេ ថែមទាំងជាប់ចំណាត់ថ្នាក់ទី៣ ក្នុងចំណោមដៃគូពាណិជ្ជកម្មទាំងអស់របស់កម្ពុជា បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាមេរិកក្នុងអំឡុងពេលនោះ។

កំណើននៃការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសវៀតណាមត្រូវបានជំរុញជាចម្បងដោយផលិតផលកសិផលកាន់តែច្រើន។ ការនាំចេញសំខាន់ៗរួមមាន អង្ករ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ និងធនធានធម្មជាតិ។

ដោយឡែកការនាំចូលសំខាន់ៗពីប្រទេសវៀតណាម រួមមាន សម្ភារៈសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ឧបករណ៍អគ្គិសនី អេឡិចត្រូនិក ជី គ្រឿងទេស បន្លែ និងផ្លែឈើ។

ចំណូលពីការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយជាមធ្យមប្រចាំឆ្នាំ១៨.៥% ក្នុងអំឡុងឆ្នាំ ២០១០ – ២០១៥ និងលើសពី ២១% ក្នុងកំឡុងឆ្នាំ ២០១៥ – ២០២០។

នេះ​បើ​តាម​ទិន្នន័យ​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា ក្នុងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ វៀតណាមក៏នៅតែជាដៃគូពាណិជ្ជកម្មកំពូលមួយរបស់កម្ពុជាផងដែរ ដោយពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាង ៧៩% ពីឆ្នាំ ២០២០ ដល់ ៩.៥៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០២១។ នៅឆ្នាំ ២០២២ តួលេខនេះមានចំនួនដល់ ១០.៥៧ ពាន់លានដុល្លារ កើនឡើងជិត ១១% បើធៀបនឹងឆ្នាំមុន៕ VNA

Related Posts

Previous Article

ព្រះករុណា ព្រះមហាក្សត្រ លើកឡើងពីសារៈសំខាន់នៃព្រៃឈើ ក្នុងព្រះរាជពិធីបុណ្យរុក្ខទិវា

Next Article

ក្រុមតន្រ្តី Flame the band មកពីក្រុង Gloversville ត្រឡប់ពីដំណើរប្រគុំតន្រ្តីនៅកម្ពុជា